
រូបតំណាង ផលិតដោយ AI។
មុនពេលភាគីទាំងពីរអង្គុយទល់មុខគ្នាដើម្បីជជែករឿងព្រំដែននៅថ្ងៃទី១៤ មិថុនានេះ ភាគីកម្ពុជាបានបញ្ជាក់ច្បាស់ថា កម្ពុជានឹងយកករណីជម្លោះព្រំដែន ៤ចំណុចទៅតុលាការយុត្តិធម៌ ICJ ខណៈដែលភាគីថៃបញ្ជាក់ជំហរចង់ចរចាជាលក្ខណៈទ្វេរភាគីដែលមានស្រាប់។
ជំហររបស់កម្ពុជាត្រូវបានបង្ហាញច្បាស់តាមរយៈការបង្កើតគណៈកម្មការរៀបចំពាក្យបណ្ដឹងទៅ ICJ សម្រាប់ចំណុចប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ជំហរនេះក៏ត្រូវបានលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើកឡើងប្រាប់ទៅប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី១០ មិថុនា ក្នុងពេលលោកចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3) នៅប្រទេសបារាំង។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងថា លោក ហ៊ុន ម៉ាណែត បានប្រាប់ទៅលោក ម៉ាក្រុង ថា កម្ពុជានៅតែមានជំហរបន្តកិច្ចសហប្រតិបត្តិការសន្តិភាពជាមួយថ្ងៃ ប៉ុន្តែ រឿង ៤ចំណុចខាងលើ គឺកម្ពុជាច្បាស់ណាស់នឹងដាក់ទៅ ICJ។
លោក ហ្សង់ហ្វ្រង់ស័រ៖ «កម្ពុជាច្បាស់ណាស់នឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ នេះជាការពិតប្រកែកមិនបាន គឺបានសម្រេចរួចហើយ ហើយកំពុងតែដំណើរការ។ គោលដៅគឺរកឲ្យឃើញដោយសន្តិវិធី ឲ្យបានឆាប់ ឲ្យបានចប់ជាស្ថាពរ ដំណោះស្រាយបញ្ហាព្រំដែននៅក្នុងតំបន់ដែលខ្ញុំលើកឡើងខាងលើនេះ ឲ្យដាច់ស្រេចជាស្ថាពរ»។
លោកពន្យល់ថា កម្ពុជាមិនចង់ទុកបញ្ហាច្រំដែលទាំងនេះឲ្យនៅបន្តវែងឆ្ងាយទៅមុខដែលអាចបង្កឲ្យកើតមានព្រឹត្តិការណ៍ផ្ទុះអាវុធជាថ្មីទេ។ លោកបញ្ជាក់ថា ក្រៅពីតំបន់នេះ កម្ពុជានៅបន្តសហការជាមួយថៃទ្វេភាគីដើម្បីវាស់វែងបោះបង្គោលព្រំដែន។
បើតាមលោក ហ្សង់ហ្វ្រង់ស័រ ប្រធានាធិបតីបារាំង បានស្ដាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ហើយថា បារាំងអាចជួយសម្របសម្រួល ដូចជាផ្ដល់ផែនទីសម្រាប់ប្រទេសទាំងពីរ។
ចំណែកភាគីថៃ បានបង្ហាញជំហរចំនួន ៣ ចំណុច ដើម្បីយកមកចរចាជាមួយភាគីកម្ពុជា។ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ Maris Sangiampongsa បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ មិថុនាថា ចំណុចទាំង ៣ នោះរួមមានស្ថានភាពធូរស្រាលពីការប្រឈមមុខដាក់គ្នាផ្នែកយោធានៅតាមព្រំដែន, ប្រតិភូថៃត្រូវធានាថាការចរចាមានភាពច្បាស់លាស់ជាងមុន និង ត្រូវបញ្ជាក់ថា ថៃមិនទទួលយកយុត្តាធិការរបស់ ICJ។
តើកម្ពុជាត្រូវមានជំហរបែបណា?
លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការដែលកម្ពុជានាំយកបញ្ហាព្រំដែនទៅ ICJ ធ្វើឲ្យថៃចាញ់ប្រៀបកម្ពុជា ដូច្នេះហើយបានជាថៃនៅតែទាមទាររកការចរចាទ្វេភាគី។
លោកថា៖ «ទឹកដីនេះជាទឹកដីរបស់កម្ពុជា ហើយខ្លួនមកបំពាន ម៉្លោះហើយ តាមផ្លូវច្បាប់គឺចាញ់ប្រៀបកម្ពុជាហើយ ហើយបើកម្ពុជាប្ដឹងទៅតុលាការ ICJ ទោះថៃយល់ព្រមឬមិនយល់ព្រម វាជារឿងរបស់គេ។ បើគេទៅហើយចាញ់ក្ដីកម្ពុជា គេនឹងអាម៉ាស់ ម៉្លោះហើយការបដិសេធនេះជាយុទ្ធសាស្ត្រមួយដើម្បីរក្សាមុខមាត់របស់គេ»។
លោកយល់ថា ការចរចាទ្វេភាគី អាចធ្វើឲ្យថៃអាចមានយុទ្ធសាស្ត្រច្រើន ដែលអាចឲ្យគេចំណេញ។ ប្រសិនបើភាគីមិនអាចរកដំណោះស្រាយបានទេ លោកប្រមើលមើលថា អាចនឹងមានការប្រឈមមុខប្រដាប់អាវុធដាក់គ្នាកាន់តែខ្លាំង។
លោក អ៊ូ ច័ន្ទរ័ត្ន៖ «កម្ពុជាត្រូវតែពង្រឹងស្មារតីខ្លួនឯង ដោយមិនអាចទន់ជ្រាយបានទេ ទាំងផ្លូវច្បាប់ ទាំងផ្លូវផ្សេងៗ។ ខ្ញុំមិនគាំទ្រទេសង្គ្រាម ប៉ុន្តែបើចៀសមិនរួចទេ ត្រូវតែប្រើកម្លាំង ព្រោះជាបូរណភាពជាតិ»។
លោកបន្តថា ការប្ដឹងទៅតុលាការអន្តរជាតិគឺធ្វើឲ្យកម្ពុជាកាន់តែមានភាពជាម្ចាស់ទៅលើតំបន់ទាំងនោះ ហើយបើឈ្នះក្ដីទៀតនោះ កម្ពុជាមានសិទ្ធិប្រើកម្លាំងដើម្បីការពារទ្រព្យសម្បត្តិនិងបូរណភាពទឹកដីរបស់ខ្លួន ក្នុងនាមជាម្ចាស់ដែលមានសិទ្ធិការពារទឹកដីរបស់ខ្លួនស្របច្បាប់។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ICJ គឺស្ថាប័នស្ថិតនៅក្រោមអំណាចរបស់អង្គការសហប្រជាជាតិ ដែលដំណើរការក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ថៃនិងកម្ពុជា សុទ្ធតែជាសមាជិករបស់អង្គការសហប្រជាជាតិដែលត្រូវគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ការមិនទទួលយកយុត្តាធិការរបស់ ICJ ស្មើនឹងមិនទទួលស្គាល់ច្បាប់ទាំងឡាយរបស់អង្គការសហប្រជាជាតិ។
លោក យង់ ពៅ ថ្លែងថា ទោះបីថៃធ្លាប់បានប្រកាសមិនទទួលយកយុត្តាធិការរបស់ ICJ រឿងប្រាសាទព្រះវិហារក៏ដោយ ក៏កាលពីឆ្នាំ១៩៦២ មេដឹកនាំថៃបានទទួលស្គាល់ ហើយធ្វើឲ្យថៃមានភាពអាម៉ាស់នៅពេលនោះ។ លោកបន្តថា ថៃទទួលបានភាពអាម៉ាស់ម្ដងទៅនៅឆ្នាំ២០១៣ នៅពេល ICJ បកស្រាយសាកលក្រមរឿងប្រាសាទព្រះវិហារហើយកម្ពុជាបានឈ្នះជាថ្មី។
ហេតុដូច្នេះហើយ លោកបន្តថា ទោះបីថៃប្រកាសយ៉ាងណាក៏ដោយ ក៏ថៃត្រូវតែទទួលយកយុត្តាធិការរបស់ ICJ ចំពោះករណីដែលកម្ពុជានឹងប្ដឹង។
លោកថ្លែងថា៖ «យើងនឹងដឹងថា រឿងនឹងកាន់តែក្ដៅនៅពេលកិច្ចប្រជុំនៅថ្ងៃទី១៤ ខែមិថុនានេះ មិនមានលទ្ធផលសមនឹងបំណងរបស់ថៃ។ ថៃនឹងបង្កើនសភាពការក្ដៅគគុកនៅព្រំដែន និងបញ្ហាផ្សេងៗទៀត»។
នៅក្រោយសាលក្រម ICJ ថៃនឹងជួបសម្ពាធផ្នែកសីលធម៌ក្រោមច្បាប់អន្តរជាតិ មុខមាត់ផ្នែកការទូត និងការដាក់សម្ពាធពីក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលបង្ខំឲ្យរដ្ឋសមាជិកគោរពសេចក្ដីសម្រេចនិងច្បាប់របស់អង្គការសហប្រជាជាតិដើម្បីរក្សានិយាម និងសណ្ដាប់ធ្នាប់សកល៕