ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ​ក្រ​សួង​ពាណិ​ជ្ជ​កម្ម​បានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលកំពុងតែត្រូវបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺ​គ្មាន​ មុខ​ងារស្វែងរកសារធាតុគីមីហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និង​សារ​ធាតុ​គី​មី​ផ្សេងទៀតនោះទេ។

ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃចន្ទ ទី២ ខែមិថុនានេះ បន្ទាប់ពីមានការផ្សព្វផ្សាយ និងចែករំលែក នៅលើបណ្តាញសង្គមនា​ពេល​ថ្មីៗនេះ ដោយអះអាងថាមាន ឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ​មានសមត្ថភាពអាច​វាស់រក​សារធាតុគីមី​ហាម​ឃាត់ នៅក្នុងបន្លែ និងផ្លែឈើ ដែលបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ ព្រមទាំង​អាចបញ្ជាក់​អំពី​កម្រិត​សុវត្ថិ​ភាព​ស​ម្រាប់​បរិភោគទៀតផង។

អគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបជូន អ្នកធ្វើធុរកិច្ច និងសាធារណជនថា មុខងាររបស់ឧបករណ៍នេះ គឺផ្តោតទៅលើការ វាស់បរិមាណសារធាតុគីមី «នីត្រាត» នៅក្នុងបន្លែ ផ្លែឈើ ត្រី និងសាច់ តែប៉ុណ្ណោះ គឺមិនមានមុខងារស្វែងរកសារធាតុគីមី ហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតនោះទេ។


អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំឱ្យ បុគ្គលធ្វើធុរកិច្ច អ្នកចែកចាយ និងអ្នកផ្សព្វផ្សាយទាំងអស់ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការ​ផ្សព្វ​ផ្សាយព័ត៌មាន ពិត​ប្រាកដពាក់ព័ន្ធនឹងមុខងាររបស់ឧបករណ៍នេះ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ដើម្បីជៀស​វាង​សាធារ​ណ​ជន និង​អ្នកប្រើ​ប្រាស់មានការភាន់ច្រឡំ។

ក.ប.ប. បានព្រមានថា៖«នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីច្បាប់ជាធរមាន ចំពោះ ការផ្សាយពាណិជ្ជ​កម្ម​គ្រប់​ប្រ​ភេទ ទោះតាមទម្រង់ណាក៏ដោយ ដែលមានលក្ខណៈភូតកុហក ពង្វាងការពិត ក្លែងបន្លំ ឬ ធ្វើឱ្យមានការភាន់ច្រឡំ ដល់​សា​ធារណជន»។


សារធាតុគីមីហាមឃាត់ មានដូចជាអូរ៉ាមីន អូ (Auramine O) ឬ ប៊ីវ៉ាយធូ (Basic Yellow 2) ជាដើម។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យ និង​ទប់ស្កាត់ ចំពោះការនាំចូលចំណីអាហារ ដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែល​ត្រូវ​បាន​ផ្អាក​ការ​នាំចូល​ជា​បណ្តោះអាសន្ន ដោយសារជំងឺឆ្លង។ ចំណាត់ការនេះ ធ្វើឡើង គឺដើម្បីការពារសុខភាពប្រជាពលរដ្ឋ។ ការ​ណែ​នាំនេះ​ធ្វើ​ឡើង នៅ​ក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី ២៣ ខែឧសភាកន្លងមក។

មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. រាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ក៏បានដុតបំផ្លាញផលិតផលគ្រឿងសម្អាង ចំនួន១ ៥៤២​កេស ស្មើនឹង ជាង៨តោនកាលពីថ្ងៃទី៣០ ខែឧសភា។ ទំនិញប្រភេទគ្រឿងសម្អាងទាំងនេះ ត្រូវបានរឹបអូស នា​ពេល​កន្លង​មក ដោយមន្ត្រីជំនាញ ក.ប.ប. ដោយសារពុំមានគុណភាពត្រឹមត្រូវ និង​មិនអនុ​លោមតាម​ច្បាប់​និង​បទប្ប​ញ្ញត្តិ​ជារមាន៕