ភ្នំពេញ៖ រាជ​រដ្ឋាភិបាល​កម្ពុជា​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​​​នាំយក​បញ្ហាព្រំដែន​​ចំនួន​បួន រួមមាន ប្រាសាទ​​តា​មាន់​ធំ ​ប្រាសាទ​តាតមាន់តូច​ ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​មិន​លើក​យក​រឿងទាំង​នេះ​មកជជែក​​​ ​អំឡុងពេល​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​​ថៃ​នៅ​ថ្ងៃទី ១៤ ខែមិថុនា​ខាងមុខនេះ​ឡើយ​​។​

សេចក្តីថ្លែងការណ៍ភាសា​អង់គ្លេស ​ដែល​បានចេញ​ផ្សាយ​ព្រឹក​ព្រលឹម​​​ថ្ងៃទី ៥ ខែមិថុនា បាន​​ឱ្យ​ដឹង​ថា៖ «​ខណៈពេលដែល​កំពុង​បន្ត​ដំណោះស្រាយ​ផ្លូវច្បាប់​នៅតុលាការ​យុត្ដិធម៌​អន្ដរជាតិ​ (ICJ) រាជរដ្ឋាភិបាល​នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​សន្ទនា និងសហ​​ប្រតិបត្ដិការ​ការទូត»​។​

សេចក្តីថ្លែងការណ៍​បានសរសេរថា៖ «​​កម្ពុជា​នឹង​បន្ត​ចូលរួម​តាមរយៈ​ក្របខ័ណ្ឌ​ទ្វេភាគី​ដែលមាន​ស្រាប់ ហើយនឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​បន្ទាប់​នៃ​គណៈកម្មការ​ចម្រុះ​ស្តីពី​ការបោះបង្គោល​ព្រំដែន​គោក (JBC) នៅ​ថ្ងៃទី ១៤​ ខែមិថុនា ឆ្នាំ ២០២៥​ នៅ​រាជធានី​ភ្នំពេញ​»។​


ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​កំពុង​តស៊ូ​មតិ​សម្រាប់​ការ​ចរចា​ទ្វេភាគី​ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​ស្នើ​ឱ្យ​ប្រើ​យន្តការ​ដែល​មាន​ស្រាប់​ដូច​ជា​គណៈកម្មការ​ព្រំដែន​រួម (JBC) និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)។

ក្នុងសេចក្តីថ្លែងការណ៍របស់ថៃ កាលពីថ្ងៃទី៤ ខែមិថុនា រដ្ឋាភិបាលថៃ បានប្រកាសថា កម្ពុជាបានយល់ព្រមក្នុងកិច្ចប្រជុំនៅថ្ងៃទី១៤ ខែមិថុនា ដែល​រៀបចំ​ឡើង​នៅកម្ពុជា ដើម្បីពិភាក្សាលើបញ្ហានេះ ដែលត្រូវបានបញ្ជាក់ដោយក្រសួងការបរទេសកម្ពុជា។


យោងតាម​សេចក្ដីថ្លែងការណ៍របស់​កម្ពុជា បានបញ្ជាក់ថា​៖ «​​ទោះជា​យ៉ាងនេះ​ក្តី ដោយសារបញ្ហា​ទាំង​នេះ​ត្រូវ​​​បញ្ជូនទៅ​កាន់​តុលាការ (ICJ)​ តំបន់​ទាំង​បួន​ខាងលើ​នឹងមិន​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ JBC  [ជាមួយ​ថៃ] ​នាពេលខាងមុខ​នោះទេ»​។

សេចក្ដីថ្លែងការណ៍​​ បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​រក្សា​គោលនយោបាយ​ការបរទេស​ផ្តោតលើ​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។​

ចាប់តាំងពី​ទទួលបាន​ឯករាជ្យ លើកលែងតែ​ក្នុង​របប​ខ្មែរក្រហម កម្ពុជា​នៅតែ​ប្តេជ្ញា​ប្រែក្លាយ​ព្រំដែន​រួម​របស់ខ្លួន​ទៅជា​តំបន់​សន្តិភាព និង​ការអភិវឌ្ឍន៍​។​

ទោះបីជា​មានការ​ប្រឈម​ក៏ដោយ កម្ពុជា​បានផ្តល់​អាទិភាព​ដល់​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី សូម្បីតែ​ចំពេល​មាន​ភាព​តានតឹង និង​ការបាត់​បង់ជីវិត​ទាហាន​ការពារ​អធិបតេយ្យភាព​ជាតិ​យ៉ាង​សោកនាដកម្ម​ក៏ដោយ​។

