ការ​វិល​ត្រឡប់​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​សាជាថ្មី​របស់​លោក ប្រាក់ សុខុន ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​លើ​កិច្ចការ​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​វិវត្ត​កាន់​តែ​ស្មុគ​ស្មាញ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៃ​មហា​អំណាច។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកវិភាគ។


រដ្ឋសភា​នឹង​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​ការ​កែ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល​ នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា​នេះ ដែល​លោក ប្រាក់ សុខុន បច្ចុប្បន្ន​ជា​អនុប្រធាន​ព្រឹទ្ធសភា នឹង​ត្រឡប់​មក​កាន់​តំណែង​ចាស់​របស់​លោក ជា​រដ្ឋមន្ត្រី​ការបរទេស ជំនួយ​លោក សុខ ចិន្ដាសោភា ដែល​បាន​កាន់​តំណែង​នេះ​អស់​រយៈ​ពេល ១៥​ខែ គិត​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថ្មី​បាន​ចូល​កាន់​តំណែង។ នេះ​​បើ​តាម​ការ​ជូនដំណឹង​របស់​រដ្ឋលេខាធិការដ្ឋាន​រដ្ឋសភា។

លោក ប្រាក់​ សុខុន មាន​ប្រវត្តិ​ជា​អ្នក​សារព័ត៌មាន​នៃ​កាសែត​កង​ទ័ព​ ចាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៦ និង​ធ្លាប់​ជា​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហភាព​អឺរ៉ុប និង​នៅ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ។ លោក​ក៏​ធ្លាប់​បាន​កាន់​មុខ​តំណែង​សំខាន់ៗ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។


ចាប់​ពី​ឆ្នាំ ២០១៦ រហូត​ដល់​ឆ្នាំ ២០២៣ លោក​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ នៅ​ពេល​កម្ពុជា​គឺជា​ប្រធាន​អាស៊ាន​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ លោក​ត្រូវ​បាន​តែង​តាំង​ជា​បេសកជន​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​បញ្ហា​មីយ៉ាន់ម៉ា ដោយ​ក្នុង​តំណែង​នេះ លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ជាច្រើន​លើក។ លោក​បាន​ក្លាយ​ជា​អនុប្រធាន​ព្រឹទ្ធសភា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា កាល​ពី​ខែ​កុម្ភៈ។

ដោយ​ឡែក​លោក សុខ ចិន្ដាសោភា ធ្លាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​ស្ថាប័ន​ទាក់​ទាញ​វិនិយោគិន​ពី​ក្នុង​នៅ​ក្រៅ​ប្រទេស​ឲ្យ​វិនិយោគ​នៅ​កម្ពុជា។ លោក​បាន​កាន់​តំណែង​នេះ​ នៅ​ពេល​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ចូល​កាន់​អំណាច​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៣។


​លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា យល់​ឃើញ​ ការ​កែ​សម្រួល​សមាសភាព​ម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ត្រូវ​តាម​ជំនាញ និង​បទ​ពិសោធន៍ គឺ​ជា​រឿង​ធម្មតា​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ។

លោម​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា ទោះបី​ដាក់​អ្នក​ណា​ក៏​ដោយ នៅ​ចំពោះ​មុខ​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ការទូត នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​កម្ពុជា​ទៅ​ក្នុង​ពិភពលោក កម្ពុជា​ត្រូវ​ការ​រដ្ឋមន្ត្រី​ការបរទេស​ដែល​មាន​បទ​ពិសោធន៍ និង​ចំណេះ​ជំនាញ​កិច្ចការ​បរទេស​ដែល​មាន​បទពិសោធន៍ ដើម្បី​ធ្វើ​ការងារ​ការទូត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព»។

ស្រដៀង​គ្នា​នេះ លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ថា ការ​កែ​សម្រួល​នេះ​មិន​មែន​មាន​ន័យ​ថា លោក សុខ ចិន្តាសោភា គ្មាន​សមត្ថភាព​ ឬ​មិន​សក្ដិសម​សម្រាប់​តំណែង​នេះ​ទេ ប៉ុន្តែ ដោយសារ​តែ​លោក ប្រាក់ សុខុន មាន​បទ​ពិសោធន៍​លើ​កិច្ច​ការ​នេះ​ច្រើន ហើយ​លោក​ធ្លាប់​សម្រេច​បាន​សមិទ្ធផល​លេច​ធ្លោ​មួយ​ចំនួន។ 

យ៉ាងណា​ក៏ដោយ ស្ថានភាព​នៃ​ការប្រកួត​ប្រជែង​របស់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ជា​កត្តា​រួម​ចំណែក​សម្រាប់​ការ​វិល​ត្រឡប់​របស់​លោក ប្រាក់ សុខុន មក​កាន់​មុខ​តំណែង​ចាស់​របស់​លោក។

លោក គិន ភា៖ «ស្របពេល​បរិបទ​នយោបាយ​ពិភពលោក​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ប្រហែល​ជា​ទាមទារ​ឲ្យ​យើង​ត្រូវ​មាន​រដ្ឋមន្ត្រី​ការបរទេស​មួយ​ដែល​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​កាច់​ចង្កូត​នយោបាយ​ការបរទេស​និង​ការទូត​របស់​កម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន មាន​បទពិសោធន៍​ច្រើន ហើយ​ធ្លាប់​កាន់​កិច្ចការ​បរទេស​របស់​រដ្ឋាភិបាល​ដោយ​ជោគជ័យ»។

លោក​បន្ត​ថា៖ «ម្យ៉ាង​ទៀត​ យើង​ដឹង​ហើយ​ថា ពេល​លោក​ ដូណាល់ ត្រាំ នឹង​ឡើង​កាន់​អំណាច​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នា​ពេល​ខាង​មុខ​នេះ យើង​មិន​ដឹង​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​នៅ​លើ​សណ្ដាប់​ធ្នាប់​ពិភពលោក។ អីចឹង រដ្ឋមន្ត្រី​ការបរទេស​របស់​ប្រទេស​នានា​គួរ​តែ​ជា​បុគ្គល​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​វិស័យ​ការទូត​និង​កិច្ចការបរទេស​ដើម្បី​សម្រប​នយោបាយ​ការបរទេស​កម្ពុជា​ទៅ​នឹង​ស្ថានភាព​ថ្មី»៕