ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា មិន​មាន​ការ​ដក​ទ័ព​ពី​ប្រាសាទ​តាមាន់ ដែល​ប្រទេស​ថៃ​និង​កម្ពុជា​ចាត់​ទុក​ជា​បេតិកភណ្ឌ​របស់​ខ្លួន​​រៀងៗ​ខ្លួន​នោះ​ទេ គឺ​បន្ត​ដាក់​កម្លាំង​ពី​ភាគី​ម្ខាងៗ​ចំនួន​៥​នាក់​ដដែល។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃ​ទី៩ ខែឧសភា នេះ​បញ្ជាក់​ថា រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការ រក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួននៅទីតាំងដដែលតាមបណ្តោយព្រំដែន។

ក្រសួង​អះអាង​ថា៖ «ក្នុងន័យនេះ ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទ​តាមាន់ ដោយភាគីម្ខាងៗ​រក្សាកង កម្លាំងចំនួនប្រាំនាក់»។


ក្រសួងការពារជាតិ លើក​ឡើង​ថា ការ​សម្រេច​នេះ​ធ្វើ​ឡើង​ តាំង​ពី​ថ្ងៃទី១ ខែឧសភា នៅ​ក្នុង​កិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។

ក្រសួង​ការពារជាតិ៖ «ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន​ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ​បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ»។


ក្រសួងការពារជាតិ «ច្រានចោល និងថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រងក្នុងដែនអធិបតេយ្យរបស់កម្ពុជា»។

ក្រសួង​ការពារជាតិ៖ «នេះគឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាង»។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា រឿង​ព្រំដែន​កម្ពុជា​ថៃ ប្រៀប​ដូច​ដំបៅ​មិន​ទាន់​សះ ដែល​ងាយ​នឹង​រើ​ឡើង​វិញ។​ លោកកត់​សម្គាល់​ថា នៅ​ពេល​គណបក្ស​ពី​ខាង​ត្រកូលថាក់​ស៊ីន​ ដឹកនាំ​ប្រទេស​ថៃ ក្រុម​ប្រឆាំង​នៅ​ថៃ​តែង​យក​សន្លឹក​បៀ​រឿង​ព្រំដែន ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀម​ទំម្លាប់​ប្រពៃណី ដែនកោះ ដែន​ទឹក មក​លេង និង​ដុត​កំហឹង​សាធារណជន​ថៃ ដើម្បី​ទម្លាក់​កំហុស​លើ​គណបក្ស​កាន់​អំណាច​ថៃ គឺគណ​បក្ស​ភឿថៃ។

លោក​ថា គោល​បំណង​គឺ​ដើម្បី​ធ្វើ​ឲ្យ​រង្គោះ​រង្គើ​ផ្នែក​នយោបាយនិង​ធ្វើ​ឲ្យ​បក្ស​ភឿថៃ ចុះ​ខ្សោយ ដែល​ឧទាហរណ៍​បែប​នេះ​ធ្លាប់​កើត​ឡើង​កាល​ពី​ឆ្នាំ២០០៨ បន្ទាប់​ពី​លោក​ ​លោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋ​ប្រហារ​ឆ្នាំ​២០០៦។

លោក​ថា៖ ចរន្ត​នៃ​អ្នក​ជាតិ​និយម​ថៃ ឬ គណបក្ស​ប្រឆាំង​ថៃ ចូល​ចិត្ត​ប្រើ​សន្លឹក​បៀ​នេះ។ ទិដ្ឋភាព​ទី២ ​គឺ​ដោយសារ​តែ​ព្រំដែន​កម្ពុជា​និង​ថៃ​ ថ្វីបើ​យើង​មាន​សន្ធិសញ្ញា​បារាំង​សៀម ១៩០២ និង ១៩០៧ ក៏​ដោយ​ ចំណុច​ដែល​មិន​ទាន់​ដាច់​ស្រេច​នៅ​តែ​មាន ដែល​ដូច​ជា​ស្នាម​របួស ឬ ដូច​ភ្លើង​ដែល​ងំ ទោះ​បី​ជា​អត់​ផ្សែង​ក៏​នៅ​ងំ រក​តែ​កល់​ឆេះ»។

លោក​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ដោះស្រាយ​ និង​បោះ​បង្គោល​ព្រំដែន​នៅ​ចំណុច​ដែល​មិន​ទាន់​ឯកភាព​គ្នា​ឲ្យ​បាន​លឿន ដោយ​ផ្អែក​លើ​សន្ធិសញ្ញាបារាំង​សៀម និង សន្ធិសញ្ញា​រៀប​ចំ​ដោយ​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​​បារាំង​សៀម។

លោក​ថ្លែង​ថា៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្សែ​បន្ទាត់​ព្រំដែនរវាង​ប្រទេស​ទាំង​ពីរ​​ជា​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ជាជាង​ការ​ចិញ្ចឹម​បញ្ហា ហើយ​រក្សា​ទុក​បញ្ហា​ព្រំដែន​ជា​ដុំ​ភ្លើង​មួយ​ដែល​នៅ​កប់​រង់ចាំ​តែ​ពេល​ឆេះ​ដែល​ពិបាក​ពន្លត់»៕