លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​កិច្ច​សន្ទនា​ប្រកប​ដោយ​បរិយាប័ន្ន​ និង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន នៅ​ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​មីយ៉ាន់ម៉ា Min Aung Hlaing នៅ​ប្រទេស​ចិន។


លោក ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Min Aung Hlaing ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា ក្នុង​ពេល​មេដឹកនាំ​ទាំង​ពីរ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) ​លើក​ទី៨ នៅ​ទីក្រុង​គុនមិញ ខេត្ត​យូណាន ប្រទេស​ចិន។

យោង​តាម​បណ្ដាញ​ព័ត៌មាន​សង្គម​របស់​លោក ហ៊ុន ម៉ាណែត លោក Min Aung Hlaing បាន​អរគុណ​កម្ពុជា​ដែល​បាន​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​ដល់​មីយ៉ាន់ម៉ា​ និង​ទស្សនទាន​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា។


មេដឹកនាំ​មីយ៉ាន់ម៉ា ក៏​បាន​រៀបរាប់​អំពី​ស្ថានការណ៍​នយោបាយ​ទូទៅ ​និង​ការ​ត្រៀម​រៀបចំ​ការបោះឆ្នោតសកល នា​ពេល​ខាង​មុខ​របស់​មីយ៉ាន់ម៉ា។

លោក ហ៊ុន ម៉ាណែត ក៏​សង្ឃឹម​ថា​ វិបត្តិ​នៅ​មីយ៉ាន់ម៉ា​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ។


លោក គិន ភាគ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា កម្ពុជា​តែង​តែ​បង្ហាញ​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​មីយ៉ាន់ម៉ា ដើម្បី​ឲ្យ​ប្រទេស​នេះ​វិល​ទៅ​រក​ប្រក្រតីភាព​ឡើង​វិញ​ដូច​មុន​រដ្ឋប្រហារ ខែ​កុម្ភៈ ឆ្នាំ​២០២១។

លោក​បន្ត​ថា ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត គឺជា​ឱកាស​ដែល​កម្ពុជា​អាច​ចែក​រំលែក​បទពិសោធន៍​ក្នុង​ការ​ដោះស្រាយ​វិបត្តិនយោបាយ និង​ជម្លោះ​នៅ​កម្ពុជា តាមរយៈ​នយោបាយ​បាយ​ឈ្នះ-ឈ្នះ​របស់​លោក ហ៊ុន សែន។

លោក​ថា គោលនយោបាយ​ឈ្នះ-ឈ្នះ អាច​អនុវត្ត​បាន​នៅ​មីយ៉ាន់ម៉ា ប្រសិន​បើ​ភាគី​ពាក់​ព័ន្ធ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នោះ។

លើស​ពី​នេះ​ទៀត​លោក​ថា ជំនួប​នេះ​ក៏​ជា​ឱកាស​ក្នុង​ជំរុញ​ឲ្យ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា អនុវត្ត​ទៅ​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ​ ៥ ចំណុច ដែល​ជា​មូលដ្ឋាន​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា។

លោក គិន ភា ថ្លែង​ថា៖ «ដំណោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា ត្រូវការ​ការ​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជា​ពិសេស​ពួក​យោធា​តែ​ម្ដង ព្រោះ​ពួកគេ​ជា​អ្នក​គ្រប់គ្រង​អំណាច។ ដូច្នេះ ខ្ញុំ​គិត​ថា គួរ​តែ​ជំរុញ​លើ​ការងារ​ការទូត​ឲ្យ​សកម្ម​ថែម​ទៀត ជាពិសេស​ពី​សំណាក់​បេសកជន​របស់​ប្រធាន​អាស៊ាន ដើម្បី​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ចូលរួម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​តាម​រយៈ​ការទូត និង​បរិយាប័ន្ន»៕