លោក​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ហួត ហាក់ និង​មន្ត្រីរាជការ ​ព្រម​ទាំង​មហា​គ្រួសារ​វិស័យ​ទេសចរណ៍​ បាន​ចុះ​សំណេះ​សំណាល​សាក​សួរ​សុខទុក្ខ​នាយ​ទាហាន នាយទាហានរង និង​ពល​ទាហាន​នៃ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស (ទួល៩៥) ដែល​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ​តាម​បណ្តោយ​ព្រំ​ដែន។

លោក​និង​ក្រុម​ការងារ​បាន​នាំ​​នូវ​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ឧបត្ថម្ភ​ដល់​កង​ទ័ព​ដែល​​កំពុង​ការពារ​រាល់​គ្រប់​ការ​ឈ្លាន​ពាន​ទាំង​ឡាយ​ ក្នុង​បុព្វហេតុ​ការពារ​ដែន​អធិបតេយ្យភាព​ជាតិ ការពារ​ជាតិ សាសនា និងព្រះមហាក្សត្រ។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍។

ការ​ចុះ​សួរ​សុខ​ទុក្ខ​កង​ទ័ព​នេះ​ធ្វើ​ឡើង​ស្រប​តាម​អនុសាសន៍​របស់​​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត «ក្នុង​ស្មារតី​ស្នេហាជាតិ ឯកភាពជាតិ ការ​រួម​គ្នា​សាមគ្គីភាព​ជា​ធ្លុង​មួយ ​ឱ្យ​ក្លាយ​ជា​ខឿន​ការពារ​ជាតិ​ដ៏​រឹង​មាំ បង្ហាញ​ថា កង​ទ័ព​ការពារ​នៅ​ជួរ​មុខ ចំណែក​ប្រជាជន​ជា​អ្នក​នៅ​ពី​ក្រោយ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដ៏​រឹង​មាំ​ជូន​កងទ័ព»។


ទីបញ្ជាការដ្ឋានអង្គរក្ស ​ទួល៩៥ ស្ថិត​នៅ​ទិស​ព្រះវិហារ​ ក្នុង​ភូមិ​ធម្មជាតិ​សម្ដេច​តេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទីបញ្ជាការដ្ឋាន​អង្គរក្ស​​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស និង​នាយ​ទាហាន​ប្រមាណ​ ៥០០នាក់។


លោក ហួត ហាក់ និង​អ្នក​ចូល​រួម​នៃ​ក្រសួង​ទេសចរណ៍ មន្ទីរ​ទេសចរណ៍ ស្ថាប័ន​រដ្ឋ​ និង​វិស័យ​ឯកជន បាន​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគ បរិភោគ ជា​ច្រើន​ ដើម្បី​ប្រគល់​ជូន​កង​កម្លាំង​នៃ​បញ្ជា​ការដ្ឋាន​កង​អង្គរក្ស ដូចជា​អង្ករ​ចំនួន​១តោន និង​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើន​ទៀត៕