ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​បញ្ឈប់​ការ​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​ថៃ ឬ​អាច​ឈាន​ដល់​ឈប់​ប្រើ​ទំនិញ​ថៃ ខណៈ​ដែល​ក្រុម «ជ្រុល​និយម​ថៃ​មួយ​ចំនួន គាំទ្រ​ដោយ​យោធា បន្ត​គំរាម​កំហែង​កាត់​ផ្ដាច់​សេវា​មួយ​ចំនួន​មក​កម្ពុជា»។

ផុស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​យប់​ថ្ងៃ​ទី១២​ មិថុនា​នេះ លោក​ថ្លែង​ថា៖ «កន្លង​មក​ក្រុម​ជ្រុលនិយម​ថៃ​ដោយ​មាន​ការ​គាំទ្រពី​ពួកយោធា​ដែល​និយម​សង្រ្គាម​បាន​គំរាមមកកម្ពុជាថា នឹង​កាត់ភ្លើងកាត់អ៊ីនឺណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់​អ៊ីនធឺណែត​អី បើកម្ពុជា​មាន​អ៊ីនធឺណែត​ប្រើគ្រប់គ្រាន់ហើយនោះ»។

លោក​បន្ត​ថា៖ «ខ្ញុំ​តែង​បាន​អំពាវនាវ​កុំ​ឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីក​រាលដាល​ដល់​កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែ​ពេល​នេះ​វាបាន​រីករួចស្រេច​ទៅ​ហើយ​ដូច​ជា ការបិទ​ព្រំដែន​ជាឯកតោភាគី បន្ថយ​ចំនួន​ថ្ងៃ​ស្នាក់​នៅ ជា​ឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណែត ការ​រាយ​លួស​បន្លាតាមច្រកព្រំដែនខ្លះ​ដោយធ្វើតាម​ទំនើង​ចិត្ត»។


លោក​បន្ត​ថា៖ «បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការ ចាក់​ផ្សាយ​ខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាច​ឈានទៅ​បញ្ឈប់ការនាំទំនិញ​ថៃមក​ប្រើក្នុងកម្ពុជាផងដែរ។

«កម្ពុជា​មិន​គួរខ្លាច​ថៃ​បណ្តេញពលករ​ខ្មែរ​ត្រឡប់​មក​ប្រទេស​វិញ​នោះទេ ព្រោះ​រឿង​នេះ​យើងក៏​លំបាក​ ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំង​ពលកម្មដែល​ធ្វើឲ្យសេដ្ឋកិច្ច​ថៃ​រង​ផល​ប៉ះ​ពាល់មួយផ្នែកផងដែរ»។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក។​


លោក​បញ្ជាក់​ថា៖ «រឿង​ទាំងនេះ​សុទ្ធ​តែ​ជាផ្តល់​មតិ​សម្រាប់​ការពិចារណា​តែ​រឿង គួរធ្វើ​ភ្លាម​គឺបញ្ឈប់​ការចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ថៃ​លើ​កញ្ចក់​ទូរទស្សន៍​កម្ពុជា៕