
សមាជិកព្រឹទ្ធសភា លោកម៉ុង ឫទ្ធី នាថ្ងៃអង្គារ ទី៣ ខែមិថុនា បានស្មើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពជីគីមី និងពូជផ្លែឈើ ដែលនាំចូលពីប្រទេសជិតខាង។
ភ្នំពេញៈ សមាជិកព្រឹទ្ធសភា និងរដ្ឋសភាបានស្មើឱ្យរាជរដ្ឋាភិបាលធ្វើការត្រួតពិនិត្យគុណភាពជីគីមី និងពូជផ្លែឈើចាស់ៗដែលនាំចូលពីបរទេស ហើយលើកទឹកចិត្តដល់កសិករ ឱ្យពង្រីកការដាំដុះដំណាំសរីរាង្គ ដើម្បីការពារសុខភាព។
នៅក្នុងកិច្ចប្រជុំអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើរបៀបរវារៈ ប្រធានបទទី៣ ស្ដីពីវិស័យកសិកម្មនាថ្ងៃទី០៣ ខែមិថុនា សមាជិកព្រឹទ្ធសភា លោកម៉ុង ឫទ្ធី បានស្មើឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពជីគីមី និងពូជផ្លែឈើ ជាដើម ដែលកំពុងតែត្រូវបាននាំចូលពីប្រទេសជិតខាង។
លោកបានសំណូមពរដូច្នេះថា៖«សុំមេត្តាជួយត្រួតពិនិត្យការនាំចូលជី សំខាន់គុណភាព។ កុំឱ្យគេយកជីគ្មានគុណភាពយកមកលក់ឱ្យកសិករយើង ធ្វើឱ្យកសិករយើងយកមកដាក់ស្រែចម្ការ ទៅទទួលបានផលតិច ហើយតម្លៃ ផលិតខ្ពស់»។
លោកក៏បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការផលិតពូជផ្លែឈើ ដើម្បីប្រើប្រាស់ខ្លួនឯងផងដែរ ដែលជាជាងពឹងផ្អែកលើពូជផ្លែឈើដែលនាំចូលពីក្រៅប្រទេស។
លោកម៉ុង ឫទ្ធីបានស្នើថា៖«សុំឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ផលិតពូជឈើហូបផ្លែ ដែលប្រទេសជិតខាងគេលក់ឱ្យយើង គឺឈើហូបផ្លែ ដែលគេឈប់ប្រើហើយ បានគេលក់ឱ្យយើង។ គេមិនចង់ឱ្យយើងទទួលបានផលច្រើនទេ។ គេធ្វើម៉េចឱ្យយើងទទួលបានផលតិច ដើម្បីឱ្យយើងនាំបន្លែផ្លែឈើពីគេមក ហើយជួនកាលប៉ះចំមានគីមីអ៊ីចឹងទៀត យើងក៏ទៅដេកពេទ្យស្រុកគេ ក៏ថាបានដែរ»។
លោកបានលើកឡើងថា ការងារធ្វើកសិកម្មដាំដុះ គឺត្រូវការចាំបាច់សំខាន់គឺពូជ ជី ទឹក និងដី។ ដោយឡែកចំពោះដី ដែលមិនមានជីជាតិ គឺត្រូវការកែប្រែដី ដើម្បីអាចដាំដុះទៅបានផលច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណា ចូលរួម កិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើរបៀបរវារៈ ពីវិស័យកសិកម្ម។ រូបថត ក្រសួងកសិកម្ម
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានចូលរួម កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាព ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន។
លោកម៉ុង ឫទ្ធីក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គតាំងពីបាតដៃទទេរ ដែល«រកអង្ករច្រកឆ្នាំងគ្មាន» រហូតដល់ផលិតបានអង្ករច្រើន សម្រាប់នាំចេញទៅក្រៅប្រទេស។
ចំណែក ឯតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល លោកទី សុគន្ធវិញ ក៏បានជំរុញ លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការធ្វើចលនាឱ្យប្រជាកសិករពង្រីក ការធ្វើកសិកម្មប្រកបដោយសុវត្ថិភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ក្នុងនោះ រួមមានការអនុវត្តការធ្វើកសិកម្មល្អ (Good Agricultural Practice- GAP) និងកសិកម្មសរីរាង្គជាដើម។
លោកសុគន្ធបានលើកឡើងថា៖«យើងផ្តោតទៅលើប្រភេទពូជ។ យើងមានឱកាសធ្វើបានច្រើនជាងប្រទេសផ្សេងៗទៀត ដោយសារតែយើងមិនទាន់ប្រើប្រាស់ជីថ្នាំគីមីច្រើនហួសហេតុដូចប្រទេសមួយចំនូននោះទេ»។
លោកប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានយល់ស្របថា នាពេលបច្ចុប្បន្ននេះកម្ពុជាលែងបារម្ភពីបញ្ហាសន្តិសុខស្បៀងទៀតហើយ។ ប៉ុន្តែរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពស្បៀង គុណភាពជី និងថ្នាំពុលកសិកម្ម ព្រោះថា កត្តាទាំងនេះប៉ះពាល់ទាំងគុណភាពដី ប្រព័ន្ធអេកូឡូហ្ស៊ី និងសុខភាពរបស់ពលរដ្ឋ។ ជីកសិកម្មនិងបន្លែផ្លែឈើ ដែលមានសារធាតុពុលខ្ពស់ អាចប៉ះពាល់ដល់សុខភាពពលរដ្ឋ រហូតបង្កឱ្យមានជំងឺមហារីកក៏មាន។
លោកបញ្ជាក់ថា៖«ការពារប្រសើរជាងព្យាបាល។ ហេតុនេះប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់ធានាសុវត្ថិភាពម្ហូបអាហារ បន្លែ ផ្លែឈើ ត្រី សាច់ ជី និងថ្នាំពុលកសិកម្ម...វានឹងធ្វើឱ្យគោលនយោបាយគាំពារសង្គមនិងលើកកម្ពស់សុខមាលភាពពលរដ្ឋមានប្រសិទ្ធភាព»៕