
ស្រ្តីដែលទទួលការសម្រាលកូន នៅផ្នែកសម្ភព នៃមន្ទីរពេទ្យគន្ធបុប្ផាកាលពីខែមេសាកន្លងមក។ រូបថត Dr. Beat Richner
ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ក្នុងរយៈពេល៥ខែ នៃឆមាសទី១ ឆ្នាំ២០២៥នេះអស់១៨លានដុល្លារអាមេរិក ដោយបានធ្វើការពិនិត្យព្យាបាលកុមារឈឺ និងស្រ្តីមានផ្ទៃពោះ ជាងកន្លះលាននាក់។
សង្ខេបរបាយការណ៍សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃពុធទី៤ ខែមិថុនានេះ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ នាឆ្នាំ២០២៥នេះ មានកុមារឈឺ និងស្រ្តីមានផ្ទៃពោះចំនួន៥៣៥ ៣៧៧នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ហើយ កុមារមានជំងឺធ្ងន់ៗ ចំនួន ៧៧ ៩៩៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ក្រៅពីនោះ កុមារចំនួន១ ៧១៦ នាក់ ដែលមានជំងឺគ្រុនឈាម ក៏ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ ហើយកុមារចំនួន១៣ ១៨៤នាក់ បានទទួលការវះកាត់ទូទៅ។

មន្ទីរពេទ្យក៏បានធ្វើការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម (Heart interventional catheterization and operations) នៅមន្ទីរគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន៤៥៨នាក់ ហើយក៏មានស្រ្តីសម្រាលកូនបានចំនួន ៧ ៨២៩នាក់ នៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)ផងដែរ។ រីឯ អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ (hospitalized pediatric mortality rate)មាន០,៣ភាគរយ។
ក្នុងអំឡុងពេលយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជាកំពុងតែប្រព្រឹត្តទៅនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានទទួលថវិកា ១លានដុល្លារអាមេរិក ពីកាកបាទក្រហមកម្ពុជា ជាលើកទី១៤ ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនានេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពជាផងដែរ៕