ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន និង​ក្រុមគ្រួសារ​បរិច្ចាគ​ដី​ទំហំ​ ២ ហិកតា តម្លៃ​ជាង​ ១០​លាន​ដុល្លារ​ និង​សាងសង់​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិតស្ត្រី​ក្រីក្រ​ដែល​មក​ពី​បណ្ដា​ខេត្តនានា​មក​បន្ត​ការ​សិក្សា​នៅ​ភ្នំពេញ។

ការ​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ជួប​ជាមួយ​​ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅ​ព្រឹក​ថ្ងៃ​ទី៤ មិថុនា​​នេះ។​

លោក​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា៖ «ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋាន​សម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជ​ធានី​ភ្នំពេញ»។


លោក​បន្ត​ថា៖ «បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច​ យកដី ២ហិកតា ដែលទិញតម្លៃជាង​ ១០​លានដុល្លារ សម្រាប់សាងសង់​ស្ថានីយទូរទស្សន៍បាយ័ន​នៅ​ជ្រោយ​ចង្វារប្រគល់ជូនទៅក្រសួង​កិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន»។

អន្តេវាសិកដ្ឋាន​នេះ​មាន ១២០​បន្ទប់ ​អាច​ទទួល​និស្សត​ស្ត្រី​ស្នាក់​នៅ​បាន​ ៥០០​នាក់​ ដោយ​ក្នុង​មួយ​បន្ទប់​អាច​ស្នាក់​នៅ​៤​នាក់។ បន្ថែម​ពី​លើ​នេះ​ក៏​មាន​​ប៉ុស្តិ៍សុខភាពនៅជាន់​ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យ​ជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់​នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។


លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ថា នេះ​ជា​កាយ​វិការ​សប្បុរសធម៌​របស់​ប្រធាន​ព្រឹទ្ធភា និង​ការ​គិត​គូរ​របស់​លោក​លើ​ការ​លើក​កម្ពស់ និង​រួម​ចំណែក​បង្កើត​លក្ខខណ្ឌ​សមប្រកប​ដើម្បី​ជួយ​ឲ្យ​និស្សិត​ស្រី​ក្រីក្រ​មាន​កន្លែង​ស្នាក់​នៅ​ដើម្បី​បន្ត​ការ​សិក្សា ដើម្បី​កសាង​អនាគត​ខ្លួន​ឯង​និង​ចូលរួម​ដល់​ការអប់រំ​នៅ​កម្ពុជា។​

លោក​បន្ត​ថា ការ​ជួយ​នេះ​ក៏​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​នៃ​វសមភាព​យែនឌ័រ​រវាង​និស្សិត​ស្រី​និង​និស្សិត​ប្រុស ដែល​អាច​ចូលរួម​ចំណែក​ជា​វិជ្ជមាន​ទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ឲ្យក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។​

យ៉ាង​ណា​ក៏​ដោយ លោក​សំណូមពរ​ថា៖ «ដើម្បី​ឲ្យ​ពួក​គាត់​បាន​រៀន​សូត្រ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​បន្ថែម​ទៅ​លើ​ការ​មាន​កន្លែង​ស្នាក់​នៅ គួរ​បន្ថែម​អាហារូបករណ៍​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​ពួក​គាត់​មាន​ទុន និង​ធនធាន​ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ»៕