
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ថ្លែងក្នុងពិធីចុះ MoU ដើម្បីជំរុញការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រសួងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់(MoU) ដាច់ដោយឡែកពីគ្នា ជាមួយអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និង ក្រុមហ៊ុនណាហ្គាវើលដ៏ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដើម្បីជំរុញការអភិរក្សបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល។
នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា លោកចាប វិបុល បានថ្លែងថា ការចុះMoUបន្តភាពជាដៃគូសហការ ជាមួយក្រសួងបរិស្ថាននាពេលនេះ គឺជាឧបករណ៍ដ៏មុតស្រួចមួយ សម្រាប់បន្ថែមលើកិច្ចគាំពារ និងការអភិរក្សធនធានធម្មជាតិដែលមានស្រាប់។ លោកបានបន្តថាMoU នេះនឹងជួយ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារ ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ព្រមទាំងរក្សាបាននូវលំនឹងជីវៈចម្រុះប្រកបដោយការចូលរួមពីប្រជាសហគមន៍មូលដ្ឋាន។
លោកបានលើកឡើងថា MoUថ្មីនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថាននាពេលបច្ចុប្បន្ននេះ ដោយលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
កិច្ចសហការរួមគ្នា នឹងធ្វើឱ្យក្រសួង និងអង្គការWWFកម្ពុជាអភិរក្សជីវៈចម្រុះ លើកកម្ពស់ជីវភាពសហគមន៍ និងដើម្បីធានានូវសេវាកម្មប្រព័ន្ធអេកូឡូស៊ី ធានានូវភពផែនដីដែលមានសុខភាពល្អ ក៏ដូចជាជំរុញសកម្មភាពជាសកលក្នុងការអភិរក្សធនធានធម្មជាតិ ការថែរក្សាបរិស្ថាន និងការកសាងអនាគតមួយដែលមនុស្សរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិ។
លោកបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន បានធ្វើឱ្យការងារអភិរក្សទទួលបានលទ្ធផលគួរជាទីមោទក និងមានប្រសិទ្ធភាពបំផុត ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព»។

WWFកម្ពុជាក៏បានឱ្យដឹងផងដែរថា គំនិតផ្តួចផ្តើមកសិកម្មប្រកបដោយនិរន្តរភាព បានផ្តល់សិទ្ធិអំណាចដល់កសិករ ជាមួយនឹងការបណ្តុះបណ្តាលអំពីការអនុវត្តល្អបំផុត និងរួមបញ្ចូលទិន្នន័យសហគមន៍ទៅក្នុងផែនការកាត់បន្ថយការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ ដោយសារតែគម្រោងកៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពរបស់ពួកគេ វេទិកាអ្នកពាក់ព័ន្ធពហុភាគីកំពុងជួយសហគមន៍អនុវត្តកសិកម្មកៅស៊ូ ដែលមិនប៉ះពាល់ដល់ព្រៃឈើ ដែលការពារជីវៈចម្រុះ។ នៅឆ្នាំ២០២៣សហគមន៍ដែលគ្រប់គ្រងតំបន់ការពារចំនួន១៨បានពង្រីកការគ្រប់គ្រងរបស់ពួកគេឱ្យគ្របដណ្តប់ជិត ២៧០ ០០០ ហិកតា ដោយរក្សានូវអត្រា នៃការកាប់បំផ្លាញព្រៃឈើក្រោមកម្រិត០,៥ភាគរយដោយជោគជ័យ។
ក្នុងពេលជាមួយគ្នានោះ ក្រសួងក៏បានចុះMoUជាមួយនឹងក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។ លោក Chen Yepern នាយកគ្រប់គ្រងសាខាក្រុមហ៊ុនណាហ្គាវើលដ៍ លីមីតធិត បានលើកឡើងផងដែរថា MoU នេះពិតជាមានសារៈសំខាន់ និងជាសក្ខីនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាន អង្គការដៃគូ និងវិស័យឯកជនដើម្បីរួមចំណែកជាមួយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់រដ្ឋាភិបាលកម្ពុជា។
លោកជឿជាក់ថា កិច្ចគាំពារបរិស្ថាន និងការងារអភិរក្សនឹងកាន់តែប្រសើរឡើង ជាពិសេសការបណ្តុះផ្នត់គំនិតបៃតង ដែលជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការពង្រីកគម្របព្រៃឈើជាតិ និងរួមចំណែកដោះស្រាយបញ្ហាសកល ការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែតបានគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើការរួមគ្នាជាមួយ WWF ដើម្បីការពារបរិស្ថានដូច្នេះថា៖«ការសហការរបស់យើងជាមួយ WWF-Cambodia ពង្រឹងសមត្ថភាពរបស់ក្រសួង ក្នុងការអភិរក្សធនធានធម្មជាតិ និងអនុវត្តគោលនយោបាយពាក់ព័ន្ធ។ ការបន្ត MoU នេះ ពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលធានានូវភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ»។
លោករដ្ឋមន្ត្រីបានលើកឡើងថា អ្វីដែលថ្នាក់ដឹកនាំចង់បានគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ លោកបានរំលឹកពីប្រសាសន៍របស់អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ថា «ឆ្នេរសមុទ្រស្អាត គ្មានសំណល់ប្លាស្ទិក» និង «ភ្ញៀវទេសចរម្នាក់ ដើមឈើ១ដើម» ។ បន្តមកទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបន្តធ្វើឱ្យកម្ពុជាស្អាត និងមានភាពបៃតង ដែលនេះ បានសរបញ្ជាក់ពីការបណ្តុះនូវពន្លកបៃតងក្នុងផ្នត់គំនិតរបស់ប្រជាជាតិគ្រប់ជាន់ថ្នាក់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហការគ្រប់ជ្រុងជ្រោយនាពេលនេះ គឺជា បេសកកម្មដ៏ចម្បង ដើម្បីសម្រេចបានបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំ។ ជាក់ស្ដែង ក្នុងរយៈពេលជាង ២០ ខែមកនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាច្រើន ដែលបម្រើឱ្យភាពស្អាត ភាពបៃតង និងចីរភាព ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេស ធនធាន និងថវិកាពីអង្គការដៃគូជាតិ អន្តរជាតិ វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើន។
ការឈរលើទស្សនវិស័យតែមួយ យុទ្ធសាស្ត្រតែមួយ និងបេសកកម្មតែមួយនេះ នឹងនាំយកក្ដីសង្ឃឹមរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជូនជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅលើឆាកអន្តរជាតិ៕