
មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃទទួលលិខិតតវ៉ាពីក្រសួងការបរទេសថៃ នៅថ្ងៃទី១៩ មិថុនា ២០២៥។ ក្រសួងការបរទេសថៃ
ក្រសួងការបរទេសថៃនៅម៉ោង ១១ ព្រឹកថ្ងៃនេះបានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីប្រគល់លិខិតតវ៉ាមួយ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ ផែថុងថាន ស៊ីណាវ៉ាត្រា និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវបានលេចធ្លាយ និងផ្សព្វផ្សាយនៅលើបណ្តាញសង្គមកាលពីថ្ងៃទី១៨ មិថុនា។
អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅពេលថ្ងៃត្រង់នៅថ្ងៃនេះថា ការលេចធ្លាយនៃការសន្ទនានេះគឺជា «ការរំលោភលើក្រមសីលធម៌ការទូត ការរំលោភទំនុកចិត្តធ្ងន់ធ្ងរ និងបំផ្លាញការប្រតិបត្តិរវាងប្រទេសជិតខាងទាំងពីរ»។
លោកថ្លែងថា៖ «ប្រទេសថៃចាត់ទុកថា សកម្មភាពទាំងនេះជាការប្រព្រឹត្តិដែលមិនអាចទទួលយកបានរវាងរដ្ឋនានា។ វាផ្ទុយនឹងការអនុវត្តដែលទទួលស្គាល់ជាអន្តរជាតិ និងស្មារតីនៃភាពជាអ្នកជិតខាងល្អ។ វាក៏បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងមេដឹកនាំ និងរវាងប្រទេសទាំងពីរ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងសងខាងក្នុងការដោះស្រាយបញ្ហាដោយស្មោះត្រង់»។
លោក Nikorndej ចោទមេដឹកនាំកម្ពុជាថា ប្រើប្រាស់ទំនាក់ទំនងតាមបណ្ដាញសង្គមក្នុងគោលបំណងបង្កើនប្រជាប្រិយភាពពីក្នុងចំណោមប្រជាជននិងដើម្បីបំបែកសង្គមនៃប្រទេសទាំងពីរ។ លោកប្រើពាក្យធ្ងន់ៗថា ការធ្វើបែបនេះ «បង្ហាញពីការមិនគោរពចំពោះគោលការណ៍នៃអ្នកជិតខាងល្អ ហើយមិនគួរទទួលបានការជឿទុកចិត្តនិងការគោរពពីសហគមន៍អន្តរជាតិទេ»។
កាលពីថ្ងៃទី១៨ ខែមិថុនា សំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ផែថុងថាន និងប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជាង ១៧នាទី ត្រូវបានទម្លាយនៅលើបណ្ដាញសង្គម ដែលក្នុងកិច្ចសន្ទនានេះ ផែថុងថាន ស្នើបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ហើយលោក ហ៊ុន សែន បញ្ជាក់ថា ភាគីថៃជាអ្នកកែប្រែម៉ោងបើកនិងបិទព្រំដែន ហើយកម្ពុជាត្រូវរក្សាកិត្តិយសរបស់ខ្លួនដោយមិនចរចាបើកវិញទេ គឺរង់ចាំធ្វើតាមថៃតែប៉ុណ្ណោះ។
នៅក្នុងកិច្ចសន្ទនានោះដែរ ផែថុងថាន បាននិយាយដើមមេបញ្ជាការភូមិភាគ២របស់ថៃ Boonsin Padklang ថាប្រឆាំងនឹងពួកយើង (រដ្ឋាភិបាលថៃ)។
ប៉ុន្តែ នៅព្រឹកថ្ងៃទី១៩ មិថុនានេះ នាយករដ្ឋមន្ត្រីថៃ ផែថុងថាន បានចេញមុខសុំទោសពលរដ្ឋថៃជាសាធារណៈចំពោះការសន្ទនាតាមទូរស័ព្ទ ដោយលើកឡើងថាវាជាការយុទ្ធសាស្ត្រចរចាដើម្បីបន្ធូរបន្ថយភាពតានតឹង។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលថៃ ថ្លែងថា៖ «អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រី សូមអភ័យទោសដោយស្មោះចំពោះសាធារណជនទាក់ទងនឹងខ្លឹមសារសំឡេងដែលបែកធ្លាយនៃការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា។ រាល់សកម្មភាពដែលបានធ្វើឡើងគឺស្ថិតនៅក្រោមចេតនាការពារអធិបតេយ្យភាពជាតិ ការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃ ទាំងអ្នកដែលនៅក្នុងប្រទេសថៃ និងអ្នកដែលរស់នៅក្នុងប្រទេសកម្ពុជា»។
