
លោក លី ធុជ ថ្លែងក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់គម្រោងបោសសម្អាតមីន ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង នៅថ្ងៃទី១៧ មិថុនា ២០២៥។ អាជ្ញាធរមីន
អាជ្ញាធរមីន និង តំណាងស្ថានទូតចិន ប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនានេះ ដែលមានទឹកប្រាក់សម្រាប់អនុវត្តគម្រោងជាង ៤៣ម៉ឺនដុល្លារ។
លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូមិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា។ ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។
លោកបន្តថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌ នោះទេ តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន។
យោងតាមលោក លី ធុជ គម្រោងនេះ នឹងត្រូវអនុវត្តក្នុងគោលបំណងសំខាន់ៗចំនួន២គឺ ប្រែក្លាយដីរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទៅជាដីមានសុវត្ថិភាពដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ និងផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបច្ចេកទេស រវាងប្រទេសនានារងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង។
លោក ឡាង កុសល្យ អ្នកនាំពាក្យអាជ្ញាធរមីន បានឲ្យដឹងថា ថវិកាក្នុងគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នឹងផ្ដល់អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៧២៣ តាមរយៈការរំដោះផ្ទៃដីមានយុទ្ធភណ្ឌគ្រឿងផ្ទុះ និងគ្រួសារចំនួន ៥៥ ១១១ នៅក្នុងនៅក្នុងស្រុកគោលដៅចំនួន ៣ នៃខេត្តស្វាយរៀង។
លោកបន្តថា ចិនបានជួយដល់ការបោសសម្អាតមីន តាំងពីឆ្នាំ ២០១៨ ដែលមកទល់ពេលនេះមានទឹកប្រាក់សរុប ជាង ១៤លានដុល្លារ តាមរយៈជំនួយថវិកា ឧបករណ៍ទំនើប និងការបណ្តុះបណ្តាលសំខាន់ៗ ដែលបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់សហគមន៍។
តាមរយៈជំនួយជាង ១៤លានដុល្លារនេះ ផ្ទៃដីប្រមាណជាង ១៥០ គីឡូម៉ែតក្រឡា ត្រូវបានបោសសម្អាត និងមានអ្នកទទួលផលផ្ទាល់ប្រមាណ ២,៥ លាននាក់។ ចំណែកគ្រាប់មីននិងសំណល់ជាតិផ្ទុះជាច្រើនត្រូវបានរកឃើញនិងកម្ទេចចោល បូករួមជាមួយនឹងមនុស្សប្រមាណជាង ១,៥ លាននាក់ទទួលបានការអប់រំអំពីហានិភ័យនៃគ្រាប់មីន៕