លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​នឹង​មិន​ចូលរួម​ក្នុង​យន្តការ​តំបន់ និង​យន្តការ​សាកល​ទាំងឡាយ​ណា​ដែល​មាន​ចរិត​នយោបាយ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ប្រទេស​ឬ​ប្លុក​ណា​មួយ​នោះ​ទេ ប៉ុន្តែ នឹង​ចូលរួម​យន្តការ​ដែល​មិន​ប៉ះ​ពាល់​ដល់​ឯករាជ្យ​របស់​កម្ពុជា។


ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប ២០ឆ្នាំ ​នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក របស់​កម្ពុជា នៅ​ថ្ងៃ​ទី១៤ ខែតុលា​នេះ លោក​បាន​បញ្ជាក់​ថា លោក​បាន​ប្រគល់​ភារកិច្ច​ទៅ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ក្នុង​ការ​ពិនិត្យ​មើល​លើ​យន្តការ​នានា​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ដែល​កម្ពុជា គួរ​ចូលរួម និង​មិន​គួរ​ចូលរួម។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​សុំ​បញ្ជក់​ថា ឥឡូវ​នេះ​វា​មាន​យន្តការ​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង ជាពិសេស​នៅ​ក្នុង​តំបន់​របស់​យើង ជា​ពិសេស​យន្តការ​ខ្លះ​មិន​ពាក់​ព័ន្ធ ឬ​ពាក់​ព័ន្ធ​តិចតួច​ជាមួយ​នឹង​សេដ្ឋកិច្ច ប៉ុន្តែ​មាន​ចរិត​លក្ខណៈ​ជា​នយោបាយ​សន្តិសុខ​ដែល​អាច​ប៉ះពាល់​ទៅ​ដល់​នយោបាយ​អព្យាក្រឹត្យ​របស់​យើង»។ 


លោក​បន្ត​ថា៖ «សុំ​បញ្ជាក់​ឲ្យ​ច្បាស់​ថា កម្ពុជា​មិន​ចូល​រួម​ជាមួយ​យន្តការ​ណា​ដែល​មាន​ចរិត​នយោបាយ​បង្កើត​ឡើង​ដើម្បី​ប្រកួត​ប្រជែង ឬ​ប្រឆាំង​ជាមួយ​ប្រទេស​ណា ឬ​ប្លុក​ណា​នោះ​ទេ។ នេះ​ជា​គោល​នយោបាយ​របស់​កម្ពុជា កាល​ពី​មុន ហើយ​យើង​នៅ​បន្ត។ យើង​ចូល​ជាមួយ​ប្លុក​ និង​យន្តការ​ដែល​មាន​ទិសដៅ​រួម​ក្នុង​ទិសដៅ​ដើម្បី​ថែរក្សា​សុខុដុមនីយកម្ម ថែរក្សា​សន្តិភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ ជំរុញ​ការ​អភិវឌ្ឍ​រួម​គ្នា​ក្នុង​តំបន់ ជាពិសេស​សេដ្ឋកិច្ច និង​យន្តការ​ដែល​ថែរក្សា​សន្តិភាព​នៅ​ក្នុង​តំបន់ ពីព្រោះ​កម្ពុជា​ត្រូវ​ការ​សន្តិភាព»។ 

ទោះបីជា​យ៉ាងណា​ក្ដី​ លោក​មិន​បាន​បង្ហើប​​អំពី​កិច្ច​ព្រមព្រៀង ឬ សន្ធិសញ្ញា​ណា​មួយ​ដែល​កម្ពុជា​កំពុង​ពិចារណា​នោះ​ទេ ខណៈ​ដែល​បច្ចុប្បន្ន​នេះ មាន​យន្តការ​តំបន់​មួយ​ចំនួន​ដែល​មាន​ភាព​ប្រកួត​ប្រជែង​គ្នា ដូចជា​យន្តការ យុទ្ធសាស្រ្ត​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើក​ចំហ (FOIP) របស់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ក៏ដូចជា​គំនិត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ (BRI) របស់​ចិន។ ប៉ុន្តែ ថ្នាក់​ដឹកនាំ​កម្ពុជា​បាន​ធ្លាប់​បាន​បង្ហាញ​ការ​គាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ ដែល​បាន​ចូលរួម​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​នេះ​តាម​រយៈ​គម្រោង​ជា​ច្រើន។


លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា បច្ចុប្បន្ន​នេះ​មហា​អំណាច​កំពុង​ប្រកួត​ប្រជែង​គ្នា​លើ​ភូមិសាស្ត្រ​នយោបាយ ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​កម្ពុជា​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​យន្តការ​ដែល​មាន​ចរិត​ជា​បក្សសម្ព័ន្ធ​យោធា ឬ​ប្រឆាំង​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ។ 

ការ​ចូល​ក្នុង​សន្ធិសញ្ញា​ណា​មួយ​ដែល​មាន​ទម្រង់​ជា​បក្សសម្ព័ន្ធ​យោធា វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រាស​ចាក​ពី​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ក្នុង​មាត្រា ៥៣ ដែល​ថ្លែង​ពី​ការ​មិន​ចូល​បក្សសម្ព័ន្ធ​របស់ និង​ប្រាសចាក​ពី​ច្បាប់​អន្តរជាតិ​នានា។ ប្រសិន​បើ​កម្ពុជា​មិន​រក្សា​អព្យាក្រឹត្យ​របស់​ខ្លួន​ទេ​ កម្ពុជា​នឹង​រងគ្រោះ​ដូច​នៅ​សម័យ​សង្គ្រាម​ត្រជាក់​ទៀត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក យង់ ពៅ។

លោក​ថា៖ «យើង​មិន​អាច​គេច​ពី​ឥទ្ធិពល​នៃ​ការ​ប្រកួត​ប្រជែង​ទាំង​ស្រុង​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ ជៀសវាង​កុំ​ឲ្យ​មហា​អំណាច​នីមួយៗ​យក​យើង​ធ្វើ​ជា​កូន​អុក​នៃ​ភូមិសាស្ត្រ​នយោបាយ»។ 

លោក​ ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​ថា វា​ជា​ភាព​ចាំ​បាច់​ដែល​កម្ពុជា​ត្រូវ​តែ​បង្ហាញ​ជំហរ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ នៅ​ចំពោះ​មុខ​នៃ​ការ​ប្រកួត​ប្រជែង​ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​មហា​អំណាច​ ឬ​ប្រទេស​មួយ​ចំនួន​ដែល​កំពុង​ពាក់​ព័ន្ធ​នឹង​ភូមិសាស្ត្រ​នយោបាយ។ 

លោក​ថ្លែង​ថា៖ «ការ​ប្រកាស​បែប​នេះ គឺ​ដើម្បី​ការពារ​កម្ពុជា​ពី​ការ​ចោទ​ប្រកាន់​ពី​ប្រទេស​ឬ មហា​អំណាច​ណា​មួយ​ដែល​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ឬ​ភូមិសាស្ត្រ​នយោបាយ និង​ដើម្បី​ពង្រឹង​ការ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»៕