កិច្ច​ប្រជុំ​លើក​ទី៦ នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ JBC ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ចប់​ហើយ​បន្ទាប់​ពី​ធ្វើ​ឡើង​រយៈ​ពេល ២ ថ្ងៃ​ ដោយ​កម្ពុជា​យក​ឱកាស​ប្រាប់​ទៅ​ភាគី​ថៃ​ពី​ជំហរ​របស់​កម្ពុជា​មិន​ទទួល​ស្គាល់​ផែនទី​គូស​ដោយ​ភាគី​ថៃ និង​ឈប់​ពិភាក្សា​ចំណុច​ព្រំដែន​ដែល​កម្ពុជា​ដាក់​ទៅ​តុលាការICJ។

កិច្ច​ប្រជុំ​ពី​ថ្ងៃ​ទី១៤ ដល់​ទី១៥​មិថុនា​នេះ​ មាន​ប្រតិភូ​របស់​កម្ពុជា​ដឹកនាំ​ដោយ​លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា និង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​ ប្រាសាស ប្រាសាសវិនិច្ឆ័យ​ ទីប្រឹក្សា​ក្រសួង​ការបរទេស​ថៃ និង​ជា​ប្រធាន​គណៈ​កម្មការ​ចម្រុះ​ព្រំដែន​ថៃ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​​ដែល​ផ្សព្វផ្សាយ​ក្រោយ​កិច្ច​ប្រជុំ​ ភាគី​កម្ពុជា​បាន​យក​ឱកាស​នេះ​ស្នើ​ភាគី​ថៃ​ចូល​រួម​ជាមួយ​ភាគី​កម្ពុជា​ក្នុង​ការ​នាំ​យក​វិវាទ​ព្រំដែន​នៅ​តំបន់​មុំបី ​ប្រាសាទ​តាមាន់ធំ ​ប្រាសាទ​តាមាន់​តូច ​និង​ប្រាសាទ​តាក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។


លោក​ ឡាំ ជា ក៏​បាន​បញ្ជាក់​សាជាថ្មី​អំពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ចាប់​ផ្តើម​ដំណើរ​ការ​នីតិវិធី​ ច្បាប់​ដោយ​ឯករាជ្យ​ម្ចាស់ការ ​«ទោះ​បី​ជា​ភាគី​ថៃ​បដិសេធ​សមត្ថកិច្ច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក៏​ដោយ»។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «លើស​ពី​នេះ​ទៀត​ ភាគី​កម្ពុជា​អះអាង​បន្ថែម​នៅ​ចំពោះ​មុខ​ភាគី​ថៃ​ថា ចាប់​ពី​ពេល​នេះ​តទៅ​តំបន់​ទាំង​បួន​ខាង​លើ ​លែង​ជា​ប្រធានបទ ឬ​កម្មវត្ថុ​នៃ​ការ​ពិភាក្សា និង​ដោះស្រាយ​នៅ​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) កម្ពុជា-ថៃ ​ទៀត​ហើយ»។


រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ បញ្ជាក់​ដែរ​ថា៖ «ភាគីកម្ពុជា បាន​បដិសេធ​យ៉ាង​ដាច់​ខាត​មិន​ទទួល​ស្គាល់​ផែនទី​ដែល​ភាគី​ថៃ​បាន​គូស​ជា​ឯកតោភាគី​ហើយ​យក​មក​ប្រើប្រាស់​ជា​សំអាង​ ដែល​ជា​ប្រភព​ចម្បង​នាំ​មក​នូវ​ជម្លោះ​ព្រំដែន​ដ៏​រ៉ាំរ៉ៃ នា​ពេល​កន្លង​មក ក៏​ដូចជា​ ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត»។

កម្ពុជា​ជំរុញ​ឲ្យ​ភាគី​ថៃ​អនុវត្ត​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ឆ្នាំ ២០០០ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រើ​ប្រាស់​ផែនទី​មាត្រដ្ឋាន ១/២០០.០០០​ ស្រប​តាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ​បារាំង-សៀម​ឆ្នាំ​១៩០៧​ ដើម្បី​អនុវត្ត​ការងារ​ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំដែន។​

ចំណែក​ជា​ផ្លូវ​ការ​និង​មាន​លក្ខណៈ​បច្ចេក​ទស​គឺ​ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ និង​អនុម័ត​លើ​កំណត់​ហេតុ​កិច្ច​ប្រជុំ​លើក​ទី៤ របស់​អនុគណៈ​កម្មការ​ បច្ចេកទេស​ចម្រុះ​ព្រំដែន (JTSC) កម្ពុជា-ថៃ ​ចុះ​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប និង ពិនិត្យ និង​ពិភាក្សា​លើ​ការ​កែ​សម្រួល TOR ឆ្នាំ​២០០៣​ ពាក់​ព័ន្ធ​ការ​ផលិត​ផែនទី ​អ័រតូហ្វូតូ ​(ជំហាន២ ក្នុង​ចំណុច​៤ នៃ TOR)។

JBC ក៏​បាន​ពិភាក្សា និង​អនុម័ត​លើ​ការ​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ ​ចុះ​វាស់វែង និង​ខណ្ឌសីមា​ព្រំដែន​ នៅ​លើ​ដី​ជាក់​ស្តែង នៅ​ចន្លោះ​ទី​តាំង​ពិត​ប្រាកដ​នៃ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​ និង​បាន​ពិភាក្សា​លើ​សេចក្តី​ណែនាំ​លើ​ការ​វាស់​វែង​នៅ ​Sector 6 ​(ចំណុច IX នៃ​កិច្ច​ប្រជុំ​លើកទី៤​ និង​កិច្ច​ប្រជុំ​ពិសេស​របស់ ​JBC​ ឆ្នាំ​២០០៩)។

កិច្ច​ប្រជុំ​នេះ ធ្វើ​ឡើង​ស្របពេល​ដែល​កម្ពុជា បាន​បញ្ជូន​លិខិត​ផ្លូវការ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ នៅ​ថ្ងៃ​ទី១៥ មិថុនា​នេះ ចំ​ថ្ងៃ​ខួប​ទី៦៣ នៃ​ជ័យ​ជម្នះ​រឿង​ប្រាសាទ​ព្រះវិហារ​កាល​ពី​ថ្ងៃ​ទី១៥ មិថុនា ១៩៦២៕

សួស យ៉ាមី និង ថិញ រិទ្ធី