
កម្មករក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA)កំពុងសំអាតចេកអំបូងលឿង មុនពេលវេចខ្ចប់ ដើម្បីនាំចេញទៅក្រៅប្រទេស។ រូបថត Gazette ប្រជាជន
ភ្នំពេញៈ ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) គ្រោងនឹងបង្កើនការនាំចេញចេក អំបូងលឿងស្រស់ ទៅកាន់ប្រទេសចិនឱ្យដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ តាមរយៈការបង្កើនផ្ទៃដីដាំដុះ និងខ្សែច្រវាក់ផ្គត់ផ្គង់។
នេះបើយោងតាម រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកគង់ ច័ន្ទវាសនា នាថ្ងៃសុក្រ ទី៦ ខែមិថុនា ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផ្គត់ផ្គង់ចេកស្រស់របស់ក្រុមហ៊ុននេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងសភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រធានក្រុមហ៊ុន អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកក្រុមហ៊ុនជិត១០០នាក់។
លោកបញ្ជាក់ថា៖«ក្រុមហ៊ុនបាននឹងកំពុងប្រមូលផលផ្លែចេកអំបូងលឿង នៅលើផ្ទៃដី ៥០០ហិកតា និងកំពុងដាំនៅលើផ្ទៃដីចំនួន ២០០ហិកតាបន្ថែមទៀត ដោយរំពឹងថា នឹងទទួលផល នៅឆ្នាំ២០២៦។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្គត់ផ្គង់ផ្លែចេកស្រស់នៅតាមផ្សារទំនើបនៅកម្ពុជា និងវេចខ្ចប់នាំចេញទៅប្រទេសចិនផងដែរ ដោយបាននាំចេញចំនួន ២ម៉ឺនតោន ក្នុងឆ្នាំ២០២៤ និងគ្រោងបង្កើនដល់ ៣ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ»។
ទាំងនេះគឺជាការសម្រេចបានលទ្ធផលដ៏ល្អប្រសើរ របស់ក្រុមហ៊ុន ចាប់តាំងពីការសម្រេចបោះទុនវិនិយោគលើដំណាំចេកនៅកម្ពុជា កាលពីឆ្នាំ២០២០ ដែលជារួមចំណែកក្នុងការបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា។ ក្នុងនោះ ក៏បានផ្តល់ការងារដល់បុគ្គលិក និងកម្មករខ្មែរជាង៩០០នាក់ ព្រមទាំងបានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។
លោកក៏បានឱ្យដឹងផងដែរថា កម្ពុជាមានផ្ទៃដីដាំចេកអំបូងលឿងចំនួន ២១ពាន់ហិកតា និងផ្ទៃដីប្រមូលផលចំនួន ១៥ពាន់ហិកតា ដោយទទួលបានបរិមាណផលសរុបចំនួន ៤០ម៉ឺនតោន ជាមួយនឹងទិន្នផលជាមធ្យម ២៥តោន ក្នុង១ហិកតា។

បច្ចុប្បន្ន ចម្ការចេកចំនួន២៤ និងទីតាំងវេចខ្ចប់ផ្លែចេកស្រស់ចំនួន៣៦ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការ សម្រាប់ការនាំចេញផ្លែចេកស្រស់ទៅកាន់ប្រទេសចិន។ ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ២៦ម៉ឺនតោន។ ក្នុងនោះ ២៥ម៉ឺនតោន ស្មើនឹង៩៥ ភាគរយ ទៅកាន់ទីផ្សារប្រទេសចិន ខណៈដែល៥ ភាគរយផ្សេងទៀត ទៅកាន់ប្រទេសវៀតណាម កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ តួលេខនេះបង្ហាញថា ប្រទេសចិនគឺជាគោលដៅ និងទីផ្សារនាំចេញផ្លែចេកស្រស់ធំជាងគេរបស់កម្ពុជា។
លោករដ្ឋលេខាធិការ បានអំពាវនាវដល់ក្រុមហ៊ុនចិនដទៃទៀត ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យកសិកម្ម ដើម្បីប្រមូលវេចខ្ចប់ កែច្នៃ និងនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងឱជារសជាច្រើនទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន និងពិភពលោក។ ក្រសួងកសិកម្ម បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយគាំទ្រ និងផ្តល់ការសម្របសម្រួល ដើម្បីធានាឱ្យក្រុមហ៊ុនទទួលបានជោគជ័យ។
វិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយធានាបាននូវសន្តិសុខស្បៀងពេញលេញ និងបាននាំចេញផលិតផលកសិកម្ម ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។ ក្នុងនោះ ចំនួនជាង៨០ម៉ឺនតោន ទៅកាន់ប្រទេសចិន ដែលជាការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាកសិករ៕