
ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ដំណាំស្រូវ១ ៤៧១ហិកតា នៅក្នុងឃុំចំនួន១៨ នៃស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ។ រូបថត ក្រសួងធនធានទឹក
កំពង់ធំៈ ជំនន់ទឹកភ្លៀងបាននឹងកំពុងតែបង្កផលប៉ះពាល់ដល់ដំណាំស្រូវជាង១ ៤០០ហិកតា នៅក្នុង១៨ឃុំ នៃស្រុកចំនួន៤ក្នុងខេត្តកំពង់ធំ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវវស្សានេះ។
ស្រុកទាំង៤ទាំងនោះ រួមមានស្រុកកំពង់ស្វាយ សណ្តាន់ ប្រាសាទសំបូរ និងស្រុកស្ទោង ដែលមានផ្ទៃដីដំណាំស្រូវប៉ះពាល់សរុបចំនួន១ ៤៧១ហិកតា របស់ប្រជាពលរដ្ឋ ១ ៣០៧គ្រួសារ គិតត្រឹមថ្ងៃទី១៥ ខែមិថុនានេះ។ នេះបើយោងតាម អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមន្នី នៅថ្ងៃចន្ទ ទី១៦ មិថុនា។
លោកមានប្រសាសន៍ថា៖«ដោយសារមានភ្លៀងធ្លាក់ប៉ុន្មានថ្ងៃនេះ ធ្វើឱ្យទឹកស្ទឹងសែនមានការកើនឡើងខ្លាំង ហើយបង្កជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ស្រុកចំនួន៤ ស្មើនឹង១៨ឃុំ ហើយបណ្តាលឱ្យខូចខាតស្រូវមួយចំនួនផងដែរ»។
កាលពីថ្ងៃទី១៥ ខែមិថុនា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា ក៏បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយផងដែរ។ នៅក្នុង ឃុំកំពង់ស្វាយ ស្រុកកំពងស្វាយនេះ មានផ្ទៃដីដំណាំស្រូវ ដែលប៉ះពាល់ចំនួន ២៤៧ហិកតា។
អភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្នបានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ទាំងនេះ កាលពីថ្ងៃទី១៣ ខែមិថុនា។

លោកបានលើកឡើងថា ឆ្នាំនេះ ទឹកជំនន់ស្ទឹងសែន និងស្ទឹងស្ទោង បានកើនឡើងលឿនមុនកាលកំណត់ ខុសពីសព្វមួយដង ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាទីតាំងមួយចំនួន។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសសុវត្ថិភាពរបស់កុមារតូចៗ។
ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥របស់ក្រសួងធនធានទឹកកាលពីថ្ងៃទី៥ខែមិថុនាបានឱ្យដឹងថា នៅក្នុងខែឧសភា ប្រទេសកម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូតអែនសូ (ENSO Neutral) ១០០ភាគរយ។ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បាតុភូតអែលនីណូ (El Niño) ១០ភាគរយ ហើយបាតុភូតអែនសូ (ENSO Neutral) បានថយចុះជាបន្តបន្ទាប់ពី ១០០ភាគរយ មកនៅ ៦០ភាគរយ ដែលជាបាតុភូតចន្លោះរវាងបាតុភូតអែលនីណូ និងឡានីញ៉ា (La Niña) ហើយបាតុភូតឡានីញ៉ា អាចនឹងកើនឡើងពី១០ភាគរយ ទៅ៣០ភាគរយ។
ក្រសួងបញ្ជាក់ថា៖«លក្ខណៈបែបនេះនឹងធ្វើឱ្យ ទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងក្នុងប្រទេសកម្ពុជាផងមានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀង ធ្លាក់ច្រើនដែលអាចបណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតាមស្ទឹង និងដៃទន្លេ»៕

អភិបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន (ស្តាំ)ដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពទឹកជំនន់ កាលពីថ្ងៃទី១៣ ខែមិថុនា។ រូបថត NUON Pharat