អ្នក​វិភាគ​យល់​ថា ការ​ចូលរួម​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់​ពិធី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូណេស៊ី Prabowo Subianto និង​អនុ​ប្រធានាធិបតី​វ័យ​ក្មេង Gibran Rakabuming Raka បង្ហាញ​ពី​កម្រិត​នៃ​ភាព​ជិត​ស្និទ្ធ​នៃ​ប្រទេស​ទាំង​ពីរ។


លោក ហ៊ុន ម៉ាណែត និង​ដឹកនាំ​ប្រតិភូ​ចាក​ចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី១៩ ខែតុលា​នេះ​ ដើម្បី​ចូលរួម​ពិធី​ចូល​កាន់​តំណែង​របស់​​មេដឹកនាំ​ថ្មី​ទាំង​ពីរ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២០ ខែតុលា។ រដ្ឋមន្ត្រី​ការបរទេស លោក សុខ ចិន្តា សោភា, ​លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ លោក អូស្មាន​ ហាហ្សាន់ ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ពិសេស​នឹង​អម​ដំណើរ​លោក​ ហ៊ុន ម៉ាណែត សម្រាប់​បេសកកម្ម​នេះ។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​នេះ។​

លោក Prabowo អាយុ ៧២ឆ្នាំ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាល​ពី​ខែ​មីនា​ ខណៈ​ដែល​លោក Gibran Rakabuming Raka ដែល​ជា​កូន​ប្រុស​ច្បង​ប្រធានាធិបតី​ Joko Widodo ដែល​ត្រូវ​ចេញ​ពី​តំណែង​ នឹង​ក្លាយ​ជា​អនុ​ប្រធានាធិបតី​ក្នុង​វ័យ ៣៧​ឆ្នាំ។


ក្រសួង​ការបរទេស​ថ្លែង​ដូច្នេះ​ថា៖ «ការ​អញ្ជើញ​ចូល​រួម​របស់​សម្ដេច​ធិបតី​នាយក​រដ្ឋមន្ត្រី​ក្នុង​ពិធី​ចូល​កាន់​តំណែង​នេះ​នឹង​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ និង​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ»។

លោក Prabowo Subianto ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ភ្នំពេញ និង​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២៤ ដោយ​ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ ដែល​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល ៦៤​ឆ្នាំ​មក​ហើយ។


កាល​ពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ​២០២៣ ប្រធានាធិបតី​ឥណ្ឌូណេស៊ី Jokowi ក៏​បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ដល់​លោក​ ហ៊ុន ម៉ាណែត ដែល​ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ លោក​បាន​ប្ដេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​លើ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​នានា ជា​ពិសេស​វិស័យ​សេដ្ឋកិច្ច។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ការ​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​កាន់​តំណែង​របស់​មេដឹកនាំ​ឥណ្ឌូណេស៊ី ​បង្ហាញ​អំពី​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​ការ​រីក​ចម្រើន និង​វិវត្ត​ជា​វិជ្ជមាន​លើ​គ្រប់​វិស័យ ​ទាំង​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន។

លោក​​បន្ត​ថា ការ​ចូលរួម​នេះ​គឺ​ជា​សន្ទុះ​ជំរុញ​ទៅ​ដល់​ទំនាក់​ទំនង​ទ្វេភាគី និង​ពហុភាគី រវាង​ប្រទស​ទាំង​ពីរ​ ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក៕