ភ្នំពេញៈ រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាម​ម្តាយ​នៅ​ក្នុង​ព​ន្ធ​នាគារ ចំនួន៣២ម៉ឺនរៀលនៅមុនពេលសម្រាល ពេលសម្រាលកូនទោល៤០ម៉ឺនរៀល ក្រោយ​ពេល​សម្រា​ល​ រហូតកូនអាយុ២ឆ្នាំចំនួន៨០ម៉ឺនរៀល និងមានដំណាក់កាលផ្តល់ផ្សេងៗទៀត។

អនុក្រឹត្យចុះថ្ងៃទី៦​ខែមិថុនា ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនាថ្ងៃព្រហស្បតិ៍ ទី១២ មិថុនា​នេះ​បាន​ឱ្យ​ដឹង​ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងជាដំណាក់កាល។ ក្នុងនោះ ដំណាក់កាលទី១ ផ្តល់​ការ​ឧបត្ថម្ភ​ចំ​នួន៨ម៉ឺនរៀល ក្នុង១ដង ដែលផ្តល់ជាអតិបរមាចំនួន៤ដង សម្រាប់​ការ​ទទួល​សេវា​ពិនិ​ត្យផ្ទៃ​ពោះ​​មុន​ពេ​លស​ម្រាល​កូ​ន។

ដំណាក់កាលទី២ គឺផ្តល់ការឧបត្ថម្ភនៅពេលសម្រាលតែ១ដងគត់។ ក្នុងនោះរួមមាន សម្រាលកូនទោល​ទទួល​បាន ៤០ម៉ឺនរៀល, សម្រាលកូនភ្លោះ២នាក់ ទទួលបាន ៦០ម៉ឺនរៀល និងសម្រាលកូនភ្លោះ៣នាក់ ទទួល​បាន ៨០ម៉ឺនរៀល។ ក្នុងករណីសម្រាលកូនភ្លោះចំនួនលើសពីនេះ ទទួលបាន ២០ម៉ឺនរៀល សម្រាប់​កូនភ្លោះម្នាក់បន្ថែម។


ដំណាក់កាលទី៣ គឺផ្តល់ការឧបត្ថម្ភចំនួន ៨ម៉ឺនរៀល ក្នុង១ដង ដែលផ្តល់ជាអតិបរមា ចំនួន ១០ដង។ ក្នុង​នោះ ៣ដង នៅពេលទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ដង នៅ​ពេលកូនទទួល​ថ្នាំ​បង្ការរហូត ដល់កូនអាយុ២ឆ្នាំ។

ក្នុងករណីរលូតកូន កូនស្លាប់ ឬម្តាយស្លាប់ក៏នៅតែទទួលបានប្រាក់ឧបត្ថម្ភផងដែរ។ ប៉ុន្តែ បើ​ក្នុង​ក​រណី​រំ​លូត​កូន​ ការឧបត្ថម្ភសាច់ប្រាក់ត្រូវបញ្ឈប់ និងត្រូវដាក់ឱ្យចាកចេញពីកម្មវិធី។ រីឯ​ក្នុងករណីស្ត្រី​មានផ្ទៃ​ពោះ​ស្លាប់​មុន​ពេលសម្រាលកូន ឬកូនតាមម្តាយស្លាប់នៅក្នុងពន្ធនាគារ ការឧបត្ថម្ភសាច់ប្រាក់ត្រូវបញ្ឈប់ និង​ត្រូវ​ដាក់​ឱ្យចាកចេញពីកម្មវិធី។


អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោកឃៀង សុណាឌីនបានឱ្យដឹងថា អ្នកជាប់ឃុំសរុបនៅ​ពន្ធនា​គារ​ទូទាំង​ប្រទេសមាន៥៧ ០០០នាក់ ដែលក្នុងនោះមានស្រ្តី៣ ៥០០នាក់។