សេចក្ដីថ្លែងការណ៍បន្តថា ពាក្យសម្ដីដែល ផែថុងថានបានប្រើគឺមានគោលបំណងបញ្ចុះបញ្ចូលកម្ពុជាឱ្យសហការក្នុងការបន្ធូរបន្ថយជម្លោះ។
ពាក់ព័ន្ធនឹងការកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃទៅទទួលលិខិតតវ៉ានេះ ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការឆ្លើយតបពីសំណាក់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអ្នកនាំពាក្យរដ្ឋាភិបាលបានទេនៅថ្ងៃទី១៩ មិថុនានេះ។
សម្រាប់ការចោទប្រកាន់ថា មេដឹកនាំកម្ពុជាប្រើបណ្ដាញសង្គមដើម្បីធ្វើទំនាក់ទំនងមិនមានវិជ្ជាជីវៈ (unprofessional) និងដើម្បីបង្កើនប្រជាប្រិយភាពនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា បានលើកឡើងកាលពីពេលថ្មីៗនេះ ថាវាជាវិធីសាស្ត្ររហ័សក្នុងការបញ្ជូនព័ត៌មានទៅប្រជាពលរដ្ឋ ហើយមិនខុសពីអ្វីដែលមេដឹកនាំបានធ្វើនោះទេ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ករណីថតសំឡេងហើយបែកធ្លាយបែបនេះក៏ធ្លាប់កើតមានដែរ រវាងដឹកនាំអាមេរិក និងមេដឹកនាំអាឡឺម៉ង់។ លោកថា ចំពោះករណីមេដឹកនាំកម្ពុជានិងថៃនេះ វាកើតឡើងបន្ទាប់ពីមេដឹកនាំថៃបង្កហេតុមុនតាមរយៈការប្រើពាក្យមិនសមរម្យមកលើថ្នាក់ដឹកនាំកម្ពុជា ដូចជាថា ធ្វើនយោបាយមិន professional។
លោកបន្តថា ការហៅឯកអគ្គរាជទូតកម្ពុជាទៅទទួលលិខិតនេះ គឺថៃធ្វើដើម្បីរក្សាមុខមាត់ថ្នាក់ដឹកនាំរបស់គេ។
ពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គមរបស់អ្នកនយោបាយ លោកយល់ថាវាជាវិធីដែលមានប្រសិទ្ធភាព ដូចអ្វីដែលមេដឹកនាំពិភពលោកតែងតែធ្វើ ដូចជានៅលើបណ្ដាញសង្គម X ជាដើម។
លោកថា៖ «សូម្បីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសពីដំឡើងពន្ធ អីហ្នឹងតាមបណ្ដាញសង្គមដែរ។ អ្នកនយោបាយតែងមានយុទ្ធសាស្ត្ររៀងៗខ្លួន ហើយការអនុវត្តតែខុសៗគ្នា»។
លោក គិន ភា បន្តថា បញ្ហាព្រំដែនរវាងកម្ពុជានិងថៃ នឹងមិនមានភាពធូរស្រាលទេ ព្រោះវាគឺជាចំណាប់ខ្មាំងនៃនយោបាយផ្ទៃក្នុងថៃ ហើយស្ថានភាពអាចតានតឹងជាងនេះប្រសិនបើថៃមានមេដឹកនាំថ្មី គឺតាន់តឹងរហូតដល់មានការប្រឈមមុខប្រដាប់អាវុធ។
លោកថា៖ «មេដឹកនាំថៃ និង យោធាគេអាចបង្ហាញថាគេមានសាមគ្គីភាពគ្នា ហើយគេចង់ផ្ដល់មេរៀនដល់កម្ពុជា។ បើមានរដ្ឋាភិបាលថ្មីកើនឡើង វានឹងមានការប្រែប្រួលច្រើនរវាងទំនាក់ទំនងកម្ពុជាថៃ»។
ប្រសិនបើមានរដ្ឋាភិបាលថ្មី លោកបន្តថា ទំនាក់ទំនងរវាងប្រទេសប្រទេសទាំងពីរ ស្ទើរតែលើកគ្រប់វិស័យនឹងមានការប្រែប្រួល ពោលគឺមិនមានភាពរលូតដូចមុនទៀតទេ។ ឆ្លើយតបនឹងសេណារីយ៉ូបែបនេះ កម្ពុជាត្រូវពង្រឹងវិស័យការពារជាតិ ធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងអាស្រ័យទៅលើប្រទេសថៃ បង្កើតការងារក្នុងស្រុក ក្នុងចំណោមចំណុចអាទិភាពជាច្រើនទៀត»។
យ៉ាងណាក៏ដោយ លោកលើកទឹកចិត្តឲ្យប្រទេសទាំងពីររកវិធីធ្វើឲ្យទំនាក់ទំនងមានភាពល្អប្រសើរឡើងវិញ ក្នុងនាមជាប្រទេសជិតខាងគ្នា៕