
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក.។ ECCC
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ផ្សព្វផ្សាយឯកសារទស្សនទានស្ដីពីការបង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍និងដើម្បីគោលដៅអប់រំ។
ការផ្សព្វផ្សាយឯកសារទស្សនទាននេះធ្វើឡើងនៅថ្អៃទី១៩ មិថុនា ដឹកនាំដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក.។ កិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធ,លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង មន្ត្រីស្ថានទូតចំនួន ១៨ ប្រទេស និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិអន្តរជាតិជាច្រើន។

លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ECCC
លោក វង្សី វិស្សុត បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានទស្សនវិស័យវែងឆ្ងាយ ដែលសម្រេចបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក.នេះ នាពេលអនាគត។
លោកថា ស្ថាប័នកេរដំណែលនេះបង្កើតឡើងក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា បង្ការការវិលត្រឡប់មកវិញនូវអំពើសាហាវយង់គ្នងនិងប្រល័យពូជសាសន៍ ព្រមទាំង ចែករំលែកបទពិសោធដែលទទួលបានដ៏លំបាករបស់កម្ពុជាទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោក។
លោកបន្តថា ស្ថាប័នកេរដំណែលនេះមានបេសកកម្ម ក្នុងការគ្រប់គ្រង និង ថែរក្សាទុកបណ្ណសារពាក់ព័ន្ធនឹង អ.វ.ត.ក. និង ជំរុញការបណ្តុះបណ្តាល និងស្រាវជ្រាវលើសមិទ្ធផល បទពិសោធមានតម្លៃ និងយុត្តិសាស្ត្ររបស់ អ.វ.ត.ក.។
បន្ថែមពីលើនេះស្ថាប័ននេះនឹងផ្សព្វផ្សាយអប់រំដល់យុវជនខ្មែរជំនាន់ក្រោយ និងសាធារណជនទូទៅ ដើម្បីទប់ស្កាត់អំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជាបង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិ និង អន្តរជាតិ ដើម្បីលើកកម្ពស់ការអប់រំ ការកសាងសន្តិភាព ការទប់ស្កាត់ឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។
សេចក្ដីប្រកាសព័ត៌មានរបស់ អ.វ.ត.ក. បញ្ជាក់ថា៖ «សមាជិកអង្គប្រជុំបានគាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតស្ថាប័នកេរដំណែលនេះ និងសន្យាផ្តល់ការគាំទ្ររបស់ខ្លួន ដើម្បីឱ្យក្លាយជាទីតាំងសម្រាប់ផ្តល់ព័ត៌មាននិងស្រាវជ្រាវដ៏សំខាន់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់លើកកម្ពស់យុត្តិធម៌នៅក្នុងសន្តិភាព និងការទប់ស្កាត់ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅនាពេលអនាគតក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងទាំងនៅកម្ពុជា នៅថ្នាក់តំបន់ និងនៅលើសកលលោកផងដែរ»។
លោក វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដល់ដំណើរការរបស់ អ.វ.ត.ក. និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន និងអង្គការអន្តរជាតិនានា ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើម និងគាំទ្រស្ថាប័នថ្មីនេះរបស់កម្ពុជា។
លោកក៏ស្នើឲ្យមានការចូលរួមជាគំនិតនិងធនធានក្នុងភាពជាដៃគូសម្រាប់បង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក.នេះដើម្បីរួមចំណែកដល់ការទទួលខុសត្រូវរួមក្នុងតំបន់ និងសកលរបស់សម្រាប់ការកសាងសន្តិភាព ការដោះស្រាយក្រោយជម្លោះ និងយុត្តិធម៌អន្តរកាល៕