
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ទទួលបានឋានៈជាសមាជិកពេញសិទ្ធិ នៅក្នុងអង្គការវេចខ្ចប់ពិភពលោក (WPO)។ សហការី
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា (CPC) ទទួលបានឋានៈជាសមាជិកពេញសិទ្ធិ នៅក្នុងអង្គការវេចខ្ចប់ពិភពលោក (WPO) នាពេលថ្មីៗនេះ ដែលជាជំហានដ៏សំខាន់មួយទៀតរបស់កម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងស្តង់ដារសុវត្ថិភាពម្ហូបអាហារ បង្កើនភាពប្រកួតប្រជែង និងនិរន្តរភាពនៃឧស្សាហកម្មម្ហូបអាហារក្នុងស្រុក។
មជ្ឈមណ្ឌល CPC ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៤ ក្នុងគោលបំណងរួមចំណែកលើកស្ទួយការស្រាវជ្រាវ និងអភិវឌ្ឍន៍ការវេចខ្ចប់នៅកម្ពុជា។ វាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារ (FTRIP) ក្រោមក្របខណ្ឌគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ។
សេចក្ដីប្រកាសព័ត៌មានរួមរបស់រដ្ឋបាលជលផល និង UNIDO ដែលចេញផ្សាយនៅថ្ងៃទី៥ មិថុនា បានឲ្យដឹងថា ការទទួលបានសមាជិកភាពរបស់ CPC ក្នុងអង្គការ WPO នេះផ្តល់លទ្ធភាពឱ្យមជ្ឈមណ្ឌលទទួលបានជំនាញបច្ចេកទេស បច្ចេកវិទ្យាវេចខ្ចប់ថ្មីៗ និងដកស្រង់នូវមេរៀនបទពិសោធន៍ និងការអនុវត្តល្អៗពីជុំវិញពិភពលោក។
ធនធានទាំងនេះ នឹងជួយឱ្យកម្ពុជាបំពេញបានតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារជាសាកល ពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងលើកទឹកចិត្តឱ្យទទួលយកការអនុវត្តការវេចខ្ចប់ប្រកបដោយនិរន្តរភាព មេត្រីភាពបរិស្ថាន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
សេចក្ដីប្រកាសព័តមានបញ្ជាក់ថា៖ «ការកែលម្អការវេចខ្ចប់ផលិតផលកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ ជួយពង្រីកទីផ្សារថ្មី និងលើកកម្ពស់ភាពប្រកួតប្រជែងបានកាន់តែប្រសើរ។ ជាពិសេស ដំណោះស្រាយផ្នែកវេចខ្ចប់ក៏អាចជួយកាត់បន្ថយការខាតបង់ម្ហូបអាហារ និងកាកសំណល់បានកាន់តែប្រសើរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជួយឱ្យសម្រេចបានសន្តិសុខស្បៀង និងនិរន្តរភាព»។
លោក ប៊ុនតុង បូរារិន អ្នកសម្របសម្រួលជាន់ខ្ពស់របស់ CPC ថ្លែងថា៖ «សមិទ្ធផលនេះគឺជាជំហានដ៏សំខាន់មួយសម្រាប់វិស័យវេចខ្ចប់នៅកម្ពុជា។ វាបើកឱកាសសម្រាប់កិច្ចសហការ ការចែករំលែកចំណេះដឹង និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាសម័យថ្មី ជួយកែលម្អស្តង់ដាឧស្សាហកម្មក្នុងស្រុកពង្រីកសក្តានុពលក្នុងការនាំចេញ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ និងអ្នកផលិតដូចគ្នា»។
លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធានទីប្រឹក្សាបច្ចេកទេស UNIDO សម្រាប់គម្រោង CAPFISH-Capture បានថ្លែងថា ការទទួលសមាជិកភាពជាមួយអង្គការ WPO នឹងធ្វើឲ្យ មជ្ឈមណ្ឌល CPC ដើរតួនាទីស្នូលក្នុងការចែករំលែកជំនាញ ប្រើប្រាស់ការអនុវត្តល្អប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លោកថា៖ «កិច្ចខិតខំប្រឹងប្រែងនេះ ជួយកសាងភាពធន់បានយូរអង្វែង និងលើកកម្ពស់និរន្តរភាពនៅក្នុងវិស័យម្ហូបអាហារ និងការវេចខ្ចប់នៅកម្ពុជា»។
CPC ទទួលបានការគាំទ្រថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយអង្គការ UNIDO និងរដ្ឋបាលជលផល (FiA)។ មជ្ឈមណ្ឌលចូលរួមផ្ដល់ដំណោះស្រាយសមស្របតាមតម្រូវការរបស់អាជីវករ និងសហគ្រាសក្នុងស្រុកបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកម្ហូបអាហារនូវជំនាញផ្នែកវេចខ្ចប់ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