លោកបានបន្តថា ក្នុងចំណោមស្រ្តីទាំង៣ ៥០០នាក់នោះ ស្រ្តីមានផ្ទៃពោះមានចំនួន៥៣នាក់។ រីឯ ស្រ្តី​ជាប់​ឃុំ​មាន​កូ​នតូចក្រោមអាយុ២ឆ្នាំមាន ៩៤នាក់។

លោកបញ្ជាក់ថា៖«៥៣នាក់ហ្នឹង មានផ្ទៃពោះពេលនៅខាងក្រៅ តែដោយសារតែគាត់ជាប់ពាក់ព័ន្ធ​នឹ​ង​បទ​​ល្មើ​ស ទើបមានដីកាឃុំខ្លួននៅពន្ធនាគារ។ ចំនួននេះមានការឡើងចុះប្រចាំថ្ងៃ ទៅតាមការ​ប្រែ​ប្រួល​នៃ​អ្នក​ជាប់​ឃុំ »។

លោកបានបន្ថែមថា ច្បាប់ស្តីពីពន្ធនាគារ អនុញ្ញាតឱ្យម្តាយជាប់ឃុំចិញ្ចឹមកូនរហូតដល់​អាយុ​៣​ឆ្នាំក្នុ​ង​ព​ន្ធនា​គារ ហើយបើគិតពីចំនួនកុមារ ដែលមានអាយុដល់៣ឆ្នាំនៅជាមួយម្តាយ ក្នុងពន្ធនាគារនោះ គឺ​មាន​១១​២​នាក់។

លក្ខខណ្ឌដើម្បីទទួលបានប្រាក់ឧបត្ថម្ភ គឺស្ត្រីមានផ្ទៃពោះត្រូវមានដីកាបង្គាប់ឱ្យឃុំខ្លួន សាលក្រម ឬ​សាល​ដីកាស្ថាពរ និងស្ត្រីមានផ្ទៃពោះបានពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលសាធារណៈយ៉ាងតិច១ដង ដោយ​មានភ្ជាប់មកជាមួយនូវសៀវភៅសុខភាពមាតា ដែលចេញដោយមូលដ្ឋានសុខាភិបាល សាធារណៈ។​ចំពោះកុមារដែលម្តាយបានចុះឈ្មោះចូលក្នុងកម្មវិធីរួច កុមារនោះត្រូវបានចុះឈ្មោះដោយ ស្វ័យ​ប្រវត្តិ​ដោយ​ភ្ជាប់មកជាមួយនូវបណ្ណសុខភាពកុមារ។ រីឯ ចំពោះកុមារដែលម្តាយមិនបានចុះឈ្មោះក្នុងកម្មវិធី កុមារ​នោះ​អាចចុះឈ្មោះបាន ដោយត្រូវមានបណ្ណសុខភាពកុមារ ដីកាបង្គាប់ឱ្យឃុំខ្លួន ឬសាលក្រម ឬសាល​ដីកាស្ថាព​ររបស់ម្តាយ និងលិខិតបញ្ជាក់ការស្នាក់នៅតាមម្តាយ។

ក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានពន្ធនាគារ ជាសេនាធិការក្នុងការអនុវត្តកម្មវិធី មានតួនាទី និង​ភារ​កិច្ច សហការពង្រឹងសមត្ថភាព និងការអនុវត្តតួនាទីរបស់ពន្ធនាគារពាក់ព័ន្ធនឹងការអនុវត្តកម្មវិធី, ផ្តល់​ឯក​សា​រស​ម្រា​ប់ការចុះឈ្មោះចូលកម្មវិធីដល់ស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយ​នៅ​ក្នុង​ពន្ធនា​គារ និងផ្តល់ទិន្នន័យស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារជាដើម។

អនុក្រឹតបញ្ជាក់ថា​ រាល់ចំណាយលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុ ក្រោម​២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ ត្រូវហិរញ្ញប្បទានដោយថវិការដ្ឋ តាមរយៈ​មូល​និ​ធិ​ហិរញ្ញប្បទាន គាំពារសង្គម៕