កម្ពុជា​បញ្ជាក់​ជំហរ​ម៉ឺងម៉ាត់ប្រាប់​ទៅ​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​ថា កម្ពុជា​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ​បី តាម​ការ​ស្នើ​សុំ​របស់​ភាគី​ថៃនោះ​ទេ ព្រោះ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា។​

ការ​បញ្ជាក់​ដូច្នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ ទៀ សីហា និង សមភាគី​ថៃ Phumtham Wechayachai កាល​ពី​រសៀល​ថ្ងៃ​ទី៥ ឧសភា ធ្វើ​ឡើង​នៅ​ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ថា៖ «ចំនុចភាគីថៃ​បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ  ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃរយ៍តាំងពីដើមរៀងមក»។ 


ក្រសួង​បន្ត​ថា៖ «ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា​បានឡើយ»។ 

ភាគី​ទាំង​ពីរ​បាន​​ឯកភាពកាត់​បន្ថយភាពតានតឹងនៅ​ព្រំដែន​ ដោយ​រក្សាការប្រាស្រ័យទាក់​ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា​កម្ពុជា-ថៃ។


លោក ទៀ សីហា បាន​លើក​ឡើង​ពី​ការ​ដែល​ភាគី​ទាំង​ពីរប្រើ​ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា ដែល​នឹង​មិនអាចរកចំនុចកណ្តាល​ក្នុងការថែរក្សាស្ថិរភាពព្រំដែន។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ​នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ 

បើ​តាម​ក្រសួង​ការពារជាតិ លោក​ ទៀ សីហា ប្រាប់​ទៅ​លោក Phumtham Wechayachai ថា ភាគីកម្ពុជា​សម្រេចចិត្ត​រៀបចំសំណុំរឿងបញ្ជូន​វិវាទតំបន់ទាំង៤ រួម​មាន​តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី​ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ​និងកំណត់ព្រំដែនជាក់លាក់។

ក្រសួង​ការពារ​ជាតិ​ថ្លែង​ថា៖ «កម្ពុជា​មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ​ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ»។

ខណៈ​ដែលជម្លោះ​ព្រំដែន​នៅ​តែតានឹង នាយករដ្ឋម្ត្រីថៃ Paetongtarn Shinawatra បាន​បដិសេធ​​ថា មិន​មានជម្លោះរវាងយោធាថៃ និង រដ្ឋាភិបាលថៃទេ។

ថ្លែងនៅព្រឹកថ្ងៃទី៦ មិថុនា​ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិស្តីពីស្ថានភាពព្រំដែនថៃ-កម្ពុជា លោកស្រីអះអាងពីភាពរឹងមាំនៃឯកភាពរវាងយោធា-រដ្ឋាភិបាល និងបានច្រានចោលពាក្យចចាមអារ៉ាមជុំវិញជម្លោះនេះ។

លោកស្រីបានសង្កត់ធ្ងន់លើការពិគ្រោះយោបល់ តួនាទីច្បាស់លាស់ និងវិធីសាស្ត្រដោយសន្តិវិធី រវាងរដ្ឋាភិបាលនិងយោធា៕