
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ព្រះមហាក្សត្រអំពាវនាវឱ្យភាគីពាក់ព័ន្ធ សហការគ្នាលើកកម្ពស់ការថែរក្សាបរិស្ថាន និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាព ដើម្បីបន្សល់សម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនោះ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
ព្រះរាជបន្ទូលអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ធ្វើឡើងក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ « ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution» នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ព្រះអង្គមានព្រះរាជបន្ទូលថា ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថាន ៥ មិថុនានេះ គឺជាការជួបជុំគ្នាមួយ ដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន។ ប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»នេះ គឺជាការរំលឹក និងជាការអំពាវនាវមួយសម្រាប់ជនរួមជាតិទាំងអស់គ្នា ឱ្យរួមគ្នា ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។
ព្រះអង្គមានបន្ទូលដូច្នេះថា៖«ការដោះស្រាយបញ្ហានេះមិនជាការងារ របស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា....និងសុំបន្តផ្តល់នូវកិច្ចសហការណ៍គាំទ្រ គ្រប់រូបភាព ជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវ បេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាពស្របតាមពាក្យស្លោកកម្ពុជាស្អាត ខ្មែរធ្វើបាន»។

ព្រះអង្គក៏បានមានព្រះរាជបន្ទូលលើកឡើងដែរថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វបុរសកម្ពុជាបានថែរក្សា កេរដំណែលនេះ ទុកសម្រាប់កូនចៅទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវស្រងាត់ ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាប ដែលជាមរតកធនធានធម្មជាតិ ដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរដ៏ស្រស់ស្អាតរស់រវើក និងប្រជុំកោះតូច ធំជាច្រើន។
សម្បត្តិធម្មជាតិទាំងអស់នេះហើយគឺជាសរសៃឈាម ជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់កម្ពុជា។ ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់ នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។
ព្រះអង្គមានព្រះរាជបន្ទូលថា៖«ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សា ការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ»។
ព្រះអង្គមានបន្ទូលបន្តថា ថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្ស រីកចម្រើន រហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាព ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្សាំទៅនឹងផលប៉ះពាល់ ក៏ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ទិវានេះត្រូវបានសហការរៀបចំឡើង ដោយក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីប្រធានព្រឹទ្ធសភា លោកហ៊ុន សែន, លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំស្ថាប័នជាតិកំពូលៗ តំណាងអង្គទូត អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋជាច្រើនរូបផ្សេងៗទៀត។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងប្តេជ្ញាចិត្តដ៏មុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយប្លាស្ទិក។
លោករដ្ឋមន្រ្តីបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សទៅហើយ។ សព្វថ្ងៃនេះ ផលិតផលប្លាស្ទិក ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២ភាគរយ ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩ភាគរយ ប៉ុណ្ណោះ ត្រូវបានធ្វើការកែច្នៃឡើងវិញ។ រីឯ ចំណែកដែលនៅសល់ គឺ ត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន ដែលរួមទាំងមហាសមុទ្រផងដែរ។
ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក ដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិត៣ដង ប្រមាណពី១១លាន តោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ប្លាស្ទិកបានបំបែកខ្លួន ក្លាយជាបំណែកតូចៗហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុង បំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះថ្នាក់ដល់ភាវៈមានជីវិតទាំងនៅ ក្នុងទឹកនិងលើគោក។ បំណែក ប្លាស្ទិកទាំងនេះ ត្រូវបានរកឃើញនៅ ក្នុងសរសៃឈាមអាកទែរ សួតនិងខួរក្បាលរបស់មនុស្ស និងសូម្បីតែ នៅក្នុងទឹកដោះម្តាយ»។
លោកក៏បានឱ្យដឹងផងដែរថា ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួងបានបំពាក់ស្ថានីយ៍តាមដានគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន៥៦កន្លែងទូទាំងប្រទេស។ ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានកាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ៨៨ភាគរយ។
ស្របពេលជាមួយគ្នានេះ ក្រសួងក៏បានកំពុងសិក្សាប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦ កន្លែង ឱ្យក្លាយជាទីលានទុកដាក់មានសុវត្ថិភាពផងដែរ៕
