មតិ​សាធារណ​និង​អ្នក​វិភាគ​គាំទ្រ​ឲ្យ​កម្ពុជា​រក្សា​ជំហរ​ប្ដឹង​រឿង​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ទោះ​បី​ជា​ភាគី​ថៃ បង្ហាញ​ជំហរ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​យន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់​ជាជាង​ទៅ​តទល់​គ្នា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។

រដ្ឋាភិបាល​ថៃ​​នៅ​ព្រឹក​ថ្ងៃទី​៤ ឧសភា​នេះ ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​នឹង​ផែនការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​របស់​កម្ពុជា​រឿង​ព្រំដែន​ទាំង​ ៤​ ចំណុច​ រួម​មាន​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តា​ក្របី និង តំបន់​មុំបី។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ រដ្ឋាភិបាល​ថៃ​ចង់​ត្រឹម​ចរចា​រក​ដំណោះស្រាយ​ព្រំដែន​ជាមួយ​កម្ពុជា​ជា​លក្ខណៈ​ទ្វេភាគី​ដោយ​ប្រើ​យន្តការ គណៈ​កម្មការ​ព្រំដែន​ចម្រុះ (JBC) និង​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC)។ ភាគី​ថៃ​និង​កម្ពុជា​បាន​យល់​ព្រម​លើ​ការ​ស្នើ​ជួប​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា​នេះ។


ចំពោះ​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នៅ​មុំបី ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ កាល​ថ្ងៃ​ទី២៨ ខែ​ឧសភា ថៃ​បន្ត​អះអាង​ថា ពួកគេ​គ្រាន់​តែ​បាន​បាញ់​ការពារ​ខ្លួន ខណៈ​ដែល​កម្ពុជា​ផ្កោល​ទោស​ការ​បាញ់​ប្រហារ​នេះ ដែល​បណ្ដាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី១ ខែ​មិថុនា បាន​ប្រកាស​ថា​កម្ពុជា​នឹង​លើក​យក​បញ្ហា​ព្រំដែន​ទៅ​ជជែក​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ ប៉ុន្តែ នៅ​ថ្ងៃ​ទី២ ខែមិថុនា លោក​បាន​សម្រេច​ចិត្ត​និង​ថ្លែង​ប្រាប់​ទៅ​សមាជ​សភា​និង​ព្រឹទ្ធសភា​ថា កម្ពុជា​នឹង​ប្ដឹង​ទៅ​ ICJ ទោះ​បី​ថៃ​ចង់​ឬ​មិន​ចង់។


អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​គាំទ្រ​ការ​យក​បញ្ហា​នេះ​ទៅ​តុលាការ​ ICJ ដោយ​លោក​លើក​ឡើង​ថា កម្ពុជា​និង​ថៃ មាន​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​តាំង​ពី​ឆ្នាំ​២០០០ ប៉ុន្តែ ជិត​២៥​ឆ្នាំ​មក​នេះ មិន​មាន​លទ្ធផល​ដុំ​កំភួន​កើត​ចេញ​ពី​អនុស្សរណៈ​នេះ​ទេ ក្រៅ​តែ​ពី​បាន​ដើរ​រក​បង្គោល​បាន​បន្តិច​បន្តួច។

សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​ នៅ​ថ្ងៃ​ទី២ ខែមិថុនា បាន​ចេញ​ញត្តិ​គាំទ្រ​ការ​ប្ដឹង​បញ្ហា​ព្រំដែន​ទៅ​តុលាការ​ ICJ ដោយ​ថ្លែង​ថា៖ «អង្គ​សមាជ​គាំទ្រ​ពេញ​ទំហឹង​ចំពោះគោលជំហរ​ច្បាស់​លាស់ និង ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​យក​បញ្ហា​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្របី និង​តំបន់​មុំបី ដែល​កន្លង​ទៅ​រមែង​មាន​ភាព​រកាំរកូស ដែល​បង្ក​ឡើង​ដោយ​កងទ័ព​ថៃ​នោះ ទៅ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ពន្លត់​និង​បញ្ចប់​បញ្ហា​នេះ​ ដោយ​សំឡេង​អនុម័ត​ជា​ឯកច្ឆ័ន្ធ ១៨២ លើ ១៨២ សំឡេង នៃ​សមាជិក​ចូល​រួម​ទាំង​អស់ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥»។

សេចក្ដី​ថ្លែង​ការ​របស់​អង្គសមាជ​ថ្លែង​ថា៖ «អង្គ​សមាជ​គាំទ្រ​ពេញទំហឹង ចំពោះ​ប្រសាសន៍​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​បាន​លើក​ឡើង​ថា «ត្រូវ​ពន្លត់​ភ្លើង​ជា​ជាង​អង្គុយ​បក់​ផ្សែង»។

នៅ​លើ​បណ្ដាញ​សង្គម មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​ឲ្យ​យក​បញ្ហា​នេះ​ទៅ​តុលាការ​អន្តរជាតិ ដោយ​អ្នក​ខ្លះ​ប្ដូរ​រូប​ប្រូហ្វាល​មាន​សរសេរ​ពី​ការ​គាំទ្រ​ការ​យក​បញ្ហា​នេះ​ទៅ​តុលាការ។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា​យល់​យល់​ថា កម្ពុជា​មិន​អាច​ដើរ​ថយ​ក្រោយ​ដោយ​ការ​ចរចា​រក​ដំណោះ​ស្រាយ​នោះ​ទេ ហេតុ​នេះ​ត្រូវ​ប្ដឹង​ទៅ​ ICJ ដើម្បី​ឲ្យ​មាន​ភាព​ច្បាស់​លាស់ ព្រោះ​ថៃ​នៅ​ចិញ្ចឹម​ចិត្ត​រំលោភ​យក​ទឹកដី​កម្ពុជា​ជា​ច្រើន​ដង។

លោក​ថ្លែង​ថា៖ «ទាហាន​ថៃ ថា​គាត់​នឹង​មិន​ប្រើ​ផែនទី​ដែល​បារាំង​គូស​ទេ គឺ​ប្រើ​ផែនទី​ដែល​គូស​ដោយ​ខ្លួន​ឯង។ បើ​យើ​ស្រប​ម្ដង​នេះ លើក​ក្រោយ​គាត់​នឹង​គូស​ផែនទី​វាត​ទី​យក​ទៀត ដោយ​មិន​បញ្ឈប់​មហិច្ឆតា​ទេ»។

លោក​បន្ត​ថា៖ «ជម្លោះ​ជាតិ​សាសន៍​ពីរ​ ត្រូវ​មាន​ច្បាប់​អន្តរជាតិ​យក​មក​ដោះ​ស្រាយ មិន​អាច​យក​ច្បាប់​ជាតិ​រៀងៗ​ខ្លួន​ ឬ ផែនទី​ឯកតោភាគី​មក​ដោះស្រាយ​ទេ។ បើ​យក​ផែនទី​គូស​ដោយ​ឯកតោភាគី យើង​អាច​គូស​ផែនទី​សម័យ​អាណាចក្រ​ខ្មែរ​ទៅ​ដល់​បាងកក»។

លោក​ថា កម្ពុជា​មិន​អាច​យល់​ស្រប​តាម​ភាគី​ថៃ តាម​ការ​លួង​លោម ឬ​ពិធីការ​ទូត​ណា​មួយ​ ហើយ​បែរ​ទៅ​ជា​ដក​ថយ​នោះ​ទេ៕