ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពាក្យស្នើសុំចូលរៀនលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ ក្នុងរយៈពេល៥០០ថ្ងៃ ដែលរួម​ចំណែក​ដល់​ការ​បង្កើន​កម្លាំងពលកម្មស្រុក។

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ នាព្រឹកថ្ងៃទី១០ ខែមិថុនា លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បាន​ឱ្យដឹងថា​ កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៣ មក​ទល់​ពេល​នេះ​មាន​រយៈពេល៥០០ថ្ងៃ​ហើយ។​

លោក​ថា ក្នុង​រយៈ​ពេល​នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពាក្យស្នើសុំចូលរៀន លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ ហើយអ្នកដែលកំពុង សិក្សារៀនសូត្រ និងបញ្ចប់ការសិក្សាមានរហូតដល់ជាង៧ម៉ឺននាក់ ដោយទទួលបានប្រាក់ខែសមរម្យ។


លោកបន្ថែមថា វិស័យដែលប្រជាពលរដ្ឋចាប់អារម្មណ៍មានដូចជា វិស័យកម្មន្តសាល (​រោងចក្រ​ផលិត ឬ​រោងចក្រ​កែច្នៃ​) មេកានិក ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម ទេសចរណ៍ កសិកម្ម សំណង់ និងថាមពលអគ្គីសនី ដែលសុទ្ធសឹងជាវិស័យអាទិភាព និងជាចលករក្នុងការជម្រុញកំណើន សេដ្ឋកិច្ចកម្ពុជា។

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាទិវារបស់ប្រជាជនកម្ពុជាទាំងមូល ហើយក្នុងឆ្នាំ២០២៥នេះ គឺជាលើកទី៨ដែលរាជរដ្ឋាភិបាលប្រារព្ធធ្វើឡើង ដែលមានរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់ យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្រៅ​ពី​នេះ​ក៏​មាន​រៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេស​ផងដែរ ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៧ម៉ឺននាក់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ុន មេសា។


លោកបន្តថា៖ «ការរៀបចំទិវាជាតិអប់រំ គឺជាការលើកកម្ពស់ និងឱ្យតម្លៃនៃការបណ្តុះបណ្តាល បច្ចេកទេស​វិជ្ជាជីវៈអប់រំ បង្ហាញសារៈសំខាន់ទៅដល់ប្រជាពលរដ្ឋ យុវសិស្ស វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ដឹងពីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈអប់រំនៅក្នុង ប្រទេសកម្ពុជា និងក្នុងគោលដៅដ៏សំខាន់មួយទៀត រដ្ឋាភិបាលចង់កសាងកម្លាំងជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស»។

លោក ហ៊ីង ស៊ីដេត អគ្គនាយក​នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានលើកឡើងផងដែរថា ស្របពេលបច្ចេកវិទ្យាកាន់តែរីកចំរើន ​ជំនាញ TVET ពិតជាដើរតួនាទីយ៉ាង សំខាន់ណាស់។ ដូច្នេះហើយរាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះជំនាញ TVET នេះកាន់តែច្រើន និងរៀបចំនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងមានការតាំងបង្ហាញ ស្នាដៃរបស់សិស្ស-និស្សិត ចំនួន ១២៨ ដូចជា​ដ្រូន ម៉ាស៊ីន​ឆុង​កាហ្វេ​ស្វ័យ​ប្រវត្តិ​ និងមានស្តង់ពិពរណ៍ចំនួន ២០៥ ដោយមានការចូលរួមពីក្រសួង ស្ថាបន័ និងវិស័យឯកជនចំនួន ១៣១៕