ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្ដីសម្រេច​បង្កើត​​​​គណៈ​ក​ម្មា​ធិ​ការ មន្ទីរពិសោធន៍​វិភាគ​ម្ហូបអាហារ ជា​យន្តការ​ជាតិ​ដែលមាន​គោលបំណង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​ និង​ធានា​ការអនុវត្ត​មន្ទីរពិសោធន៍​ស្របតាម​ស្តង់ដា​​អន្តរជាតិ​។

គណៈកម្មាធិការ​​នេះ​មាន​កាតព្វកិច្ច​ត្រួតពិនិត្យ​ការកំណត់ ការវាយតម្លៃ និង​ការមន្ទីរពិសោធន៍​វិភាគ​ម្ហូបអាហារ​យោង និង​មន្ទីរពិសោធន៍​វិភាគ​អាហារ​ផ្លូវការ​នៅ​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា​។​

វា​ក៏មាន​គោលបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ និង​បណ្តាញ​រវាង​មន្ទីរពិសោធន៍​ជាតិ និង​អន្តរជាតិ​ ដែល​​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​


គណៈកម្មាធិការ​នេះ​មាន​សមាសភាព​​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាប្រធាន​ ហើយ​អនុប្រធាន​ពីរនាក់ ជា​​តំណាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សមាសភាពសមាជិក​គឺជា​តំណាង​មក​ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និង​អគ្គនាយក​វាយតម្លៃ​ទទួលស្គាល់​នៃ​កម្ពុជា។


ការងារ​របស់​​គណៈកម្មាធិការ​​​ពិនិត្យ ​និង​សម្រេច​លើ​សំណើ​កំណត់​មន្ទីរពិសោធន៍​វិភាគ​ម្ហូបអាហារ​យោង និង​/​ឬ​មន្ទីរពិសោធន៍ វិភាគ​ម្ហូបអាហារ​ផ្លូវការ យោងតាម​របាយការណ៍​វាយតម្លៃ ដែល​រៀបចំ​ដោយ​លេខាធិការដ្ឋាន បន្ទាប់ពី​ទទួលបាន​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញ​មន្ទីរពិសោធន៍​។

គណៈកម្មាធិការផ្តល់​ការគាំទ្រ​ដើម្បី​លើកកម្ពស់​មន្ទីរពិសោធន៍​វិភាគ​ម្ហូបអាហារ​យោង និង​/​ឬ​មន្ទីរពិសោធន៍​វិភាគ ម្ហូបអាហារ​ផ្លូវការ ឱ្យ​ក្លាយជា​មន្ទីរពិសោធន៍​ដែលមាន​សមត្ថភាព​អនុលោម​ស្តង់ដា​អន្តរជាតិ ISO/IEC 17025 និង​ជា​មន្ទីរពិសោធន៍​ដែល​បាន​ចូលរួម​កម្មវិធី​តេស្ត​វាស់វែង​សមត្ថភាព​​​​ពី​មន្ទីរពិសោធន៍​ជំនាញ​ខ្ពស់ Proficiency Testing Program (PTP) ISO/IEC 17043។

យោងតាម​សេចក្ដីសម្រេច បានបន្ដថា៖ «​​គណៈកម្មាធិការជំរុញឱ្យមាន​បណ្តាញ​ទំនាក់ទំនង​មន្ទីរពិសោធន៍​វិភាគ​ម្ហូបអាហារ​ជាតិ​និង​អន្តរជាតិ​ សម្របសម្រួល​ក្នុងការ​ចែករំលែក ប្រមូលផ្តុំ​ព័ត៌មាន និង​ជំរុញ​ការអភិវឌ្ឍ​ជំនាញ​ដល់​មន្ទីរពិសោធន៍ វិភាគ​ម្ហូបអាហារ​ទាំងអស់​ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងប្រទេស តំបន់ និង​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​មន្ទីរពិសោធន៍​វិភាគ​ម្ហូបអាហារ​»។

គណៈកម្មាធិការ​នេះ អាច​កោះហៅ​​តំណាង​ក្រសួង ស្ថាប័ន ដៃគូ​ពាក់ព័ន្ធ​នានា និង​វិស័យ​ឯកជន ចូលរួម​ពិគ្រោះ​យោបល់​តាម​ការចាំបាច់​៕