ភ្នំពេញៈ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺជាប្រធានបទ ដែលត្រូវបានជ្រើសរើស ក្នុង​ការ​ប្រារ​ព្ធទិ​វា​បរិ​ស្ថាន​ជាតិ ​និ​ងបរិស្ថានពិភពលោក ៥ មិថុនា នៅ​ថ្ងៃ​ព្រហ​ស្បតិ៍ ស្អែកនេះ ខណៈ​ពេលដែលមានក្តី​កង្វល់ពីកំណើន និង​ផល​ប៉ះពាល់ពី​សំណល់​ប្លា​ស្ទិក ទាំងនៅកម្ពុជា និងពិភពលោក។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ការជ្រើសរើសប្រធានបទ «ប្រយុទ្ធប្រឆាំង​ការបំពុល​ដោយ​​ប្លា​ស្ទិក Beat Plastic Pollution» នេះគឺធ្វើឡើង​ស្រប​តា​មប​រិប​ទសកល​ និង​ស្ថាន​ភាព​ជាក់​ស្តែ​ងនៅ​ក្នុ​ងប្រ​ទេ​ស​កម្ពុជា​ដែល​កំពុងប្រឈម​នឹង​បញ្ហា​ការ​កើន​ឡើង​នៃ​សំណល់​ប្លា​ស្ទិក ដែលកំពុងតែ​ក្លាយ​ជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​ដោយសា​រតែ​ការ​កើន​​ឡើង​នៃការ​ប្រើ​ប្រាស់​ផលិ​តផ​លប្លាស្ទិក​ក្នុង​ជីវ​ភាព​រ​ស់​នៅប្រ​ចាំថ្ងៃ​។

លោកមានប្រសាសន៍ថា៖«ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងជ​នប​ទ​ប៉ុណ្ណោះ​ទេ ​តែថែមទាំង​បង្កផល​ប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​ បរិស្ថាន ​ប្រព័ន្ធ​អេកូឡូ​ស៊ី​ សុខ​ភាព​សាធារណៈ​ និង​សេដ្ឋកិ​ច្ចជា​តិ​ផង​ដែ​រ។​ ប្រធានបទនេះ គឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះ»។ ក្រៅពីនោះ វាក៏ជាការ អំពាវ​នា​វ​ឱ្យមា​ន​ការ​ចូល​រួ​មយ៉ា​ង​ស​កម្ម​ពីគ្រប់ភាគីពាក់ព័ន្ធ​ ដើម្បី​រួមគ្នាដោះ​ស្រាយ​បញ្ហា​សំណល់​ប្លាស្ទិក​ និង​ឆ្ពោះ​ទៅរ​ក​ការ​កាត់​​បន្ថ​យការ​បំពុលដោយប្លាស្ទិកឱ្យបានជាអតិបរមា។


ក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ​ក្រសួងបរិស្ថាន​ និង​រដ្ឋ​បាលរាជធានី​ភ្នំ​ពេញ​សហការគ្នាប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោ​ម​ព្រះរា​ជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​ ព្រះ​មហា​ក្ស​ត្រ​ នៅ​ ពហុកីឡដ្ឋាន​ជាតិម​រតកតេជោ​ ក្នុងសង្កាត់ ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ទិវានេះរៀបចំឡើង ក្នុងគោលបំណង​ លើក​កម្ពស់​ការយល់​ដឹង​អំ​ពី​បរិ​ស្ថាន​ និង​ជំរុញ​ចលនា​ប្រជាពលរដ្ឋ ព្រះ​សង្ឃ​ កងកម្លាំង ប្រដាប់អាវុធ​ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ សិស្សនិស្សិត និង​សាធារណជន​ទាំងអស់​ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង​សំរាម​ប្លាស្ទិក​ ដើម្បី​រួម​គ្នាការ​ពារ​ភ​ពផែន​ដី​ឱ្យ​មាន​​ភាពស្អាតបៃតង និងចីរភាព ដែលជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។


នៅក្នុងទិវានេះ ក៏មានរៀបចំ​ពិព័រណ៍​ដាក់​តាំង​បង្ហាញ​ពី​សមិទ្ធផល​និង​ផលិត​ផល​នានារ​បស់​ក្រសួ​ង​ស្ថាប័​ន​ក្រុមហ៊ុន​និងអង្គការដៃគូអភិវឌ្ឍវិស័យបរិស្ថានចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែ​មិថុនានេះ។

