លិខិត​ផ្លូវ​ការ​របស់​កម្ពុជា​បាន​ទៅ​ដល់​ដៃ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី១៦ មិថុនា​នេះ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៥ មិថុនា ដើម្បី​រក​ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​ព្រំដែន​ ៤ ចំណុច។

លិខិត​នេះ​ត្រូវ​បាន​បញ្ជូន​ដោយ​លោក ប្រាក់​ សុខុន រដ្ឋមន្ត្រី​ការបរទេស​និង​ជា​ប្រធាន​រៀបចំ​ឯកសារ​ដើម្បី​ដាក់​ទៅ​ ICJ ដើម្បី​ជួយស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​វិវាទ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​តាមាន់ធំ​ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី ។

លិខិត​នេះ​បាន​ទៅ​ដល់​ ICJ ​នៅ​ទីក្រុង​ឡាអេ ហើយ​នៅ​ម៉ោង​ ៤ និង​ ៣០នាទី រសៀល​ ម៉ោង​នៅ​រាជធានី​ភ្នំពេញ ​ដោយ​លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ហូឡង់​ បាន​ប្រគល់​ដោយ​ផ្ទាល់​ដៃ​ជូន​លោក​ក្រឡា​បញ្ជី Philippe Gautier នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។


នៅ​លើ​បណ្ដាញ​សង្គម​ នៅ​ថ្ងៃ​ទី១៦ មិថុនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ជា​ថ្មី​ថា៖​ «កម្ពុជា​មិន​ដក​ថយ​ទេ ពី​ការ​ប្រើ​ប្រាស់​យន្តការ​ច្បាប់​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហាព្រំ​ដែន​កម្ពុជា-ថៃ នៅ​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី»។

លោក​បន្ត​ថា៖ «រាជរដ្ឋាភិបាល​នឹង​បន្ត​ធ្វើ​កិច្ចការ​នេះ​ប្រកប​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏​ដូច​ជា​ឧត្តម​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ខ្មែរ»។​


ចំណុច​ទាំង​​៤​នេះ​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន JBC កាល​ពី​ថ្ងៃ​ទី១៤​ដល់​ ១៥ មិថុនា​នេះ​។​

លោក Nikorndej Balankura អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៦​ មិថុនា​នេះ​ថា ការ​មិន​យក​ចំណុច​ទាំង​៤​មក​ពិភាក្សា «គឺជា​ការ​ខក​ចិត្ត​សម្រាប់​ថៃ» ដោយ​អះអាង​ថា ចំណុច​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ JBC៕