
រថយន្តដឹកទំនិញពីថៃកកស្ទះនៅព្រំដែន នៅពេលឱសានវានៃការបិទការនាំចូលបន្លែ និងផ្លៃឈើ បានចូលមកដល់នៅព្រឹកថ្ងៃទី១៧ មិថុនា។ FB
២៤ម៉ោងបានកន្លងផុតទៅ កម្ពុជាបិទការនាំចូលបន្លែនិងផ្លែឈើពីថៃ ដោយមិនចាំបាច់ជូនដំណឹង ដែលចូលជាធរមានកាលពីម៉ោង ៩ ព្រឹកថ្ងៃទី១៧ មិថុនានេះ។ ការបិទនេះនឹងបន្តរហូតដល់ភាគីយោធាថៃ ដែលជាអ្នកកែសម្រួលម៉ោងឆ្លងកាត់ព្រំដែនជាឯកតោភាគី ដកចេញការរឹតត្បិតរបស់ខ្លួន។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចូលបន្លែនិងផ្លែឈើពីថៃ ត្រូវបានបិទចាប់ពីម៉ោង ៩ ព្រឹកថ្ងៃទី១៧ មិថុនានេះ ដែលជាឱសានវាទមួយថ្ងៃបន្ទាប់ពីកម្ពុជាបានប្រកាស ដោយមិនចាំបាច់ជូនដំណឹងផ្លូវការ។
លោកបញ្ជាក់ថា៖ «ជាទូទៅ បើតាម MOU យើងបើកម៉ោង ៦ ហើយបិទម៉ោង ១០។ ប៉ុន្តែដោយសារខាងភាគីថៃគាត់ផ្លាស់ប្ដូរម៉ោងជាឯកតោភាគី អីចឹងកម្ពុជាយើងក៏បើកម៉ោង ៩ ជាងចាប់ពីថ្ងៃទី៨ មិថុនា។ អីចឹងយើងបិទម៉ោង ៩ ព្រឹកមិញ»។
លោក សុខ វាសនា បញ្ជាក់ថា ការបិទនេះ គឺដូចសម្រាប់តែបន្លែនិងផ្លែឈើទេ ចំណែកទំនិញផ្សេងៗ និងការធ្វើដំណើររបស់មនុស្សមិនមានការបិទទេ។ ការបិទនេះនឹងបន្តរហូតដល់មានការជូនដំណឹងជាថ្មី និងនៅពេលដែលភាគីថៃ កែសម្រួលទៅរកការបើកច្រកដូចដើមវិញ។
ការបិទច្រកព្រំដែនសម្រាប់បន្លែនិងផ្លែឈើនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជាដាក់ឱសានវាទកាលពីព្រឹកថ្ងៃទី១៦ មិថុនា។ លោក ហ៊ុន សែន ប្រធាន ព្រឹទ្ធសភាបានលើកឡើងថា នៅពេលណាភាគីថៃសម្រួលម៉ោងបើកច្រកឲ្យដូចដើមវិញ កម្ពុជានឹងបើកច្រកសម្រាប់បន្លែ និង ផ្លែឈើភា្លមៗតែម្ដង។
វិធានការនេះធ្វើឡើងតបនឹងការកែសម្រួលម៉ោងឆ្លងកាត់ព្រំដែន ដែលសម្រេចដោយយោធាថ្នាក់តំបន់របស់ថៃ ជាឯកតោភាគី។ នៅថ្ងៃទី១៦ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura អះអាងថា ការវាជាការសម្រេចរបស់យោធា ប៉ុន្តែ បានរិះគន់កម្ពុជា ចំពោះការបិទការនាំចូលបន្លែនេះថា មិនមែនក្នុងភាពជាអ្នកជិតខាងល្អ ហើយប៉ះពាល់ប្រជាជនទាំងពីរ។
សារព័ត៌មានថៃ The Nation Thailand បានចុះផ្សាយនៅថ្ងៃនេះថា កងទ័ពជើងគោកថៃ កំពុងរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយរារាំងមិនឲ្យពលរដ្ឋថៃដែលធ្វើការនៅកាស៊ីណូ និង កន្លែងកម្សាន្តនៅកម្ពុជាមិនឲ្យចូលមកកម្ពុជា ដោយហេតុផលសន្តិសុខ៕