
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានឡើងថ្លែងសន្ទរថាក្នុងសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី «Glaciers Preservation» នៅប្រទេសតាហ្ស៊ីគីស្ថាន នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រៅពីការបង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជំរុញឱ្យមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា បានអនុម័តសេចក្ដីថ្លែងការណ៍ផ្ទាំងទឹកកកឌូស្ហាន់បេ (The Dushanbe Glaciers Declaration) ដែលជាការជំរុញមួយ ឱ្យរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធ អង្គការសហប្រជាជាតិមានវិធានការ ដើម្បីការពារផ្ទាំងទឹកកក។
ការបង្ហាញមហិច្ឆតា និងអនុម័តនេះ ធ្វើឡើង ក្នុងអំឡុងពេលដែល រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដឹកនាំប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតទៅចូលរួមសន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
ក្រោយពីមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នាយប់ថ្ងៃទី២ ខែមិថុនានេះ លោករដ្ឋមន្រ្តីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ជាមួយនឹងការអនុម័តសេចក្ដីថ្លែងការណ៍ លោកក៏បានអំពាវនាវ ដល់ការប្តេជ្ញាចិត្ត ដែលអាចអនុវត្តបានគំនិតផ្តួចផ្តើមសហការ និងអនុសាសន៍ជាយុទ្ធសាស្រ្តនៅក្នុងសន្និសីទCOP30 នៅប្រទេសប្រេស៊ីលនាខែវិច្ឆិកាខាងមុខ ព្រមទាំង ដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នាំ២០២៥»។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«កម្ពុជាប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការចែករំលែកបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យផ្ទាំងទឹកកក និងប្រព័ន្ធព្រមានជាមុន»។
ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យផ្ទាំងទឹកកកមានការរលាយយ៉ាងលឿន ដែលកំពុងតែរួមចំណែកដល់ការកើនឡើងនូវកម្ពស់ទឹកសមុទ្រ។ ការរលាយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់កម្រិតទឹកសមុទ្រប្រហែល ០,៧៤ មិល្លីម៉ែត្រក្នុង ១ឆ្នាំ ឬ ស្មើនឹង ២១ភាគរយ នៃកម្រិតទឹកសមុទ្រសរុប។
កម្ពុជាបានប្រកាសត្រៀមខ្លួន សហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ លើកស្ទួយកិច្ចគាំពារបរិស្ថាន និងធានាអនាគតប្រកបដោយចីរភាព ដើម្បីការពារផ្ទាំងទឹកកករបស់ពិភពលោក និងតុល្យភាពនៃភពផែនដី។

តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គសន្និសីទអន្តរជាតិកម្រិតខ្ពស់នេះ លោករដ្ឋមន្រ្តីក៏បានចូលរួមធ្វើសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៣០ ខែឧសភាផងដែរ។ ក្នុងនោះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
កម្ពុជាក៏បានលើកឡើងពីការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន នូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។
នៅថ្ងៃអង្គារ ទី៣ ខែមិថុនានេះ ក្រសួងបរិស្ថានបានឱ្យដឹងថា នាថ្ងៃទី៣១ ខែឧសភា លោករដ្ឋមន្រ្តីក៏បាន ធ្វើសេចក្ដីថ្លែងការណ៍ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំ (Leaders’ Round table) នៅក្នុងសន្និសីទអន្តរជាតិនេះដែរ។ ក្នុងនោះ បានផ្តោតលើការផ្ដល់ធាតុចូលពាក់ព័ន្ធការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅ មុនកិច្ចប្រជុំលើកទី ៣០ រដ្ឋភាគីអនុសញ្ញាអង្គកាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុCOP30។ កម្ពុជាបានគូសបញ្ជាក់ នូវការគាំទ្រយ៉ាងពេញទំហឹងនូវការពិគ្រោះយោបល់ "ផែនទីផ្លូវបាគូទៅប៊ែលឹម (Roadmap Baku to Belem) ដល់ ១,៣ពាន់ពាន់លាន" ក្នុងគោលបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសតាមរយៈជំនួយឥតសំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។
សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក»នេះ ត្រូវបានរៀបចំឡើងយោងតាមស្មារតី នៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នាំ២០២៥» ដែលបានអនុម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ការអនុម័តនេះ គឺក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និងជួយសម្របសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា និង ការគ្រប់គ្រងផ្ទាំងទឹកកកនៅគ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតរបស់ប្រទេសនានាជុំវិញពិភពលោក។
សន្និសីទ ដែលមានអ្នកចូលរួម ប្រមាណជាង២ ០០០នាក់មកពី៦០ប្រទេសនោះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញរបៀបវារៈសកលសម្រាប់ការអភិរក្សផ្ទាំងទឹកកក។
ក្រសួងក៏បានឱ្យដឹងដែរថា ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ក្នុងប្រទេសតាហ៊្សីគីស្ថាននោះ លោករដ្ឋមន្រ្តីក៏បានជួបប្រជុំទ្វេភាគីជាមួយ លោកFUJII Hisayuki អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនផងដែរ។ ភាគីទាំង២ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ជាពិសេសក្នុងវិស័យបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា ក៏ដូចជាការគាំទ្រនៃគម្រោងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការគ្រប់គ្រងសំណល់រឹងនិងសំណល់ប្លាស្ទិក ព្រមទាំងការគ្រប់គ្រងការបំពុលបរិស្ថានផងដែរ៕