
អ្នកបើកអេស្កាវទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងករណីផ្ទុះមីនតោន ក្នុងការដ្ឋានសួនសត្វ នៃកាស៊ីណូអូស្មាច់រីសត នាព្រឹកថ្ងៃចន្ទះនេះ។ នេះជាករណីផ្ទុះមីនតោនទី២ ក្នុងរយៈពេលជាង២សប្តាហ៍ដំបូង ក្នុងខែមិថុនានេះ។ រូបថត HENG Ratana
ឧត្តរមានជ័យៈ បុរសជាអ្នកបើកបរអេស្ការវទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនមួយ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ដែលធ្វើឱ្យចំនួនជនរងគ្រោះដោយសារតែសំណល់យុទ្ធភណ្ឌសង្គ្រាមកើនឡើងដល់២២នាក់ ក្នុងឆ្នាំ២០២៥នេះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោកហេង រតនា បានឱ្យដឹងថា ករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាមនេះ បានកើតឡើង ក្នុងខណៈពេលដែលអេស្ការវទ័រមួយគ្រឿង កំពុងកាយដី ដើម្បីសាងសង់ធ្វើអគារ នៅត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។
លោកបញ្ជាក់ថា៖«ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្ការវទ័រនោះ»។
ក្នុងខណៈពេលដែលមានភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃនោះ លោកក៏បានជម្រាបជូនប្រជាពលរដ្ឋ កុំឱ្យមានការយល់ច្រឡំ រវាងការផ្ទុះមីនតោននេះ ជាមួយនឹងស្ថានការណ៍នៅព្រំដែន ដែលពុំមានការផ្ទុះអ្វីកើតឡើងនោះឡើយ។
នគរាបាលមូលដ្ឋាននៅមិនទាន់អាចផ្តល់ព័ត៌មានបន្ថែមពីហេតុការណ៍ផ្ទុះមីនតោននេះនៅឡើយទេ នៅព្រឹកថ្ងៃចន្ទនេះ។

ការផ្ទុះមីនតោននេះ បានកើតឡើងមួយសប្តាហ៍ក្រោយពីករណីផ្ទុះមីនតោនមួយ បានកើតឡើងក្នុងភូមិអូរដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់ ស្លាប់នៅកន្លែងកើតេហតុ ក្នុងដីចំការរបស់ខ្លួន។ រីឯត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង ក៏ទទួលរងការខូចខាតផងដែរ កាលពីថ្ងៃទី ១០ ខែមិថុនានេះ។
លោកហេង រតនា បានលើកឡើងថា សំណល់យុទ្ធភណ្ឌសង្គ្រាម នៅតែបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំទៅហើយយ៉ាងណាក៏ដោយ។ រាជរដ្ឋាភិបាលបាននិងកំពុងតែខិតខំកិច្ចប្រតិបត្តិការបោសសម្អាតសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម ដើម្បីរំដោះទឹកដីសុវណ្ណភូមិ ពីឃាតករលាក់មុខទាំងនេះ។
ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៥នេះ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ដែលចំនួននេះមានការថយចុះ ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់។
ក្នុងរយៈពេល៦ខែនេះ គ្រោះថ្នាក់ទាំងនេះបានសម្លាប់មនុស្សចំនួន៦នាក់ របួស និងពិការអវយវៈ ចំនួន១៤នាក់៕

