លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់​ថា ការ​កែ​សម្រួល​សមាសភាព​រាជរដ្ឋាភិបាល ដោយ​តែង​តាំង​លោក ប្រាក់​ សុខុន ជា​រដ្ឋមន្ត្រី​ការបរទេស​សាជាថ្មី គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ​និង​​លទ្ធភាព​​ក្នុង​ការ​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​ទៅ​ជា​ឱកាស​សម្រាប់​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ។


លោក ប្រាក់ សុខុន ត្រូវ​បាន​រដ្ឋសភា បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ ​ផ្ដល់​សេចក្ដី​ទុកចិត្ត​សម្រាប់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក សុខ ចិន្តាសោភា​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​ឧបនាយករដ្ឋមន្ត្រី​ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ។ លោក​ធ្លាប់​បាន​កាន់​តំណែង​នេះ​ពី​ឆ្នាំ​២០១៦ ដល់​២០២៣។ បន្ទាប់​មក​ លោក​បាន​កាន់​តួនាទី​ជា​អនុប្រធាន​ព្រឹទ្ធសភា​ ចាប់​ពី​ខែ​មេសា​ឆ្នាំ​មុន។

ថ្លែង​នៅ​ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា លោក ហ៊ុន ម៉ាណែត លើក​ឡើង​នូវ​ទឡ្ហីករណ៍​ជាច្រើន​ក្នុង​ការ​សម្រេច​កែ​សម្រួល​សមាសភាព​រដ្ឋាភិបាល​របស់​លោក។ លោក​ថ្លែង​ថា ​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​សម​ស្រប​សម្រាប់​ទប់​ទល់​នឹង​បច្ច័យ​ទាំង​ឡាយ ពី​ហានិភ័យ​កត្តា​ខាង​ក្រៅ ដែល​កំពុង​តែ​វិវត្ត​យ៉ាង​រហ័ស និង​ពិបាក​ប៉ាន់​ស្មាន។


លោក​ថា ហានិភ័យ​នៃ​បញ្ហា​ពី​កត្តា​ខាង​ក្រៅ​ រួម​មាន​ សញ្ញា​នៃ​ការ​កើន​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​នៃ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ លទ្ធភាព​នៃ​ការ​ស្ទុះ​ឡើង​វិញ​នូវ​និន្នាការ​ឯកតោ​ភាគី​និយម ​និង​ និន្នាការ​បែក​ខ្ញែក​ភូមិសាស្ត្រ​សេដ្ឋកិច្ច​លើ​សាក​លោក ​និង​ក្នុង​តំបន់។ បញ្ហា​ទាំង​នេះ​អាច​បង្ក​ផល​វិបាក​ដល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រយៈ​ពេល​ខ្លី និង​មធ្យម។

លោក​បន្ត​ថា​ ទោះបី​ជា​ស្ថានភាព​ពិភពលោក​បែប​នេះ​ក្ដី កម្ពុជា​ក៏​អាច​ទាញ​យក​ឱកាស​ពី​ស្ថានភាព​បែប​នេះ​បាន​ ប្រសិន​បើ​កម្ពុជា​ប្រកាន់​ភាព​បត់​បែន និង​តាម​ទាន់​សភាព​ការ​ប្រែប្រួល​ក្នុង​តំបន់ និង​ពិភពលោក ហើយ​អាច​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ នៅ​ក្នុង​ការ​ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ឲ្យ​ទៅ​ជា​កាលានុវត្តភាព និង​ប្រើប្រាស់​លក្ខខណ្ឌ​អំណោយ​ផល​ទាំងឡាយ​​ដែល​អាច​កើត​ចេញ​ពី​ការ​វិវត្ត​នៃ​សភាព​ការ​ទាំង​នេះ។


ការ​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​ នឹង​ជួយ​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​នៃ​សេដ្ឋកិច្ចជាតិ បង្កើន​នូវ​បរិស្ថាន​ដែល​មាន​ភាព​អនុគ្រោះ​កាន់​តែ​ខ្ពស់ ដើម្បី​ជំរុញ​លើក​កម្ពស់​សកម្មភាព​ធុរកិច្ច និង​ពាណិជ្ជកម្ម និង​ទាក់​ទាញ​បន្ថែម​នូវ​ការ​វិនិយោគ និង​ធុរកិច្ច​ដែល​អាច​ផ្លាស់​ប្ដូរ​ទីតាំង​ចេញ​ពី​តំបន់​ផ្សេង។

លោក​​បន្ត​ថា រាជរដ្ឋាភិបាល​ពិត​ជា​មាន​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​និង​ពង្រឹង​បន្ថែម​នូវ​សមត្ថភាព និង​ប្រសិទ្ធភាព​នៃ​យន្តការ​​ដឹកនាំ​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ ជាពិសេស​នៅ​ក្នុង​វិស័យ​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​វិស័យ​ពាណិជ្ជកម្ម ដោយ​ផ្ដោត​ជា​សំខាន់​លើ​ការ​ជំរុញ​អនុវត្ត​គោល​នយោបាយ​ការបរទេស​ប្រកប​ដោយ​ភាព​បត់បែន និង​វាង​វៃ។

លោក​ថា កិច្ច​ការ​ទាំង​នេះ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​ឯករាជ្យ និង​ច្បាប់​អន្តរជាតិ ការ​ប្ដេជ្ញា​ការពារ​ផល​ប្រយោជន៍​ស្នូល​របស់​កម្ពុជា ការ​ការពារ​ឯករាជ្យ​អធិបតេយ្យ បូរណភាព​ទឹកដី ការ​ការពារ​សន្តិភាព និង​ស្ថិរភាព​សង្គម ការ​ការពារ​យុត្តិធម៌ និង​កិត្យានុភាព​កម្ពុជា។

លោក ហ៊ុន ម៉ាណែត ថ្លែង​ដូច្នេះ​ថា៖ «ជាមួយ​នឹង​បទ​ពិសោធន៍​របស់​ឯក​ឧត្តម ប្រាក់ សុខុន ក្នុង​វិស័យ​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​បទ​ពិសោធន៍​របស់​ឯក​ឧត្តម​ សុខ ចិន្ដាសោភា ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ ការ​កែ​សម្រួល​និង​តែង​តាំង​បំពេញ​បន្ថែម​សមាសភាព​នៃ​រាជរដ្ឋាភិបាល ដូច​បាន​ស្នើ​សុំ​ខាង​លើ ពិត​ជា​នឹង​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល នៅ​ក្នុង​ការ​អនុវត្ត​នយោបាយ​ការបរទេស និង​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​ល​ឆាក​អន្តរជាតិ ប្រកប​ដោយ​ភាព​បត់​បែន និង​អាច​ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ ទៅ​ជា​កាលានុវត្តភាព សម្រាប់​លើក​កម្ពស់​ផល​ប្រយោជន៍​ជាតិ»៕