កែបៈ យុទ្ធនាការ​ «១សែនកោងកាង»​ត្រូវបានសម្ពោធ ដើម្បី​ដាំ​ដើម​កោង​កាង ក្នុងការរក្សានិរន្តភាពជីវៈចម្រុះ និង​ទេស​ចរ​ណ៍ធម្មជាតិ នៅក្នុងសហគមន៍ នេសាទចំនួន១៣​ ក្នុងខេត្តកែប និងកំពត។

ការសម្ពោធនេះធ្វើឡើ នៅក្នុងការប្រារព្ឋទិវាបុណ្យសមុទ្រពិភពលោក ៨មិថុនា ក្រោមប្រធានបទ «ជម្រុញសកម្មភាព ដើម្បី​មហា​សមុទ្រ និងអាកាសធាតុយើង» ក្រោមអធិបតីភាព រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក​ហាស់​ សារ៉េត​ នៅសហគមន៍នេសាទភូមិថ្មី សង្កាត់កែប ក្រុងកែប។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការ​បានធ្វើការពន្យល់អំពី​តួនាទី​ដ៏សំខាន់​របស់សមុទ្រ​ក្នុងការផ្តល់​ជាជ​ម្រក​ជីវៈ​ចម្រុះ ធនធានជលផល សម្រាប់ជាអាហាររបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងសោភ័ណភាពធម្មជាតិ។​


ដើម្បីចាប់ផ្តើមយុទ្ធនាការ​ «១សែនកោងកាង»នេះ ​កូនដើមកោងកាងចំនួន ៣ ០០០ដើម ត្រូវបានដាំ នៅក្នុង​ដែន​នេ​សាទសហគមន៍នេសាទភូមិថ្មី។ ដើមកោងកាងផ្សេងទៀតនឹងត្រូវ​បន្ត​ការ​ដាំនេះ​ទៅតា​មស​ហ​គម​ន៍​នេ​សាទ​ផ្សេ​ង​ៗ​ទៀ​ត​។ នេះបើយោងតាមក្រសួងកសិកម្ម នៅថ្ងៃចន្ទ ទី៩ ខែមិថុនានេះ។

ទិវាបុណ្យសមុទ្រពិភពលោក ត្រូវបានសហការរៀបចំដោយមន្ទីរកសិកម្មខេត្ត, អង្គការ Action Aid Cambodia (AAC) និង អង្គការដៃគូជាច្រើនទៀត។


កម្ពុជាមានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ដែលស្ថិតក្នុងខេត្តឆ្នេរសមុទ្រទាំង៤ ដូចជាកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ កោះកុង គឺជាខេត្ត ដែលមានទំហំផ្ទៃដីកោងកាង​ធំជាងគេ គឺ​រហូតដល់ទៅ​ប្រមា​ណជា​ង​៤ម៉ឺនហិកតា ដែលស្មើនឹង៨០ភាគរយ នៃផ្ទៃដីព្រៃកោងកាងសរុបរបស់កម្ពុជា។

ក្រុមអ្នកចូលរួម ទិវាបុណ្យសមុទ្រពិភពលោក បាននាំគ្នារើសសំរាមនៅកោះស្តេច ស្ថិតក្នុងស្រុក គិរីសាគរ ខេត្តកោះកុង។ រូបថត Fauna & Flora - Cambodia Programme

នៅថ្ងៃដដែលនោះ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (Fauna & Flora - Cambodia Programme) សហការ​ជា​មួយ​អង្គភាព ReMade in Cambodia (ច្នៃឡើងវិញនៅកកម្ពុជា) ក៏បានរៀបចំ​ ទិវាបុ​ណ្យស​មុទ្រ​ពិភ​ពលោកផងដែរ នៅ កោះស្តេច​ស្ថិត​ក្នុង​ស្រុក គិរីសាគរ ខេត្តកោះកុង។

អង្គការបានឱ្យដឹងថា ព្រឹត្តិការណ៍នេះ​ត្រូវបាន​រៀបចំឡើ​ង ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សិស្សា​នុ​សិស្ស​នៅ​កោះស្តេច ជុំវិញវិបត្តិទាំង៣លើភពផែនដី រួមមានការប្រែប្រួលអាកាសធាតុ ការបំពុល និង​ការបាត់​បង់​ជីវៈ​ចម្រុះ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលអំពីសារៈសំខាន់ និងតួនាទីរបស់ជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រម​ទាំងកត្តាគំរាមកំហែង ក៏ដូចជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយបញ្ហា និងការការពារធនធានដ៏មានតម្លៃទាំងនេះ។

ក្នុងពិធីនោះ ក៏មាន​ការ​ដាក់បង្ហាញ​នូវផ​លិត​ផល​កែច្នៃ​រ​បស់​ស​ហគ​មន៍​ ដោយផ្តោត​លើ​ការកា​រ​កែច្នៃ​ឡើងវិ​ញ​ពីឧ​បក​រណ៍នេ​សាទ (សំណាញ់) ដែលប្រើប្រាស់លែងបាន ទៅជាសម្ភារ ដែលអាចប្រើប្រាស់ និងលក់បាន។

ក្រុមអ្នករៀបចំបានសង្ឃឹមថា សកម្មភាពថ្ងៃនេះនឹងចូលរួមលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស ប្រជានេសាទ  និង​​អ្នក​ផ្តល់សេវាទេសចរណ៍ អំពីសារៈសំខាន់នៃការការពារ និងការប្រើ​ប្រាស់ធន​ធានធម្មជាតិ​នៅក្នុងតំបន់​ប្រកប​ដោយ​​ការ​ទទួលខុសត្រូវខ្ពស់ ផ្អែកតាមស្ថានភាពធនធាន និងក្របខណ្ឌច្បាប់ ​ក្នុងន័យចូលរួម​ចំណែកយ៉ាងសក​ម្ម​ក្នុង​ការ​អភិ​រក្ស និងការបង្កើនភាពធន់ នៃធនធានសមុទ្រដ៏មានតម្លៃរបស់ប្រទេសកម្ពុជា៕