
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានប្រកាសច្រានចោលការចោទប្រកាន់របស់ក្រុមបាតករថៃ ដែលទាមទារកម្ពុជាកុំឱ្យឈ្លានពានទឹកដីខ្លួន និងបានសកទៅវិញថា យោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ដែលធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា៖ «ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ»។
អ្នកនាំពាក្យបានបន្ដថា៖ «ហេតុការណ៍ពិតប្រាកដ គឺនៅព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥ និង ៣០នាទីព្រឹក មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅពេលដែលកងកម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើទីតាំងកងទ័ពកម្ពុជា ក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាតំបន់ត្រូវបានទទួលស្គាល់ថាជាប៉ុស្តិ៍យោធាកម្ពុជាជាយូរមកហើយ។ ការផ្ទុះអាវុធនេះបានបណ្តាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិត»។
ការវាយប្រហារនេះបានបំពានទៅលើ អធិបតេយ្យភាពរបស់កម្ពុជា ហើយនិង MOU ដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលប្រទេសទាំងពីរក្នុងខែមិថុនាឆ្នាំ២០០០ ដែលមានគោលដៅថែរក្សាសន្តិភាព និងស្ថេរភាពនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ពិសេស តំបន់មានទំនាស់ ។

ទិដ្ឋភាពបាតករថៃធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក។ រូបថត The Nation
កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង និងការប្តេជ្ញាចិត្តក្នុងការប្រែក្លាយព្រំដែនរួម ទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ កម្ពុជាមានការប្តេជ្ញាចិត្តដ៏មោះមុត ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី។
នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ ក្រុមបាតុករថៃ ប្រមាណ ២០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្មទាមទារកម្ពុជាកុំឱ្យឈ្លានពានទឹកដីរបស់ថៃ។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ លោក ហ៊ុន សារឿន បានឱ្យដឹងថា៖ «កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាតុករដែលហៅខ្លួនឯងថា (បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ) បានប្រមូលផ្តុំគ្នាចំនួនប្រមាណ ២០០ នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ»។
ឯកអគ្គរាជទូតកម្ពុជា ដែលបានថ្លែងកុំឱ្យប្រជាពលរដ្ឋកម្ពុជាបារម្ភពីសុខទុក្ខរបស់បុគ្គលិកស្ថានទូតកម្ពុជាទាំងអស់ បានបន្ថដា ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយធម្មតា មានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃដដែល។

ទិដ្ឋភាពបាតករថៃធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក។ រូបថត The Nation
លោក សារឿន បានបន្ថែមថា៖ «សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី»។
ស្ថានទូតកម្ពុជាប្រចាំប្រទេសបន្ដបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។
យោងតាមកាសែត The Nation របស់ថៃ បានឱ្យដឹងថា មេដឹកនាំបណ្តាញ Phichit Chaimongkol និង Nasser Yeema បានរួមគ្នាអានសេចក្តីថ្លែងការណ៍តវ៉ាប្រឆាំងនឹងនាយករដ្ឋមន្ត្រីកម្ពុជា មុនពេលព្យាយាមបង្ហាញវាទៅស្ថានទូត។
ទោះជាយ៉ាងណាដោយគ្មានតំណាងចេញមកទទួលលិខិតនោះ ក្រុមនេះបានបិទសេចក្តីថ្លែងការណ៍របស់ខ្លួនទៅកាន់របាំងសុវត្ថិភាពរបស់ស្ថានទូត។
កាសែតដដែលបានបន្ដថា បណ្តាញនេះបានសង្កត់ធ្ងន់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យអធិបតេយ្យភាពរបស់ប្រទេសថៃត្រូវបានរំលោភបំពានដោយកម្ពុជាក្នុងកាលៈទេសៈណាក៏ដោយ ហើយបានសន្យាគាំទ្រយ៉ាងពេញទំហឹងចំពោះយោធាថៃក្នុងការការពារជាតិរបស់គេ។

ទិដ្ឋភាពបាតករថៃធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក។ រូបថត The Nation
យ៉ាងណាមិញ លោក ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា កម្ពុជាបដិសេធមិនទទួលយកការស្នើភាគីថៃឱ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ។
លោកបានបញ្ជាក់ថា ទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ៕

ទិដ្ឋភាពបាតករថៃធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជាប្រចាំក្រុងបាងកក។ រូបថត The Nation