លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សរសេរ​លិខិត​ទៅ​ក្រសួង​ការបរទេស​ថៃ ឲ្យ​ចូលរួម​យក​វិវាទ​ព្រំដែន​ទៅ​រក​ដំណោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក​សរសេរ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​សមភាគី​ថៃ​កាល​ពី​ថ្ងៃ​ទី៦ ខែមិថុនា​កន្លង​ទៅ។ លិខិត​នេះ ធ្វើ​ឡើង​ក្នុង​ស្មារតី​នៃ​មិត្តភាព និង​ប្រកប​ដោយ​ការ​ប្ដេជ្ញា​ដ៏​ស្មោះត្រង់ ក្នុង​ការរួម​រស់​ដោយ​សន្តិសហវិជ្ជមាន ​និង​សុខដុមរមនា របស់​ប្រជាជាតិ​ទាំង​ពីរ។នេះ​បើ​តាម​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ដែល​បាន​ប្រាប់​ដល់​អ្នក​កាសែត​នៅ​រសៀល​ថ្ងៃ​ទី៨​ មិថុនា​នេះ។​

ក្នុង​លិខិត​នោះ លោក ប្រាក់ សុខុន រៀបរាប់​ថា៖ «វិវាទព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និង​ព្រះរាជាណាចក្រថៃ ​បានបន្តអូសបន្លាយអស់ជាច្រើនទសវត្សរ៍មក​ហើយ ទោះបី​ជា​មាន​យន្តការ​ទ្វេភាគីជាច្រើន និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុច្ឆន្ទៈ ​ក្នុងការដោះស្រាយក៏ដោយ។ គួរឱ្យសោកស្ដាយ បញ្ហាដែលពុំទាន់អាចដោះស្រាយទាំងនេះ នៅតែជាប្រភពនៃការយល់ច្រឡំ និងភាពតានតឹង ដែលតែងតែកើតឡើងវិញ និងបង្កឱ្យមានឧប្បត្តិហេតុជាអកុសលជាច្រើន»។


លោក​ថា ព្រឹត្តិការណ៍​កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្តខេត្តព្រះវិហារ នៅ​ពេល​ដែល​កង​កម្លាំង​យោធា​ថៃ​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​លេណដ្ឋាន​កងទ័ព​កម្ពុជា និងបណ្តាលឱ្យទាហានខ្មែរ១រូបបាត់បង់ជីវិត គឺ​ជា​ការ​វិវត្ត​ដ៏​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ព្រំដែន។​ ឧប្បត្តិហេតុនេះ បានបញ្ជាក់បន្ថែមថា ការស្វែងរកដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្តិភាព គឺជារឿងបន្ទាន់។

លោក ប្រាក់ សុខុន៖ «ដោយសារភាពស្មុគ្រស្មាញ លក្ខណៈប្រវត្តិសាស្ត្រ និង​ភាពរសើប​នៃ​វិវាទ​ទាំង​នេះ ​យើង​ឃើញកាន់តែច្បាស់ថា កិច្ចសន្ទនាទ្វេភាគីអាច​នឹង​មិន​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ដ៏​ទូលំទូលាយ និង​យូរអង្វែង។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា មាគ៌ាទៅមុខដែលសមស្រប និងសន្តិវិធីបំផុតនោះគឺ ការបញ្ជូនបញ្ហាពាក់ព័ន្ធនឹងតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង ប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីកាត់ក្ដី»។


លោក​បន្ត​ថា សេចក្តីសម្រេចដែលចេញដោយតុលាការអន្តរជាតិ ICJផ្អែកលើច្បាប់អន្តរជាតិ នឹង​ផ្តល់​ដំណោះស្រាយមួយដែលយុត្តិធម៌ មិនលំអៀង និងយូរអង្វែង។ វា​នឹង​ផ្ដល់​ភាព​ច្បាស់​លាស់​ដែល​ត្រូវ​ការ​ចំាបាច់​សម្រាប់ព្រំដែនគោករៀងខ្លួនៗ ហើយសំខាន់បំផុតនោះគឺ នឹង​ជួយ​ជំរុញ​ឱ្យ​មាន​បរិយាកាស​ប្រកប​ដោយ​សន្តិភាពយូរអង្វែង ស្ថិរភាព​ និង​កិច្ច​សហប្រតិបត្តិការវាង​ប្រទេស​ទាំង​ពីរ។

លោក​បន្ត​ថា៖ «ដំណើរ​ការ​នេះ​ក៏​នឹង​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ទៅវិញទៅមក​របស់យើងក្នុង​ការប្រកាន់​ខ្ជាប់​នីតិរដ្ឋ ការរក្សាភាពសុខដុ មរមនាក្នុងតំបន់ និងការ​ជំរុញវិបុលភាពរួមសម្រាប់​ប្រជាជន​របស់​យើង​នៅ​ក្នុង​សហគមន៍​អាស៊ាន»។

លោក​ ប្រាក់​ សុខុន បាន​ទទូច​ទៅ​ភាគី​ថៃ​ថា៖​ «ខ្ញុំ​សូម​ជំរុញ​រាជ​រដ្ឋាភិបាលថៃ​ពិចារណាចូលរួម​ជាមួយរាជរដ្ឋាភិបាល​កម្ពុជាក្នុងការនាំយកវិវាទព្រំដែននេះទៅតុលាការអន្តរជាតិ ICJ។ យើង​គួរ​ចាប់យកឱកាសនេះ ដើម្បីបញ្ជាក់​ឡើងវិញនូវការ​ប្តេជ្ញាចិត្តរួមរបស់យើងចំពោះ​កិច្ច​សន្ទនា​ដោយ​សន្តិវិធី ដំណោះស្រាយតាមផ្លូវច្បាប់ និងអនាគតនៃអ្នកជិតខាងដ៏ល្អ»៕

កម្ពុជា​សម្រេច​យក​បញ្ហា​ព្រំដែន ៤ចំណុច ទៅ​តុលាការ​ ICJ រួម​មាន​តំបន់​មុំបី ប្រាសាទ​តាក្រី ប្រាសាទ​តាមាន់​ធំ និង​តាមាន់តូច។ ចំណែក​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ផ្សេង​ទៀត​នឹង​ធ្វើ​ឡើង​តាម​យន្តការ​ទ្វេភាគី យោង​តាម​ស្មារតី​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ ២០០០។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