
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំ CDC ជាមួយគណៈប្រតិភូ USCC។ CDC
រាជរដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
នេះជាការអះអាងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងឱកាសនៃជំនួបជាមួយគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាមេរិក-ចិន(The U.S.-China Economic and Security Review Commission – USCC) ដែលដឹកនាំដោយ លោកស្រី Reva Price ប្រធានគណៈកម្មការ USCC ដែលបានធ្វើដំណើរមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជំនួបនេះបានធ្វើឡើងនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជាកិច្ចចាប់ផ្តើម លោក ស៊ុន ចាន់ថុល បានសម្តែងការស្វាគមន៍ និងប្រាប់គណៈប្រតិភូ USCC អំពីព័ត៌មានពាក់ព័ន្ធសំខាន់ៗអំពីសក្តានុពលនៃការបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ក៏ដូចជាកិច្ចការនានាដែលកម្ពុជាកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ជុំវិញកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក ដែលរួមមានជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (United States Trade Representative – USTR) ចំនួន២លើក និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។
លោកបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក»។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានរំលេចអំពីការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រកាសក្រសួងពាណិជ្ជកម្ម ស្តីពី នីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលទាំងអស់នេះសុទ្ធសឹងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាមេរិក។
ជាការឆ្លើយតប គណៈប្រតិភូ USCC បានសម្តែងក្តីសោមនស្សរីករាយ និងបានប្រាប់ថ្នាក់ដឹកនាំ CDC អំពីបេសកកម្មរបស់ USCC ដែលជាទីភ្នាក់ងារឯករាជ្យមួយនៃសាខានីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិកទទួលបន្ទុកលើការត្រួតពិនិត្យ ស៊ើបអង្កេត និងរាយការណ៍ទៅសភាសហរដ្ឋអាមេរិក អំពីកិច្ចការនានាពាក់ព័ន្ធនឹងសន្តិសុខនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
លើសពីនេះ ភាគី USCC ក៏បានលើកឡើងអំពីប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន(Transshipment) ដែលជាហេតុនាំឱ្យដើមកំណើតទំនិញមួយចំនួនមានការកែប្រែមុននឹងមានការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ជាមួយនឹងក្តីបារម្ភរបស់រដ្ឋាភិបាលអាមេរិកចំពោះការអនុវត្តនីតិវិធីបង្ការ និងការទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលអាមេរិកបានប្រកាសយកពន្ធគយ រហូតដល់ជាង ៣ ០០០ភាគរយចំពោះផលិតផលសូឡាផលិតនៅកម្ពុជាដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក។ នីតិវិធីនេះមិនទាន់ចូលជាផ្លូវការទេ។
ក្រៅពីនេះរដ្ឋបាលសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែមេសា(ម៉ោងនៅសហរដ្ឋអាមេរិក) ក៏បានប្រកាសដំឡើងពន្ធគយរហូតដល់ ៤៩ភាគរយសម្រាប់ទំនិញទូទៅ ដែលនាំចូលពីប្រទេសកម្ពុជាទៅទីផ្សារអាមេរិកផងដែរ ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ទោះយ៉ាងណានៅពេលកាលបរិច្ឆេទចូលមកដល់ប្រធានាធិបតីអាមេរិក លោក Donald J. Trump ក៏បានសម្រេចពន្យារពេលចំនួន ៩០ថ្ងៃ ដើម្បីបើកឱកាសឱ្យប្រទេសនីមួយៗជួបចរចាទ្វេភាគីជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
តាមការគ្រោងទុក លោក ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅជួបចរចាដោយផ្ទាល់ជាមួយអាជ្ញាធរសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
កន្លងមកកម្ពុជា និងសហរដ្ឋអាមេរិក ក៏បានជួបចរចាគ្នាតាមប្រព័ន្ធវីដេអូ ចំនួន ២ លើកមកហើយដើម្បីពិភាក្សាអំពីការចរចាខាងលើ។
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុងឆ្នាំ២០២៤ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២ភាគរយក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ក្នុងតម្លៃ ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ ខណៈអាមេរិកនាំចូលកម្ពុជាវិញ ក្នុងតម្លៃ ២៦៤,១៤ លានដុល្លារ៕