សេចក្ដីថ្លែងការណ៍ ​បាន​លើកឡើងថា​៖ «​​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់រាជរដ្ឋាភិបាល​កម្ពុជា​​ ចំពោះ​ការដោះស្រាយ​ដោយ​សន្តិវិធី គឺ​បង្ហាញឱ្យឃើញ​នៅក្នុងគោលជំហរ​​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន រួមទាំង​ការបញ្ជូន​វិវាទ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​កាត់ក្តី​ឱ្យ​កម្ពុជា​ឈ្នះ​​នៅ​ឆ្នាំ ១៩៦២ និង​ម្តងទៀត​នៅ​ឆ្នាំ ២០១៣​ ក្នុង​ជម្លោះព្រំដែន​របស់​យើង​ជាមួយ​ប្រទេស​ថៃ»​។​

រដ្ឋាភិបាល​បាន​បន្ថែមថា​៖ «​សកម្មភាព​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​យើង​ចំពោះ​ច្បាប់​អន្តរជាតិ និង​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី»​។​

ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ឧប្បត្តិហេតុ​ប្រដាប់អាវុធ​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ដែល​កងកម្លាំង​យោធា​ថៃ​បាន​បើក​ការបាញ់ប្រហារ​មកលើ​​​កងទ័ព​កម្ពុជា ដែល​ស្ថិតនៅក្នុង​តំបន់​​តេ​ជោ​មរកត ក្នុង​ខេត្តព្រះវិហារ​។​ ​ការវាយប្រហារ​នេះ​បាន​បណ្តាលឱ្យ​ទាហាន​ខ្មែរ​ស្លាប់​យ៉ាង​សោកសៅ​។​

រដ្ឋាភិបាល​បានធ្វើ​ការតវ៉ា​ជា​ផ្លូវការ​ប្រឆាំងនឹង​ការប្រើប្រាស់​កម្លាំង​ដោយ​មិន​ញញើត​នេះ ដែលជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​គោលការណ៍​នៃ​ភាពជា​អ្នកជិតខាង​ល្អ ដែល​មានចែង​នៅក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ឆ្នាំ ២០០០ រវាង​ប្រជាជាតិ​យើង​ទាំងពីរ​។​

យោងតាម​សេចក្តីថ្លែងការណ៍ ឧបទ្ទវ​ហេតុនេះ​បង្ហាញ​ពី​ដែន​កំណ​ត់នៃ​យន្តការ​ដោះស្រាយ​វិវាទ​បច្ចុប្បន្ន​នៅតាម​ព្រំដែន​រួម​។​

ដើម្បី​ទទួលបាន​ដំណោះស្រាយ​ដោយ​យុត្តិធម៌ និង​និរន្តរភាព រាជរដ្ឋាភិបាល​បានសម្រេច​បញ្ជូន​វិវាទ​លើ​តំបន់​រសើប​ចំនួន​បួន​គឺ មុំ​បី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច​ និង​ប្រាសាទ​តា​ក្របី ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទី​ក្រុងឡាអេ នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៥​​។​

តំបន់​ទាំងនេះ​មិន​ត្រូវបាន​ដោះស្រាយ​ជា​យូរ​មកហើយ ហើយ​អាច​បង្កើន​ភាព​តានតឹង ប្រសិនបើ​មិនបាន​ដោះស្រាយ​។​

សេចក្តីថ្លែងការណ៍​បាន​បន្ដ​ថា៖ «​​ការសម្រេចចិត្ត​នេះ​បានទទួល​ការគាំទ្រ​ជា​ឯកច្ឆ័ន្ទ​ពី​សមាជ​រួមលើកដំបូង​​រវាង​​រដ្ឋសភា និង​ព្រឹទ្ធសភា​»។

កម្ពុជា​សង្ឃឹមថា ថៃ​នឹង​សហការ​ក្នុងការ​រួមគ្នា​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​ស្មារតី​យុត្តិធម៌ ការកសាង​ទំនុកចិត្ត មិត្តភាព​យូរអង្វែង និង​ភាព​ជិតខាង​ល្អ​។​

ទោះយ៉ាងណា​ក៏បាន​កត់សម្គាល់ថា ប្រសិនបើ​កិច្ចសហប្រតិបត្តិការ​មិន​ទាន់​មាន​ទេ កម្ពុជា​បាន​ត្រៀមខ្លួន​ដើម្បី​ដំណើរការ​ដោយ​ឯករាជ្យ​។​

រដ្ឋាភិបាល​បានស្នើ​​ប្រជាជន​កម្ពុជា​ទាំងអស់​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ស្ងប់ស្ងាត់ និង​អត់ធ្មត់ ដោយ​ណែនាំ​ពួកគេ​កុំឱ្យ​ប្រែក្លាយ​ជា​បញ្ហា​ជាតិ​សាសន៍ ឬ​​​ជាតិនិយមជ្រុល​​។​

សេចក្ដីថ្លែងការណ៍​បាន​បញ្ជាក់ថា​៖ «​​យើង​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការរក្សា​ទំនាក់ទំនង​ធម្មតា​ជាមួយ​ប្រទេស​ថៃ ជាពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក»៕