
លោក អ៊ឹម ឈុនហោ ជាប់ជាគ្រូបង្រៀនល្អប្រចាំប្រទេសចំណាត់ថ្នាក់លេខ ២ ដែលបង្រៀននៅវិទ្យាល័យហ៊ុនសែន អង្គរប្រិយ៍ ស្រុកសំរោង ខេត្ដតាកែវ រូបថតជាមួយសិស្សជ័យលាភីទាំង ៤របស់លោក។ រូបថត សហការី
ភ្នំពេញ៖ ភ្លេងឆៃយ៉ាំបន្លឺឡើងស្របពេលសំឡេងឃោសនៈស័ព្ទបន្ទរពីការអបអរយុវសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្វាគមន៍ម្ចាស់ជ័យលាភីសិស្សពូកែផ្នែកគណិតវិទ្យាទូទាំងប្រទេស ឆ្នាំ២០២៥។
ក្បួនដង្ហែអបអរសិស្សពូកែទូទាំងប្រទេសត្រូវបានធ្វើឡើងដោយចាកចេញពីវិទ្យាល័យរបស់សិស្ស ចាន់ សុវណ្ណរាជ កាត់តាមភូមិឋាន ដែលទទួលបានការកោតសរសើរ និងកោតស្ញប់ស្ញែងចំពោះការដណ្ដើមយកជ័យលាភីមួយនេះ។
យុវសិស្ស ចាន់ សុវណ្ណរាជ បាននិយាយថា ការខិតខំប្រឹងប្រែងគឺជាអាវុធដែលនាំឱ្យមានភាពជោគជ័យក្នុងការប្រជែងយកតំណែងលេខ១ លើវិញ្ញាសារគណិតវិទ្យាទូទាំងប្រទេស។
ដោយប្រឹងប្រែងលើមុខវិជ្ជាស្នូលនេះតាំងពីកម្រិតថ្នាក់ទី៧ និងរៀនត្រៀមសម្រាប់ប្រឡងសិស្សពូកែតាំងពីថ្នាក់ទី១០ សុវណ្ណរាជ បានបែងចែកពេលវេលាសិក្សារវាងមុខវិជ្ជាទូទៅសម្រាប់ប្រឡងសញ្ញាបត្រយុតិយភូមិ និងសិស្សពូកែគណិតវិទ្យា។
យុវជន សុវណ្ណរាជ បានឱ្យដឹងថា៖ «នៅពេលល្ងាច ខ្ញុំរៀនពីម៉ោង៧ រហូតដល់ម៉ោង ១១យប់ ហើយពេលព្រឹក ខ្ញុំក្រោកឡើងរៀនបន្ដទៀតពីម៉ោង ៤ ដល់ម៉ោង ៦។
សិស្សថ្នាក់ទី១២រូបនេះ បានបន្ដថា សុវណ្ណរាជ រៀនគួរបន្ថែមលើមុខវិជ្ជាគណិតវិទ្យា និងមុខវិជ្ជាដទៃទៀត។
យុវសិស្សគ្រងលាភី សុវណ្ណរាជ ទទួលបានការរៀបចំកម្មវិធីអបអរយ៉ាងពិសេសជាមួយការដង្ហែតាមក្បួនរថយន្ដ និងម៉ូតូតាមដងផ្លូវ ដោយមានការសាទរពីសំណាក់អ្នកស្រុកតាមដងផ្លូវ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ពានរង្វាន់ជ័យលាភីទាំង ៣០នាក់ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី ៩ និងថ្នាក់ទី ១២ កាលពីថ្ងៃ៣០ ខែមេសា។ រូបថត សហការី
ក្នុងពិធីប្រគល់ពានរង្វាន់បេក្ខជនទាំងអស់ និងជ័យលាភីទាំង ៣០នាក់ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី ៩ និងថ្នាក់ទី ១២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្រសួងក៏បានរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដើម្បីផ្តល់ជាឱកាសលើកទឹកចិត្តសម្រាប់សិស្សឆ្នើមបញ្ចេញសមត្ថភាព។
លោកបន្ដថា៖ «វានិងជាឱកាសសម្រាប់ក្រសួងពិនិត្យមើលអំពីអាទិភាព និងអន្តរាគមន៍ចាំបាច់នានាដើម្បីថែទាំ បំពាក់បំប៉ន និងគាំទ្រដល់ក្មួយៗសិស្សពូកែ ឱ្យកាន់តែមានសមត្ថភាពខ្លាំងថែមទៀត»។
