ភ្នំពេញៈ ក្រសួងបរិស្ថានបានព្រមានពីផលប៉ះពាល់ចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថាន​ ពីសំណល់ប្លាស្ទិកដែលកំពុងតែកើនឡើង ជាពិសេស ការដុតថង់ប្លាស្ទិក ដែលបង្កជាផ្សែងពុល ហើយអាចបង្កជំងឺផ្លូវដង្ហើម និងជំងឺមហារីកផងដែរ។

នៅក្នុងពីធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃចន្ទ ទី៩ ខែមិថុនា អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានថ្លែងថា ប្រធានបទនាឆ្នាំនេះ ពិតជាបានឆ្លុះបញ្ចាំងពីការពិត និងការព្រួយបារម្ភរបស់ពិភបលោកចំ​ពោះ​បញ្ហាប្លាស្ទិក។

លោកបន្តថា ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិត៣ដង ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។  ការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន ក្នុងនោះប្លាស្ទិកហូរចូលទៅសមុទ្រ នៅឆ្នាំ២០៥០ នឹងមានចំនួនច្រើនជាងត្រីនៅក្នុងសមុទ្រ។


លោកបញ្ជាក់ថា៖«ដោយឡែក ការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីប្រភេទខ្ពស់ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក»។

សំណល់ប្លាស្ទិក មិនងាយនឹងរលាយនោះទេ ដែលវាត្រូវការពេលវេលាចាប់ពី១០ ទៅ៨០០ឆ្នាំទៅតាមប្រភេទផ្សេងៗគ្នា។ ជារឿយៗ នៅកម្ពុជា ប្លាស្ទិកត្រូវបានគេយកទៅដុតចោល។ ប្លាស្ទិកដែលត្រូវបានគេដុត ក៏បង្កការគំរាមកំហែងដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថាវាបញ្ចេញសារធាតុគីមីដែលមានគ្រោះថ្នាក់។ ក្នុងនោះរួមមាន ឧស្ម័នកាបូនិក (CO2), ឌីអុក​ស៊ីន (Dioxins) និងហ្វូរ៉ង់ (Furans)ជាដើម។ ការបំភាយឧស្ម័នពុលពីការដុតប្លាស្ទិកទំាងនោះបានរួមចំណែកធ្វើឲ្យមានបំរែបំរួលអាកាសធាតុផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន។


ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក លោកអនុរដ្ឋលេខាធិការ អាទិត្យាបានសំណូមពរ ឱ្យប្រជាពលរដ្ឋមានការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការអនុវត្តវិធីសាស្រ្ត៤Rs ជាចាំបាច់។

វិធីសាស្រ្ត​៤Rs គឺការបដិសេធមិនប្រើប្រាស(Refuse), ការកាត់បន្ថយ (Reduce), ការប្រើប្រាស់ឡើងវិញ​​(Reuse និង ការកែច្នៃឡើងវិញ​(Recycle)។

ក្រសួងបានពន្យល់ និងណែនាំ ដល់សាធារណជនឱ្យចូលរួម«បដិសេធមិនប្រើប្រាស់(Refuse)  នូវរាល់ផលិតផលប្លាស្ទិក ដែលប្រើបានតែម្តងទាំងអស់ ដូចជា បំពង់បឺត កែវ ថង់ ដប និងប្រអប់ស្នោដាក់អាហារ។ ការកាត់បន្ថយ (Reduce) គឺធ្វើការសម្រេចចិត្តទិញ ដែលមិនប៉ះពាល់ដល់បរិស្ថាន មុនពេលទិញផលិត​ផល​ប្លាស្ទិក។

ចំពោះការប្រើប្រាស់ឡើងវិញ (Reuse) គឺប្រើប្រាស់ប្លាស្ទិកចាស់ ជាជាងទិញប្លាស្ទិកថ្មី ហើយ ការកែច្នៃ (Recycle)គឺ កែច្នៃ និងចោលប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ ជានិច្ចកាលត្រូវប្រើធុងសំរាម៕