
ច្រកចាំយាម ខេត្តកោះកុង ត្រូវបានបិទជាបណ្ដោះអាសន្ន នៅថ្ងៃទី៨ មិថុនា ខណៈមានភាពតានតឹងរឿងព្រំដែនខ្មែរនិងថៃ។ កម្ពុជាថ្មី
«ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះ» នៅព្រំដែនកម្ពុជា-ថៃ បង្កជាចម្ងល់និងការវែកញែកផ្សេងៗនៅលើបណ្ដាញសង្គម ខណៈដែលអ្នកវិភាគលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយព័ត៌មានផ្លូវការឲ្យបានលឿនជាងគូប្រជែង។
ចាប់ពីល្ងាចថ្ងៃទី៨ រហូតដល់ថ្ងៃទី៩ មិថុនានេះ មតិនានាត្រូវបានលើកឡើងនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងការកែសម្រួលកម្លាំងទ័ពនៅកន្លែងមានជម្លោះនៅព្រំដែន ជាពិសេសនៅមុំបី ដែលជាកន្លែងទាហានកម្ពុជាម្នាក់ត្រូវបានបាញ់ស្លាប់ដោយភាគីថៃ កាលពីថ្ងៃទី២៨ ឧសភា។ ការបញ្ចេញមតិយោបល់ភាគច្រើនទៅលើការកែសម្រួលដែលខ្លះបកប្រែថា «ដកថយ» ខ្លះថាប្ដូរទីតាំងឈរជើង។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានពន្យល់នៅលើបណ្ដាញសង្គមថា «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បីបញ្ចៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់»។
លោកសរសេរតបទៅនឹងមតិអ្នកប្រើប្រាស់ហ្វេសប៊ុកថា៖ «រៀនយល់! មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន។ ការកែសម្រួលប្រៀបដូចជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើងតែពេលនេះដេកក្បាលទៅកើតវិញ។ ដីយើងនៅតែដីយើងដដែល»។
នៅក្នុងការឆ្លើយតបមួយទៀត លោកសរសេរថា៖ «ការកែសម្រួលកងទ័ពខុសគ្នាជាមួយការដកកងទ័ព។យើងកែសម្រួលដើម្បីជៀសវាងការប្រយុទ្ធបង្ហូរឈាមគ្នា ឯការដោះស្រាយចុងក្រោយគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ»។
កាលពីសប្ដាហ៍មុន លោកបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជានឹងមិនដកទ័ពចេញពីតំបន់មុំបីនោះទេ ព្រោះជាតំបន់ដែលទ័ពកម្ពុជាឈរជាងជាយូរមកហើយ ហើយលោកផ្ទាល់ក៏បានទៅទីនោះនៅឆ្នាំ២០១០។
ភាពមិនច្បាស់លាស់នៃពាក្យកែសម្រួល ត្រូវបានបន្ថែមចម្ងល់នៅពេលភាគីថៃអះអាងថា កម្ពុជានិងថៃ បានឯកភាពទៅឈរជើងលើទីតាំងចាស់កាលពីឆ្នាំ២០២៤ និងបានលុបលេណដ្ឋាន។ ការវែកញែកនៅលើបណ្ដាញសង្គមនិងការភ័យខ្លាចបាត់បង់ទឹកដី ជំរុញឲ្យក្រសួងការពារជាតិចេញសេចក្ដីប្រកាសចំនួន ២ ក្នុងរយៈពេល ៣ម៉ោង នៅថ្ងៃទី៩ មិថុនានេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅម៉ោងជិត ១០ព្រឹក ក្រសួងក្រសួងការពារជាតិ ថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ ក្រសួងអំពាវនាវឱ្យជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មាន «ផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន»។
សេចក្ដីប្រកាសព័ត៌មានមួយទៀតនៅក្រោយម៉ោង ១២ថ្ងៃត្រង់ បានបង្ហាញពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយក្រសួងបញ្ជាក់ថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។
ក្រសួងបញ្ជាក់ថា៖ «រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ»។
ក្រសួងបញ្ជាក់ពីការគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាផងដែរ ខណៈដែលលោកកំពុងស្ថិតនៅប្រទេសបារាំង ដើម្បីចូលរួមសន្និសីទរបស់អង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ (UNOC3)។ លោកស្នើឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ និងទុកចិត្តរដ្ឋាភិបាលលើការដោះស្រាយបញ្ហាព្រំដែន។
លោកថ្លែងថា៖ «ខ្ញុំក៏សូមអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង»។
លោកក៏ស្នើពលរដ្ឋចៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
លោក យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រជាពលរដ្ឋតែងតែមានសមានចិត្តឈឺឆ្អាល និងអន្ទះសាចង់ដឹងព័ត៌មានរឿងទឹកដី។ ប៉ុន្តែ ភាគីម្ខាងទៀត គឺប្រទេសថៃចេះយកឱកាសក្នុងករប្រើប្រាស់ព័ត៌មានដើម្បីធ្វើសង្គ្រាមចិត្តសាស្ត្រ មិនថាតាមរយៈសារព័ត៌មាន ឬ តាមអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម។ លោកថា សង្គ្រាមចិត្តសាស្ត្រនេះត្រូវបានសៀមប្រើតាំងពីសម័យលង្វែក។
លោក យង់ ពៅ៖ «ប្រជាពលរដ្ឋរបស់យើងទន្ទឹងរង់ចាំព័ត៌មានខាងរដ្ឋាភិបាលយ៉ាងអន្ទះសារ ហើយក្នុងពេលជាមួយគ្នានោះ យើងហាក់ដូចជាចេញយឺតជាងថៃបន្តិច អីចឹងថៃយកប្រៀបជាងតាំងពីសង្គ្រាមចិត្តសាស្ត្រនិងសង្គ្រាមព័ត៌មាន។ ត្រង់នេះខ្ញុំសំណូមពរឲ្យយើងផ្ដល់ព័ត៌មានរហ័ស និងជឿទុកចិត្តដល់ប្រជាពលរដ្ឋ។ ពលរដ្ឋចង់ដឹងណាស់ ព្រោះជារឿងស្លាប់រស់របស់ជាតិ»។
លោកបន្តថា ការចេញសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបញ្ជាក់ពីជំហររបស់កម្ពុជានៅថ្ងៃនេះ បង្កើតបានភាពកក់ក្ដៅក្នុងចំណោមប្រជាពលរដ្ឋ ហើយលោកចង់បានការបញ្ជាក់ច្បាស់លាស់បែបនេះ ក្នុងកម្រិតឆាប់រហ័ស និងផ្លូវការ។
លោកថា៖ «ខ្ញុំសំណូមពរដែរ នៅពេលមានការសន្ទនាលើកក្រោយជាមួយថៃ ភាគីទាំងពីរត្រូវកំណត់គ្នានូវលក្ខខណ្ឌផ្សព្វផ្សាយ ដោយយកទម្រង់ផ្សព្វផ្សាយដូចគ្នា ម៉ោងដូចគ្នា ដើម្បីឲ្យពលរដ្ឋទាំងសងខាងមានភាពកក់ក្ដៅដូចគ្នា»។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន ព្រមទាំងអស់លេងបណ្តាញសង្គម កុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុល នៅពេលស្រង់ប្រភពពីក្រៅប្រទេស ដោយលោកថា វាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ»៕