សុវណ្ណរាជ បានសរសេរនៅលើបណ្ដាញសង្គមថា៖ «នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃដែលប្រកាសទទួលស្គាល់បេក្ខជនដែលបានប្រឡងជាប់សិស្សពូកែទូទាំងប្រទេស ជាលទ្ធផលខ្ញុំបានប្រឡងជាប់សិស្សពូកែគណិតវិទ្យាថ្នាក់ទី១២ចំណាត់ថ្នាក់លេខ១ជាលទ្ធផលដែលខ្ញុំពុំអាចនឹងរំពឹងទុកទេ»។
យុវសិស្សរូបនេះ បានថ្លែងអំណគុណជាពិសេសដល់គ្រូបង្រៀន ៣ នាក់ក្រៅពីឪពុកម្ដាយ ដែលចិញ្ចឹមបីបដាច់ និងតែងតែលើកទឹកចិត្ដរូបគេរៀងរហូតមក។
សុវណ្ណរាជ បានសរសេរថា លោកគ្រូ ចាន់ សារី ជាលោកគ្រូដំបូងគេដែលជួយបង្រៀនគណិតវិទ្យាខ្លួន លោកគ្រូ ហ៊ឹម បុត្រា បានបង្រៀនគណិតវិទ្យា និងបំប៉នតាំងពីថ្នាក់សាលារហូតដល់ថ្នាក់ជាតិ ខណៈលោកគ្រូ អ៊ឹម ឈុនហោ បានជួយបំប៉នត្រៀមប្រឡងថ្នាក់ជាតិ។
ពាក្យពេចន៍ផ្ដាំផ្ញើដ៏សាមញ្ញ តែមិនងាយអនុវត្ដសម្រាប់មនុស្សទូទៅ យុវសិស្សមកពីខេត្ដព្រៃវែងរូបនេះ បានបញ្ជាក់ថា សិស្សានុសិស្សត្រូវខិតខំព្យាយាមប្រឹងប្រែង តស៊ូរៀនសូត្រ កុំបោះបង់ចោលនូវក្ដីស្រមៃចង់ក្លាយជាម្ចាស់ជ័យលាភីទូទាំងប្រទេស។
ការប្តេជ្ញាចិត្តដើរតួជាការបំផុសគំនិតដល់សិស្សានុសិស្សដទៃ ដោយបង្ហាញថា ជាមួយនឹងការផ្តោតអារម្មណ៍ និងការខិតខំប្រឹងប្រែង ភាពជោគជ័យស្ថិតនៅមិនឆ្ងាយពីដៃ។
កត្តាសំខាន់មួយក្នុងភាពជោគជ័យរបស់ សុវណ្ណរាជ គឺការណែនាំពីគ្រូគណិតវិទ្យា គឺលោក អ៊ឹម ឈុនហោ ដែលបានបង្រៀនតាមប្រព័ន្ធអនឡាញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក អ៊ឹម ឈុនហោ ជាគ្រូបង្រៀនគណិតវិទ្យា បាននិយាយថា៖ «ខ្ញុំបង្រៀនពួកគាត់តាមរយៈអនឡាញដោយសារយើងនៅឆ្ងាយពីគ្នា។ ខ្ញុំនៅខេត្ដតាកែវ គាត់នៅព្រៃវែង នៅកំពង់ចាម នៅបាត់ដំបង និងតាកែវ ដែលឆ្ងាយពីគ្នា»។
លោកគ្រូ បានឱ្យដឹងថា យុវសិស្ស សុវណ្ណរាជ បានរៀនគួរតាមអនឡាញជាមួយលោកត្រឹមរយៈពេល ៣ខែចុងក្រោយ ដោយមានសិស្សត្រៀមប្រឡងកម្រិតទូទាំងប្រទេសមានចំនួន៨នាក់ និងបានជាប់លេខ ៤នាក់។
លោក ឈុនហោ បានរំឭកថា៖ «ខ្ញុំចាប់ផ្ដើមបង្រៀនគួរគណិតវិទ្យាតាមអនឡាញ២-៣ឆ្នាំដែរហើយ។ ឆ្នាំទៅ សិស្សរបស់ខ្ញុំប្រឡងជាប់៣នាក់ ក្នុងកម្រិតទូទាំងប្រទេសលេខ២ លេខ៣ និងលេខ៤»។
លោកគ្រូគណិតវិទ្យាដែលនិយាយដាក់ខ្លួនរូបនេះ បានឱ្យដឹងថា លោកមិនមែនជាគ្រូពូកែនោះទេ គ្រាន់តែជួយតម្រង់ផ្លូវ ប្រាប់ពីវិធីរៀន ប្រាប់ពីឯកសារវិញ្ញាសារ។ សិស្សានុសិស្សទាំងនោះជាបុគ្គលរៀនពូកែស្រាប់ ខួរក្បាលល្អ ដោយលោកគ្រាន់តែជាទីប្រឹក្សាម្នាក់ប៉ុណ្ណោះ។
