ភ្នំពេញៈ ក្រសួងការងារស្នើឱ្យសមត្ថកិច្ច និងក្រសួងសាធារណការពិនិត្យលើការបើកបររថយន្ត និង លក្ខណៈបច្ចេកទេសយានយន្តដឹកកម្មករឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍។

គ្រោះថ្នាក់ចរាចរណ៍នៃរថយន្តដឹកកម្មករ នៅតែចោទជាបញ្ហាចម្បងមួយរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ខណៈកន្លងមករដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ហេង សួរ បាន​ប្រកាស​ឱ្យ​មានការ​រៀបចំ​មធ្យោ​បាយ​ដឹក​ជញ្ជូន​កម្មករ​រោងចក្រឱ្យ​មាន​សុវត្ថិ​ភាព ព្រម​ទាំង​មាន​ផាសុក​ភាព។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅថ្ងៃទី១០ ខែមិថុនា បាន​ឱ្យដឹងថា កន្លងមកក្រសួងការងារបានយកចិត្តទុកដាក់ក្នុងការកែប្រែរថយន្តដឹកកម្មករ ពីរថយន្តទ្រុង ឬរថយន្តកែច្នៃ មកជារថយន្តដែលមានកៅអីអង្គុយ និងមានផាសុកភាព ដោយជាលទ្ធផល ក្រសួងសង្កេតឃើញថា រថយន្តភាគច្រើនបានផ្លាស់ប្តូរមកជារថយន្តក្រុងសម្រាប់ដឹកកម្មករដែល មានសុវត្ថិភាព ប៉ុន្តែក៏នៅតែរថយន្តទ្រុង ឬរថយន្តកែច្នៃមួយចំនួននៅតែបន្តដឹកបងប្អូនកម្មករ កម្មការិនី ដដែល។


អ្នកនាំពាក្យរូបនេះបន្តថា គ្រោះថ្នាក់ចរាចរណ៍ពាក់​ព័ន្ធ​នឹង​រថយន្តដឹកកម្មករភាគច្រើនកើតឡើង ដោយសារបញ្ហាបច្ចេកទេស និងការបើក​បររបស់អ្នកបញ្ជារថយន្ត ដូច្នេះលោកស្នើឱ្យសមត្ថកិច្ច និងក្រសួងសាធារណការ​ពិនិត្យបញ្ហាខាងលើនេះ។

លោកបញ្ជាក់ថា៖ «យើងមើលរបាយការណ៍របស់ប៉ូលិសភាគច្រើនបំផុត គឺបច្ចេកទេសរថយន្ត និងជំនាញរបស់អ្នកបើកបរ ដោយសារប្រកួតប្រជែងគ្នា មិនគោរពច្បាប់ចរាចរណ៍ ឥរិយាបទនៃការប្រើប្រាស់ផ្លូវ និងអាចមានតិចតួចទាក់ទងនឹងការស្រវឹងផងដែរ ដែលជាមូលហេតុដែលធ្វើឱ្យកម្មករកម្មការិនីស្លាប់ច្រើនជាងគេ»។


ជាមួយគ្នានេះ លោកក៏អំពាវនាវឱ្យអ្នកបើកបររថយន្តទាំងអស់ ត្រូវបង្កើនវិជ្ជាជីវៈ​នៃការបើកបររបស់ខ្លួន ប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងត្រូវពិនិត្យបច្ចេកទេសរថយន្តមុនពេលធ្វើដំណើរជាចាំបាច់ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់ចរាចរណ៍៕