ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទីម័រឡេស្តេ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​អ៊ឹកធឹក​ពី​សំណាក់​មេដឹកនាំ​ទីម័រឡេស្តេ​ ដោយ​មេដឹកនាំ​ប្រទេស​នេះ​បាន​បើកបរ​ឡាន​ទៅ​ទទួល​ផ្ទាល់ ​ហើយ​ក៏​នឹង​ផ្ដល់​គ្រឿង​ឥស្សរិយយស​ដល់​លោក​ផង​ដែរ។

នៅ​ពេល​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ នីកូឡៅ លូបាតូ នាទី​ក្រុងឌីលី លោក ហ៊ុន សែន ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រធានាធិបតី​ ចូហ្សេ រ៉ាមូស អរតា នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ ដោយ​លោក​ អរតា បាន​បើក​រថយន្ត​ដោយ​ផ្ទាល់ ជូន​ដំណើរ​លោក​ ហ៊ុន​ សែន ពី​អាកាស​យានដ្ឋាន ​រហូត​ដល់​សណ្ឋាគារ​ដែល​លោក​ស្នាក់​នៅ។​

លោក អរតា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី៨​ ខែឧសភា​នេះ​ថា៖ «ហ៊ុន សែន មិត្ត​ល្អ ​មិត្ត​ជិត​ស្និទ្ធ​បំផុត មក​លេង​យើង។ អ្នក​រំដោះ និង​ជា​ស្ថាបនិក​នៃ​កម្ពុជា​សម័យ​ទំនើប។ ហ៊ុន សែន ​បាន​ដឹកនាំ​ប្រជាជន​របស់​លោក​ចេញ​ពី​អំពើ​ប្រល័យពូជសាសន៍​ ទៅ​កាន់​សន្តិភាព និង​វិបុលភាព។ ខ្ញុំ​ជា​អ្នក​បើក​ឡាន​ឱ្យ​គាត់​កាល​ពី​ម្សិល​មិញ»។


ក្រៅ​ពី​មាន​របៀប​វារៈ​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល និង សភា​នៃ​ប្រទេស​ទីម័រឡេស្តេ លោក ហ៊ុន សែន ក៏​នឹង​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ Grand Collar of the Order of Timor-Leste ផង​ដែរ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

លោក​ក៏​នឹង​ថ្លែង​សុន្ទរកថា ​និង​ធ្វើ​បាឋកថា​ក្នុង​សម័យ​ប្រជុំ​ពិសេស ​នៅ​រដ្ឋសភា​ទីម័រឡេស្តេ លើ​ប្រធាន​បទ​ «មេរៀន​របស់ ហ៊ុន សែន៖​ ពី​របប​ប្រល័យ​ពូជសាសន៍ និង​ភាព​ក្រីក្រ​ឆ្ពោះ​ទៅ​កាន់​សេរីភាព និង​វិបុលភាព»។


ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក ហ៊ុន សែន លើក​ឡើង​ថា ការ​ទទួល​បដិសណ្ឋារកិច្ច​ដ៏​អធិកអធម​នេះ គឺ​ជា​កិច្ច​តបស្នង​ទៅ​នឹង​គុណ​បំណាច់ ​និង​វិភាគទាន​ ដ៏​សំខាន់​របស់​លោ​ ហ៊ុន សែន​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ទីម័រឡេស្តេ ជាង​២ទសវត្សរ៍​កន្លង​មក ជាពិសេស ​ការ​ជំរុញ​ទីម័រឡេស្ដេ ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន។

ប្រទេស​ទីម័រឡេស្តេ ទទួល​បាន​សមាជិក​ឃ្លាំ​មើល​នៃ​សមាគម​អាស៊ាន នៅ​ឆ្នាំ​២០២២ នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្ដូរ​វេន​នៃ​សមាគម​ប្រជាជាតិ​មាន​ប្រទេស​១០ នេះ។​ នៅ​ឆ្នាំ​២០២៥​នេះ ប្រទេស​នេះ​ជិត​ចូល​ជា​សមាជិក​អាស៊ាន​ផ្លូវ​ការ​ហើយ ដោយ​បាន​បំពេញ​លក្ខខណ្ឌ​ភាគច្រើន។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា កម្ពុជា​បាន​គាំទ្រ​និង​ទទួល​ស្គាល់​ទីម័រឡេស្តេ​ជា​រដ្ឋ​ឯករាជ្យ ហើយ​ក្នុង​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ​ កម្ពុជា​តែងតែ​គាំទ្រ​ប្រទេស​នេះ​ក្នុង​ការ​ចូល​ជា​សមាជិក​អាស៊ាន។ លោក​ថា ដោយ​សារ​តែ​កម្ពុជា​ជា​កូនពៅ​ក្នុង​សមាគម​នេះ កម្ពុជា​យល់​ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​របស់​ទីម័រឡេស្តេ។ ហេតុ​ដូច្នេះ​ហើយ ទីម័រឡេស្តេ​តែង​ស្វាគមន៍​កម្ពុជា និង​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ការ​គាំទ្រ​របស់​កម្ពុជា។

សម្រាប់​ការ​ទទួល​ស្វាគមន៍​ លោក ហ៊ុន សែន ពី​សំណាក់​មេដឹកនាំ​ទីម័រឡេស្តេ វិញ លោក គិន ភា​ លើក​ឡើង​ថា លោក ហ៊ុន សែន តែង​តែ​គាំទ្រ​ និង​ជួយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ទីម័រឡេស្តេ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​របស់​ធម្មនុញ្ញ​អាស៊ាន ដើម្បី​ក្លាយ​ជា​សមាជិក​ទី១១។

លោក​បន្ត​ថា៖ «ការ​ថ្លែង​សារ​ចុង​ក្រោយ​របស់​សម្ដេច​ ហ៊ុន សែន នៅ​ក្នុង​សប្ដាហ៍​នេះ​បាន​បញ្ជាក់​ថា ការ​ចូល​រួម​របស់​ប្រទេស​ទីម័រឡេស្តេ​ជាមួយ​អាស៊ាន មិន​មែន​ជា​បន្ទុក​របស់​អាស៊ាន​ទេ ​ក៏​ប៉ុន្តែ​នឹង​ធ្វើ​អាស៊ាន​កាន់​តែ​រឹង​មាំ ហើយ​ដំណើរ​ការ​សមាហរណកម្ម​តំបន់​កាន់​តែ​គ្រប់ជ្រុងជ្រោយ។​ ដូច្នេះ​កាយ​វិការ​របស់​មេដឹកនាំ​ទីម័រឡស្តេ គឺ​ជា​ការ​គោរព​ និង​ដឹង​គុណ​ចំពោះ​កម្ពុជា និង​សម្ដេច ហ៊ុន សែន ចំពោះ​ទីម័រឡេស្តេ»៕