
លោក ហ៊ុន សែន ឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។ រូបថត SHS
ភ្នំពេញ៖ កិច្ចខិតខំប្រឹងប្រែងការទូតរបស់កម្ពុជាត្រូវបានមើលឃើញថាមានសន្ទុះទៅមុខ ក្រោមការដឹកនាំរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយព្រឹទ្ធសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ។
លោក ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានគូសបញ្ជាក់ពីតួនាទីរបស់ព្រឹទ្ធសភាក្នុងការពង្រឹងនយោបាយការទូតរបស់កម្ពុជាអំឡុងពេលកិច្ចពិភាក្សាជាមួយក្លិបអ្នកកាសែតកម្ពុជានៅថ្ងៃទី១៩ ខែមិថុនានេះ។
លោកបានឱ្យដឹងថា នយោបាយការទូតរបស់រដ្ឋត្រូវបានចងតាមរយៈហត្ថលេខាចូលជាភាគី ឬកិច្ចព្រៀមព្រៀង។ ជាក់ស្ដែង នៅពេលកម្ពុជាចូលជាសិទ្ធិសញ្ញា ឬ អនុសញ្ញា នាយករដ្ឋជាអ្នកសម្រេចចូលជាភាគីរដ្ឋលេខា រួចសុំសច្ចាប័ណ្ណពីរដ្ឋសភា ហើយនៅពេលសភាអនុម័តរួច នឹងដាក់ថ្វាយព្រះមហាក្សត្រ ឡាយប្រហត្ថលេខាដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់។
លោក វីឌ្យ៉ា បានថ្លែងថា៖ «ព្រះរាជាណាចក្រកម្ពុជាបានរៀបចំខ្លួនដើម្បីផ្ដល់សច្ចាប័ណ្ណចូលជាភាគីសិទ្ធិសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២ (United Nations Convention on the Law of the Sea 1982)។ តាមពិត យើងចូលភាគីចុះហត្ថលេខានេះយូរហើយ តាំងពីទសវត្សរ៍៨០ ដែលចុះហត្ថលេខាដោយរដ្ឋាភិបាលត្រីភាគី កូតាខ្មែរក្រហម។
យ៉ាងណាមិញ «នយោបាយការទូតសភា» របស់ព្រឹទ្ធសភា មិនត្រូវបានចងដោយច្បាប់នោះទេ។ ថ្វីដ្បិតតែនយោបាយការទូតផ្ដោតលើកិច្ចការចម្បងរបស់នាយករដ្ឋមន្ដ្រី ព្រឹទ្ធសភាមានតួនាទីសំខាន់ក្នុងអំណាចនយោបាយដើម្បីជួយវិស័យការទូតរបស់រដ្ឋ។
លោក វីឌ្យ៉ា បានថ្លែងថា៖ «សម្ដេចតេជោផ្ដល់អាទិភាពខ្ពស់ចំនួន ៥ ដោយអាទិភាពទីមួយ គឺនយោបាយការទូត ទីពីរ គឺការធ្វើការយ៉ាងជិតស្និទជាមួយអង្គបោះឆ្នោត។ លោកផ្អែកលើបទពិសោធរបស់លោក ពេលធ្វើជារដ្ឋមន្ដ្រីការបរទេសតាំងពីឆ្នាំ១៩៧៩។ លោកយល់ថា វិស័យការទូតជាវិស័យសំខាន់ដែលជួយពង្រឹងសន្ដិភាព និងស្ថេរភាពនយោបាយលើផ្ទៃប្រទេស»។

កិច្ចពិភាក្សារវាងគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយក្លិបអ្នកកាសែតកម្ពុជា ស្ដីពី «នយោបាយការទូតសភា» ដែលរៀបចំឡើងនៅព្រឹទ្ធសភា ថ្ងៃទី១៩ ខែមិថុនា។ រូបថត ហុង រស្មី