នៅត្រឹមឆ្នាំ២០៥០ សំណល់រឹងទីក្រុងក្នុងពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថា អាចកើនឡើង ដល់៣,៤ ពាន់​លានតោន ដែលបង្ក​គ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងសុខុមាលភាពរបស់មនុស្ស។​ នៅទូ​ទាំ​ងពិ​ភ​​ព​លោក សំណល់ប្លាស្ទិកជាង៨លានតោន ដែលរួមមាន​ប្រភេទស្នោរផងនោះ បាន​កំពុងតែបំពុល​សមុទ្រ​ ជា​រៀង​រា​ល់​ឆ្នាំ​។ ការបំពុលនេះ បានសម្លាប់សត្វសមុទ្ររាប់លានក្បាលក្នុង១ឆ្នាំៗ។ ​អង្គការ​សហប្រជាជាតិ​បាន​ឱ្យដឹងថា ​នៅ​ឆ្នាំ​២០៥០ ចំនួន​ប្លាស្ទិក នឹងកើនឡើង​ច្រើន​ជាង​ចំនួន​ត្រី​ក្នុង​មហាសមុទ្រ។

ដោយឡែកម្ពុជាវិញ សំរាមចំនួន៤លានតោនក្នុងមួយឆ្នាំត្រូវបានបង្កើត ដែលក្នុងនោះ ៦០ភាគរយ​ ជា​សំណ​ល់​សរីរាង្គ និង ២០ ភាគរយ ជាសំណល់ប្លាស្ទិក ដែលភាគច្រើនជាប្រភេទប្លាស្ទិកប្រើបានតែមួយដង រួមមាន ប្រអប់ស្នោ ដប និងថង់ប្លាស្ទិក។ ក្រៅពីនោះ ២០ភាគរយ ជាសំណល់ផ្សេងៗ និងការបោះសំរាមចោលមិនត្រឹមត្រូវ។

អង្គការ​អភរិក្ស​សមុទ្រ​កម្ពុជា (MCC)បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ សំណល់ប្លាស្ទិកមានដូចជា ស្បែងជើង ដែកកេះ ដបជ័រ និងប្រភេទស្នោបានបក់បោកមកទើរនៅតាមឆ្នេរ នៃកោះអាចម៍សេះ ក្នុងខេត្តកែប។​ សំរាមទាំង​អស់​នេះ​ភាគ​ច្រើន​មក​ពីលំហូរទឹកសមុទ្រ ដែលនាំយកកំទេចកំទី ពីតំបន់ឆ្នេរឆ្ងាយៗ  រួមទាំងសកម្មភាពរបស់មនុស្សផងដែរ  ទោះ​បីជា​មានការសំអាតជាប្រចាំក៏ដោយ។

មន្រ្តីមន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងអង្គការដៃគូបានប្រមូលសំរាមសំណល់ប្លាស្ទិក ក្នុងខណ្ឌសែនសុខ ដើម្បីចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា។ រូបថត ក្រសួងបរិស្ថាន

អង្គការ​បានអំពាវនាវថា៖«វាដល់ពេលហើយដែលយើងត្រូវគិតពីការបំពុលដោយប្លាស្ទិក កាត់​បន្ថយការ​ប្រើប្រាស់​ប្លាស្ទិក និងប្រភេទស្នោរ ចូលរួមសំអាត និងផ្សព្វផ្សាយ រាល់សកម្មភាពទាំងនេះអាចជួយទាំងក្នុងតំបន់ និង​ស​កល​លោក»។

ក្រសួងបរិស្ថាន ក៏បានចាប់ផ្តើមធ្វើយុទ្ធនាការសំអាតផ្លូវជាតិ« ផ្លូវ​ជាតិគ្មានសំរាមប្លាស្ទិក»ផងដែរ ចាប់ពី ខែមករា ឆ្នាំ​២០២៥នេះមក។ នៅមុននេះ ក្រសួងក៏បានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក«ថ្ងៃនេះ ខ្ញុំមិន​ប្រើ​ថង់​ប្លាស្ទិ​កទេ​» និង​យុទ្ធ​នា​ការ​«កម្ពុជាស្អាត ខ្មែរធ្វើបាន»ផងដែរ។

ក្រសួងបានលើកឡើងថា យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជានេះ បានជួយកាត់​បន្ថយការ​នាំចូល​ប្លាស្ទិក​បាន​ចំ​នួនជាង ៨០ភាគរយ ក្នុងឆ្នាំ២០២៤។ លើសពីនោះ វាក៏បានជួយកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាម​ដង​ផ្លូវ​បាន​ប្រមាណ៨០ ភាគរយផងដែរ បើធៀបនឹងឆ្នាំ ២០២៣៕