ភ្នំពេញៈ ការបើកបរលើសល្បឿនកំណត់នៅតែជាមូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរ​ណ៍​នៅកម្ពុជា បើទោះបីជាចំនួនគ្រោះថ្នាក់បានថយចុះយ៉ាងណាក៏ដោយ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានចាត់ទុក ការអនុវត្តច្បាប់ ដោយបាញ់ល្បឿន គឺជាថ្នាំព្យាបាលបញ្ហាបើកបរលើសល្បឿនកំណត់នេះ។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន៥៤៣លើក ដែលថយចុះចំនួន២៣៨លើក ឬ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលមានចំនួន៧៨១លើក។ ក្នុងនោះបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៣៤៨នាក់ ដែលថយចុះ៣៩នាក់ ឬស្មើនឹង១០ភាគរយ។ រីឯចំនួនអ្នករបួសវិញ បានថយ​ចំនួន ៣៦៧នាក់ ស្មើ៣៤ភាគរយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ក្នុងត្រីមាសទី១នេះ រួមមានការបើកបរលើសល្បឿនកំណត់៥១ ភាគរយ, មិនគោរពសិទ្ធិ២១ ភាគរយ, មិនប្រកាន់ស្តាំ១០ភាគរយ, ការវ៉ាជែង ៧ភាគរយ, ស្រវឹង៥ភាគរយ, ការបត់៣ភាគរយ, ល្មើសសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត១ភាគរយ។


ក្នុងការប្រារព្ឋទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃចន្ទ ទី៩ ខែមិថុនា ក្នុងខេត្តព្រៃវែង ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស សុខាបានលើកឡើងថា ការអនុវត្តច្បាប់ ដោយបាញ់ល្បឿន គឺជាថ្នាំព្យាបាលបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលលើសល្បឿនជាង៥០ភាគរយនេះ។

លោកឧប​នាយក​រដ្ឋមន្ត្រីបញ្ជាក់ថា៖«អ៊ីចឹងបើយើងចូលរួមទប់ស្កាត់ក្នុងការកាត់បន្ថយជំងឺ ដែលយើងឈឺច្រើនជាងគេ ៥១ភាគរយ គឺលើសល្បឿនកំណត់នេះ។ ខ្ញុំគិតថា យើងអាចកាត់បន្ថយឱ្យមកនៅ ក្រោម៣ខ្ទង់ ក្នុងរយៈពេល ២ទៅ ៣ឆ្នាំទៅមុខទៀត។ គោលដៅរបស់យើងគឺឱ្យនៅក្រោម១ពាន់នាក់ [អ្នកស្លាប់ប្រចាំឆ្នាំ]។ សួរថាច្រើនរឺទេ? នៅតែច្រើន ប៉ុន្តែយើងអត់មានជំរើស កំពុងតែអភិវឌ្ឍ វាត្រូវមានយោគយល់ នៃការអនុវតច្បាប់មួយចំនួន»។


កាលពីឆ្នាំ ២០២៤កន្លងមក យ៉ាងហោចណាស់ មនុស្សចំនួន ១ ៥០៩នាក់ បានស្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ចំនួននេះបាន ថយ​ចុះចំនួន៨១នាក់ ស្មើនឹង៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។

លោកក៏បានលើកឡើងពីការរិះគន់មួយចំនួន ចំពោះការអនុវត្តការផាកពិន័យរបស់នគរបាលចរាចរណ៍ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ផងដែរ។

លោកថ្លែងថា៖«បើយើងជិះមិនលើសល្បឿនទេ គ្មានអ្នកណាទៅផាកយើងទេ ហើយាការផាកនេះ ល្បឿនដែលលើសនេះ មិនមែន គាត់មើលនឹងភ្នែកឃើញទេ គឺមានរ៉ាដា របស់គេត្រឹមត្រូវ។ អ៊ីចឹងហើយ នេះគឺជាការចូលរួម ក្នុងការបង្ការទប់ស្កាត់ កុំឱ្យមើលទៅលើបងបងប្អូនមន្រ្តីចរាចរណ៍ ឬអ្នកអនុវត្តច្បាប់សុទ្ធសឹងតែជាអ្នកជំងឺនោះ។ ផ្ទុយទៅវិញ គឺជាអ្នកព្យាបាលទេ»។

លោកឧប​នាយក​រដ្ឋមន្ត្រីបានទទូចឱ្យប្រជាពលរដ្ឋដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ ត្រូវគិតគូរឡើងវិញ ពីមូលហេតុ ដែលសមត្ថកិច្ចអនុវត្តច្បាប់បែបនោះ។ លោកបានលើកឡើងថា នគរបាលចរាចរណ៍ មិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ហើយបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ហើយសាមីខ្លួនក៏មានសុវត្ថិភាពផងដែរ។

ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៦ នេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ និងបំផុសស្មារតីបង្កើនការប្រុងប្រយ័ត្នខ្ពស់។

លើសពីនេះ វាក៏ជាការផ្ញើសារ ណែនាំរបស់រាជរដ្ឋាភិបាល ជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចងចាំថា កម្ពុជាអាចកាត់បន្ថយគ្រោះថ្នាក់នេះបាន លុះត្រាតែអ្នកប្រើប្រាស់ផ្លូវគ្រប់រូបខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្នគ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌យោគយល់អាធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ៕