
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយនិស្សិតចិនមកពីខេត្ដ គួយចូវ មកធ្វើទស្សនកិច្ចសិក្សារយៈពេល ១៤ថ្ងៃនៅកម្ពុជា។ រូបថត សហការី
ភ្នំពេញ៖ ក្នុងបំណងពង្រឹងចំណងទាក់ទងផ្នែកអប់រំ ទេសចរណ៍ និងវប្បធម៌រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី២ ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់»។
យោងតាម លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាអធិបតីក្នុងកម្មវិធីបានឱ្យដឹងថា៖ «កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល ១៤ថ្ងៃ របស់និស្សិតនៃសាកលវិទ្យាល័យ Qiannan Normal University of Nationalities ឆ្នាំ២០២៥ លើកទី២ មកកាន់ប្រទេសកម្ពុជា ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញការអប់រំរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
លោកបន្ដថា៖ «កម្មវិធីផ្លាស់ប្តូរការសិក្សាផ្ដោតជាពិសេសស្វែងយល់អំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ត្រខ្មែរ និងតំបន់ទេសចរណ៍នានា ដែលជាកេរមរតកដ៏សម្បូរបែបដែលបុព្វបុរសខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ»។
កម្មវិធីផ្លាស់ប្តូរនិស្សិតចិន ខេត្តគួយចូវ លើកទី២ «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ មានចូលរួមពីសំណាក់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី WU Haiyan តំណាងសាកលវិទ្យាធិការង និងជាប្រធាននាយកដ្ឋានការផ្លាស់ប្តូរការសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យ Qiannan Normal University of Nationalities លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា អាស៊ាន-ចិន លោកគ្រូ អ្នកគ្រូ និងនិស្សិតកម្ពុជា-ចិនជាច្រើនរូប។
លោក ជួនណារ៉ុន បានថ្លែងថា តាមរយៈកម្មវិធីនេះ សិស្ស-និស្សិត និងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា បង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ស្វែងយល់ពីតម្លៃភាសា និងពង្រឹងជំនាញ ភាពជាម្ចាស់ការ និងជំរុញកិច្ចសហប្រតិបត្តិការអប់រំ។
លោកបានឱ្យដឹងថា៖ «ពួកគេមានឱកាសសិក្សាស្វែងយល់ដោយផ្ទាល់អំពីប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ការរស់នៅរបស់ប្រជាជន តម្លៃសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចសង្គម យល់ពីតម្លៃនៃវប្បធម៌ចម្រុះជាតិសាសន៍ ដើម្បីសុខដុមនីយកម្មសង្គម ការទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាព»។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី WU Haiyan តំណាងសាកលវិទ្យាធិការង និងជាប្រធាននាយកដ្ឋានការផ្លាស់ប្តូរការសិក្សាអន្តរជាតិរបស់សាកលវិទ្យាល័យ Qiannan Normal University of Nationalities រួមទាំងគណប្រតិភូកម្ពុជា-ចិន។ រូបថត សហការី
សិស្ស-និស្សិតចិនចំនួន ៣៣នាក់ មានឱកាសរៀននិយាយភាសាខ្មែរ ក៏ដូចជាអភិវឌ្ឍជំនាញជាក់ស្តែងផ្សេងៗទៀត តាមរយៈការសិក្សា និងការអនុវត្តនៅក្នុងបរិយាកាសកម្ពុជា ក៏ដូចជាដកបទពិសោធនៃការរស់នៅក្នុងបរិបទថ្មី ដោយទីពឹងលើខ្លួនឯង។
នេះគឺជាការសាកល្បងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗក៏ដូចជាហ្វឹកហាត់សមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានា។
លោករដ្ឋមន្ដ្រីបានបន្ថែមថា៖ «កម្មវិធីនេះក៏ជាស្ពានសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងចិន តាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធបង្រៀន និងការស្រាវជ្រាវរួមគ្នា»៕