លោកបានរៀបរាប់អំពីសកម្មភាពការទូតជាមួយថ្នាក់ដឹកនាំអន្ដរជាតិតាំងពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ឡើងកាន់តំណែងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ BTV ថា ក្នុងអាណត្តិរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចកំពុងជំរុញលើកិច្ចការងារចំនួនពីរសំខាន់ គឺទី១ ការងារការទូតសភា និងទី២ ជំរុញការងាររវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋានដោយផ្ទាល់។
ក្នុងការបញ្ជាក់អំពីតួនាទីរវាង «នយោបាយការទូតសភា» របស់រដ្ឋសភា និងព្រឹទ្ធសភា លោក វីឌ្យ៉ា បានពន្យល់ថា ក្រៅពីការគ្រប់គ្រងរបស់ស្ថាប័ន អ្នកដឹកនាំស្ថាប័នថា តើបុគ្គលដឹកនាំនោះជាប្រសិទ្ធភាពខ្ពស់ មានសិល្បៈខ្ពស់ក្នុងការដឹកនាំ ស្ថាប័ននោះមានឥទ្ធិពល។
ចំពោះប្រទេសដែលមានសភាពីរជាន់ «ការទូតសភា» ត្រូវបានអនុវត្ដទាំងពីរស្ថាប័ន ខណៈដែលរដ្ឋសភាក៏មានគណៈកម្មការទី៥ផងដែរ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្ដែតួអង្គប្រធានព្រឹទ្ធសភាគឺសម្ដេចតេជោ ជាអ្នកដឹកនាំការទូតសភា ពីព្រោះលោកជាប្រធានគណបក្ស ដែលអាចតែងតាំងទាំងនាយករដ្ឋមន្ដ្រី និងប្រធានរដ្ឋសភា។ សម្ដេចតេជោ ជាអ្នកដឹកនាំ តែលោកមិនដណ្ដើមការងាររដ្ឋសភានោះទេ។ ដូច្នេះ ចំពោះការងារការទូត កិច្ចការអន្ដរជាតិមួយចំនួនធំមកព្រឹទ្ធសភា លើកលែងតែ The ASEAN Inter-Parliamentary Assembly (AIPA) រដ្ឋសភាត្រូវដឹកនាំ»។
លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា បានថ្លែងថា ការទូតសភាជាការងារអាទិភាពមួយរបស់រដ្ឋសភា ដែលបានដើរស្របជាមួយនឹងស្ថាប័នព្រឹទ្ធសភាក្នុងការចូលរួមលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងទំនាក់ទំនងការទូតសភាដើម្បីសន្តិភាព និងវិបុលភាព ឆ្លើយតបនឹងបញ្ហាប្រឈមនានា និងបង្កើនទំនាក់ទំនងរវាងប្រទេស ជាដើមក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

កិច្ចពិភាក្សារវាងគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយក្លិបអ្នកកាសែតកម្ពុជា ស្ដីពី «នយោបាយការទូតសភា» មានការចូលរួមពីអ្នកសារព័ត៌មានជាង ៧០នាក់ មកពី ៦៣ស្ថាប័ន។ រូបថត សហការី
ថ្លែងបើកសិក្ខាសាលាស្តីពី «លទ្ធផលនៃការងារការបរទេសរបស់កម្ពុជានិងសភាពការណ៍អន្តរជាតិ» កាលពីថ្ងៃទី២១ ខែឧសភា លោកស្រីបានថ្លែងថា វាទាមទារចាំបាច់ឱ្យមានការចូលរួមនិងការបំពេញគ្នាទៅវិញទៅមករវាងការទូតរាជរដ្ឋាភិបាល និងការទូតសភា ដែលជាការទូតរដ្ឋប្រកបដោយបរិយាប័ន្ន និងសន្តិភាព ដែលមានលក្ខណៈ បើកចំហរ ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមន៍វិជ្ជា។
