ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និងកីឡា ត្រៀម​ដាក់​ឱ្យ​អនុវត្ដ​សាកល្បង​នូវ​គន្លង​អប់រំ​ថ្មី រួមមាន គន្លង​វិទ្យាសាស្ត្រពិត​ វិទ្យាសាស្ត្រ​សង្គម និង​គន្លង​វិជ្ជាជីវៈ ចាប់ពី​ថ្នាក់​ទី​១០។

សេចក្ដី​ប្រកាសនេះ ធ្វើ​ឡើងក្នុង​កិច្ច​ប្រជុំ​កាលពីថ្ងៃទិ​១០ ខែ​មិថុនា ពី «​ការត្រៀម​អនុវត្ត​គន្លង​អប់រំ​ថ្មី​នៅ​មធ្យមសិក្សា​ទុតិយភូមិ​» ក្រោម​ការ​ដឹកនាំរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា។

លោក ជួនណារ៉ុន បាន​ឱ្យ​ដឹងថា​៖ «ក្រសួង​នឹង​សាកល្បង​អនុវត្ត​គន្លង​អប់រំ​ថ្មី ​រួមមាន គន្លង​វិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រ​សង្គម និង​គន្លង​វិជ្ជាជីវៈ ចាប់ពី​ថ្នាក់​ទី​១០ នៅតាម​វិទ្យាល័យ​ដែល​ស្ថិត​នៅក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់​ដែលមាន​ដំណើរការ​សេដ្ឋកិច្ច​»។​


លោក​បាន​បន្ដថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​អនុវត្ត​កម្មវិធី​អប់រំ​តម្រង់ទិស​ការសិក្សា ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​៩ នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ​នានា ស្រប​តាម​គោលដៅ​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បានថ្លែង​ពេល​បិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ឆ្នាំ​២០២៣​-២០​២​៤ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីឆ្នាំ២០២៤-២០២៥ កាលពីខែ​កុម្ភៈ​។

លោក​នាយក​រដ្ឋមន្ដ្រី​​បាន​ណែនាំក្រសួងអប់រំ ត្រូវពង្រឹង​ការអប់រំបច្ចេកទេស និងដាក់ឱ្យអនុវត្ត «គន្លងអប់រំ» តាមច្រកចំនួន៣ គឺគន្លង​វិទ្យា​សាស្ត្រ​ពិត គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងអប់រំវិជ្ជាជីវៈ នៅតាមសាលារៀន ដើម្បី​ផ្តល់​ឱ្យសិស្សានុសិស្ស និង​យុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ។


យោងតាម​សំណេរ​របស់លោក​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ បាន​បន្ដថា ​ការពិនិត្យ​ឡើងវិញ​នូវ​គន្លង​អប់រំ ត្រូវបាន​ធ្វើឡើង​ក្នុង​បរិការណ៍​មួយ​ចាំបាច់ ដែល​ប្រទេស​កម្ពុជា​ត្រូវ​រៀបចំ​ប្រព័ន្ធ​អប់រំ​របស់ខ្លួន​ឱ្យ​ឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​ដំណើ​រវិ​វត្ត​នៃ​ការអប់រំ និង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ក្នុង​សកលលោក​។

គន្លង​អប់រំ​ត្រូវ​បាន​រៀបចំ​ឡើង​​មាន​ភាពបត់បែន ​​ផ្តោតលើ​សមត្ថភាព និង​ចំណង់​ចំណូលចិត្ត​របស់​សិស្ស ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​មូលធន​មនុស្ស​ជំនាញ ឆ្លើយតប​នឹង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចកម្ពុជា កាត់បន្ថយ​អត្រា​សិស្ស​បោះបង់​នៅ​មធ្យមសិក្សា ជំរុញ​ការចូល​រៀន​នៅ​ឧ​ត្ត​មសិ​ក្សា ជាពិសេស​លើ​ជំនាញ​ស្ទែ​ម និង​ការបង្កើន​អត្រា​សិស្ស​ចាប់យក​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដែល​ចាំបាច់​សម្រាប់​ទីផ្សារការងារ​។​

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​​ក្រសួង​អប់រំ យុវជន និង​កីឡា ដឹកនាំ​​កិច្ច​ប្រជុំ​កាលពីថ្ងៃទិ​១០ ខែ​មិថុនា ពី «​ការត្រៀម​អនុវត្ត​គន្លង​អប់រំ​ថ្មី​នៅ​មធ្យមសិក្សា​ទុតិយភូមិ​»។ រូបថត សហការី

លោក ជួនណារ៉ុន បាន​ថ្លែងថា​៖ «​ការរៀបចំ​គន្លង​អប់រំ​មួយ​ដែល​ពិចារណា​លើ​ទិដ្ឋភាព​ចម្រុះ នឹង​ជំរុញ​កិច្ចពិភាក្សា​លើ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ និង​កម្មវិធីសិក្សា ដើម្បី​តម្រង់ទិស​សិស្ស​ក្នុងភូមិ​សិក្សា​នីមួយៗ​ កំណត់​លទ្ធភាព​វិនិយោគ និង​គន្លង​អប់រំ​តាម​ស្ថានភាព​សាលារៀន និង​កំណត់​គុណវុឌ្ឍិ​គ្រូបង្រៀន ស្របតាម​គន្លង​អប់រំ និង​ស្ថានភាព​សាលារៀន​ជាដើម»។​

លោកបានបន្ដថា វា​​​ផ្តល់​អត្ថប្រយោជន៍ ​ដូចជា ការបង្កើត​ថ្នាល​អ្នកវិទ្យាសាស្ត្រ ថ្នាល​សិស្ស​ពូកែ និង​ការពង្រឹង​ទំនាក់ទំន ង​និង​ភាពបត់បែន​រវាង​គន្លង​អប់រំ​ទូទៅ និង​គន្លង​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​។​

បច្ចុប្បន្ន​ក្រសួង​បាននិងកំពុង​រៀបចំសេចក្តី​ព្រាងស្តីពីសេចក្តីណែនាំ​ការតម្រង់ទិស ការអនុវត្ត​ការអប់រំ​បច្ចេកទេស និង​ការធ្វើ​មគ្គុទ្ទេសក៍​អាជីព​(Career guidance)​។

ក្រសួង​នឹង​ចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថាន​មធ្យមសិក្សា​ទាំងអស់​អនុវត្ត​កម្មវិធីអប់រំ​តម្រង់ទិស​ការសិក្សា ដើម្បីឱ្យ​សិស្ស​សិក្សា​ឈ្វេងយល់​ពី​ខ្លួនឯង រៀបចំ​ផែនការ​សិក្សា​និង​ផែនការ​អាជីព និង​ជួយ​សិស្ស​ក្នុងការ​ការសម្រេចចិត្ត​ជ្រើសរើស​គន្លង​អប់រំ​ចាប់ពី​ថ្នាក់​ទី​១០៕