ប្រធាន​ព្រឹទ្ធសភា លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ប្រសិន​បើ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទេ​នោះ វា​អាច​នាំ​ទៅ​រក​ស្ថានភាព​ដូច​នៅ​ Gaza ​ដែល​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ប្រយុទ្ធ​គ្នា​ដោយ​គ្មាន​ទី​បញ្ចប់។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១ នៃ​គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ នៅ​ព្រឹក​ថ្ងៃ​ទី២ មិថុនា​នេះ លោក ហ៊ុន សែន ថ្លែង​ថា ការ​បបួល​ថៃ​យក​បញ្ហា​ព្រំដែន​ទៅ​កាន់ ICJ គឺជា​ការ​ទុក​មុខ​ទុក​មាត់​ឲ្យ​ភាគី​ថៃ។ ប្រសិន​បើ​ថៃ​នៅ​តែ​គេច​វេះ​ណា​មួយ​នោះ «គឺ​ច្បាស់​ជា​មាន​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នង​ហើយ»។

លោក​ថ្លែង​ថា អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ឆ្នាំ ២០០០ មិន​អាច​ធ្វើ​បាន​ទៀត​ទេ ដោយ​សារ​តែ​វា​មាន​រយៈ​ពេល ២៥​ឆ្នាំ​ហើយ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ ហើយ​ថែម​ទាំង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ទាហាន​ខ្មែរ​ម្នាក់។


លោក ហ៊ុន សែន៖ «បើ​មិន​ឲ្យ​តុលាការ​កាត់​ក្ដី​ទេ រឿង​នេះ​គឺ​ដូច​តំបន់​ហ្គាហ្សា រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ដូចគ្នា...ដោះ​ស្រាយ​អត់​ចប់​ទេ ហើយ​វ៉ៃ​គ្នា​រហូត បើ​មិន​តូច​ ក៏​ធំ​ បើ​មិន​ធំ​ ក៏​ដូច​ដែរ។ អីចឹង តើ​ខ្លាច​អី​នឹង​ទៅ​កាន់​តុលាការ បើ​យើង​មាន​ចិត្ត​ស្មោះ​ត្រង់»។

លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​គ្មាន​ត្រូវ​ការ​ទឹកដី​អ្នក​ណា​ទេ​ គឺ​សុំ​ត្រឹម​រក្សា​ទឹកដី​ដែល​បន្សល់​ទុក​ដោយ​អាណានិគម​និយម​បារាំង និង​បន្ត​ដោយ​ព្រះ​បរម​រតនកោដ្ឋ នរោត្តម​សីហនុ។ ទឹកដី​កម្ពុជា​បាន​បាត់​បង់​អស់​ធំ​ណាស់​ទៅ​ហើយ​ «នៅ​សល់​តែ​ប៉ុន​បាតដៃ យើង​រក្សា​ប៉ុណ្ណឹង​បាន​ហើយ»។​


នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ព្រឹក​នេះ​ដែរ​ គណៈកម្មាធិការ​សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា ​បាន​គាំទ្រ​ជា​ឯកច្ឆន្ទ​ឲ្យ​រដ្ឋាភិបាល​នាំ​យក​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​ទៅ​កាន់​ ICJ។ លោក ហ៊ុន សែន ថា ប្រសិន​បើ​ភាគី​ថៃ​បដិសេធ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ថៃ​មាន​របៀប​វារៈ​លាក់​កំបាំង​នៅ​ពី​ក្រោយ​ខ្នង។

លោក​ថ្លែង​ថា កម្ពុជា​ក៏​នឹង​អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​ធ្វើ​អន្តរាគមន៍ នៅ​ពេល​មាន​ការ​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ណា​មួយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា កម្ពុជា​សម្រេច​ចិត្ត​យក​បញ្ហា​នេះ​ទៅ​ ICJ បើ​ទោះ​បី​ជា​ភាគី​ថៃ យល់​ព្រម ឬ​មិន​យល់​ព្រម។ ខណៈ​ដែល​ការ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ចរចា និង​តាម​រយៈ​គណៈកម្មការ​កិច្ច​ការ​ព្រំដែន​ចម្រុះ​នៅ​បន្ត​ធ្វើ លោក​​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​នយោបាយ​កម្ពុជា និង​ប្រជាពលរដ្ឋ​ឈរ​នៅ​ពី​ក្រោយ​កង​ទ័ព។

លោក ហ៊ុន ម៉ាណែត៖ «ពេល​នេះ​ជា​ពេល​ដែល​ប្រទេស​ជាតិ​របស់​យើង​ត្រូវ​រួម​គ្នា​ដើម្បី​ត្រៀម​លក្ខណៈ​ការពារ​ជាតិ ការពារ​បូរណភាព​ទឹកដី​របស់​យើង ជា​ពិសេស​រួម​គ្នា​នៅ​ក្រោយ​កង​ទ័ព​របស់​យើង។ រឿង​នយោបាយ រឿង​ភាព​ខុស​គ្នា​ យើង​និយាយ​ពេល​ផ្សេង ប៉ុន្តែ​និយាយ​អ្វី​ដែល​ប៉ះពាល់​ដល់​ទឹកចិត្ត​និង​ទឹកដី ​សូម​លុប​ទៅ។ មិន​មែន​ពេល​ចំណេញ​នយោបាយ​ផ្ទៃក្នុង ប្រឆាំង​គ្នា​ឯង​នោះ​ទេ»៕