លោក វីឌ្យ៉ា បានលើកឡើងថា លោក ហ៊ុន សែន ទទួលជួបប្រធានាធិបតីឡាវ ក្នុងនាមជាប្រមុខរដ្ឋស្ដីទី ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ាតាមប្រព័ន្ធវីដេអូ ប្រធានាធិបតីសាធារណៈរដ្ឋសង្គមនិយមវៀតណាម អនុប្រធានាធិបតីឡាវ រួមទាំងសកម្មភាពក្រៅប្រទេសជាច្រើន រួមទាំងជំនួបជាមួយប្រធានាធិបតីចិនទៀត។
ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានលើកឡើងពីកម្មវិធីនយោបាយរបស់ប្រធានព្រឹទ្ធសភា ដែលថ្លែងអំឡុងពេលឡើងកាន់តំណែងថា៖ «សម្ដេចតេជោថ្លែងការពាររដ្ឋធម្មនុញ្ញ របបរាជានិយម របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបនិតិរដ្ឋ។ លោកធានាឯកភាពជាតិរឹងមាំ សាមគ្គីធម៌សង្គម ហើយការពារ ថែរក្សា ឯករាជ្យជាតិ អធិប្បតេយ្យជាតិ បូរណាភាពទឹកដី និងសេចក្ដីថ្លែថ្នូរ»។
លោក វីឌ្យ៉ា បានបន្ដថា លោក ហ៊ុន សែន ត្រូវធ្វើនយោបាយការទូតនេះ អាស្រ័យទៅលើសភាពការណ៍ពិភពលោកដ៏ស្រួយស្រាវទាំងក្នុងតំបន់ និងពិភពលោក។
ជាក់ស្ដែង កម្ពុជាប្រឈមនឹងរបបពន្ធ ដែលគណប្រតិភូកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា កំពុងតែធ្វើការចរចាជុំទី៣ ជាមួយសហរដ្ឋអាមេរិក ដើម្បីឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយពន្ធពី ៤៩ភាគរយមកត្រឹមកម្រិតមួយ ដែលអាចទទួលយកបាន។
លោកបានលើកឡើងពីកិច្ចខិតខំប្រឹងរបស់ប្រធានព្រឹទ្ធសភាក្នុងការងារការទូត ដោយបានឱ្យដឹងថា លោក ហ៊ុន សែន សុខចិត្ដអវត្ដមានពីទិវា ៧ មករា ទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីជួយស្វែងរកសន្ដិភាពដល់ប្រទេសសមាជិកអាស៊ានមួយនេះ។
ចំពោះទំនាក់ទំនងជាមួយប្រទេសថៃ លោក វីឌ្យ៉ា បានឱ្យដឹងថា នាយករដ្ឋមន្ដ្រីថៃ Chatichai Choonhavan អំឡុងទសវត្សរ៍ឆ្នាំ៨០ បានចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំដែលត្រូវចងសម្ព័ន្ធមិត្ដ បើទោះបីជាកម្ពុជានៅមានរដ្ឋាភិបាលត្រីភាគី។
លោកបានបញ្ជាក់ថា៖ «ដោយសារតែនយោបាយរបស់សម្ដេចតេជោនេះ ទើបលោកត្រូវបានទទួលស្គាល់ជាមេដឹកនាំចេះដោះស្រាយគ្រប់បញ្ហាទាំងអស់។ បើនិយាយពីមេដឹកនាំថៃ យើងក៏មិនភ្លេចលោក ថាក់ស៊ី ស៊ីនណាវ៉ាត្រា ជាមហាសេដ្ឋីថៃ ជារដ្ឋមន្ដ្រីក្រសួងការបរទេស និងជានាយករដ្ឋមន្ដ្រី ដែលមានទំនាក់ទំនងសម្ដេចតេជោ»។
ក្រៅពីថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ លោក វីឌ្យ៉ា បានបន្ដថា លោក ហ៊ុន សែន ក៏មានទំនាក់ទំនងជាមេយោធាថៃ រួមទាំង លោកប្រាយុទ្ធ ចាងអ៊ូចា៕