លោក ឈុនហោ បានពន្យល់ថា ការបង្រៀនតាមអនឡាញដែលគ្រូ និងសិស្សស្ថិតនៅទីតាំងឆ្ងាយពីគ្នា តែបង្កើតប្រសិទ្ធភាពខ្ពស់ ដោយសិស្សរបស់លោកមានគុណភាព គឺដោយសារតែការយកចិត្ដទុកដាក់របស់សិស្សផ្ទាល់ ទោះមិនអង្គុយជុំគ្នាក៏ដោយ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សម័យមុន សិស្សរៀនបានតែជាមួយគ្រូផ្ទាល់ខ្លួន និងគ្រូនៅជិតៗទេ។ ទោះបីដឹងថា គ្រូណាពូកែ គ្រូណាល្អ ក៏គាត់មិនអាចមករៀនជាមួយបានដែរ។ ប៉ុន្ដែឥឡូវ សង្គមជឿលឿន គាត់ស្វះស្វែងរកគ្រូដែលគាត់ទុកចិត្ដ គាត់ផ្ដល់ទំនុកចិត្ដ អាចផ្ដល់ចំណេះដឹងដល់គាត់ អាចតម្រង់ផ្លូវដល់គាត់ ឆាប់ដល់គោលដៅ»។
លោកគ្រូបានអះអាងថា ការរៀន និងបង្រៀនតាមអនឡាញមិនមានជាបញ្ហាចោទនោះទេ។ ប៉ុន្ដែការបង្រៀននេះបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ឯកសារមុន ដូចជា លំហាត់ធរមាត្រ ជាងការបង្រៀនផ្ទាល់។
យ៉ាងណាមិញ គ្រូគណិតវិទ្យារូបនេះបានបង្រៀនសិស្សត្រៀមប្រឡងកម្រិតថ្នាក់ស្រុក ថ្នាក់ខេត្ដ និងទូទាំងប្រទេស។ នៅពេលបេក្ខជនប្រឡងជាប់ខេត្ដ លោកបន្ដបង្រៀនត្រៀមថ្នាក់ទូទាំងប្រទេស ដោយឆ្នាំ២០២៣ សិស្សរបស់លោកជាប់គណិតវិទ្យាទូទាំងប្រទេសចំនួន ៥នាក់ ឆ្នាំ២០២៤ មានសិស្សជាប់ចំនួន ៣នាក់ និងឆ្នាំ២០២៥ មានសិស្សជាប់ ៤នាក់។
លោកបានបញ្ជាក់ថា៖ «សិស្សជាប់កម្រិតថ្នាក់ទូទាំងប្រទេសក្នុងចំនួនច្រើននេះ មិនមែនមកពីកត្ដាខ្ញុំទាំងស្រុងនោះទេ។ ខ្ញុំគ្រាន់តែជួយបំពេញបន្ថែមឱ្យពួកគាត់។ ខ្ញុំមិនមែនជាគ្រូពូកែទេ គ្រាន់តែមាននិស្ស័យចូលចិត្ដខាងហ្នឹង ចូលចិត្ដសិស្សពូកែ»។
ចំពោះការបង្រៀនត្រៀមប្រឡងឆ្នាំ២០២៤ លោកគ្រូ ឈុនហោ បានបង្ហាត់សិស្សថ្នាក់ទី១២ ចំនួន ៣ ក្រុម ដោយមានម៉ោង១២-១ថ្ងៃត្រង់ ម៉ោង៨-៩ និងម៉ោង ៩-១០។
ដោយផ្ដើមពីការសរសេរសៀវភៅគណិតវិទ្យាសម្រាប់សិស្សវិទ្យាល័យត្រៀមប្រឡងបាក់ឌុប លោកគ្រូ ឈុនហរ ត្រូវបានស្គាល់ និងប្រកាសបើកបង្រៀនតាមអនឡាញ ដែលទាក់ទាញចំណាប់អារម្មណ៍សិស្សពូកែពីចុងឆ្នាំ២០២២។
លើសពីនេះ កាលពីឆ្នាំ២០២៣ លោកក៏បានជាប់ជាគ្រូបង្រៀនល្អប្រចាំប្រទេសចំណាត់ថ្នាក់លេខ ២ ដែលបង្រៀននៅវិទ្យាល័យហ៊ុនសែន អង្គរប្រិយ៍ ស្រុកសំរោង ខេត្ដតាកែវ។
ទាំងយុវជន សុវណ្ណរាជ និងលោក ឈុនហោ ជាឧទាហរណ៍ពីកម្លាំងនៃការខិតខំប្រឹងប្រែង ការលះបង់ និងសក្តានុពលនៃការរៀនតាមអ៊ីនធឺណិត ដើម្បីបង្កើតឱកាសជោគជ័យ៕