
លោក ហ៊ុន សែន ចាប់ដៃជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan (ឆ្វេង) និងប្រធានសភាតួកគី Numan Kurtulmus នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី១២ ខែធ្នូ ២០២៤។ SHS
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងជាថ្មីអំពីជំហររបស់កម្ពុជាដែលមិនគាំទ្រការដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយ រួមមានទាំងរុស្ស៊ីផងដែរ ដែលរងទណ្ឌកម្មអន្តរជាតិពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។
លោក ហ៊ុន សែន បានថ្លែងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានរដ្ឋសភាតួកគី លោក Numan Kurtulmus កាលពីថ្ងៃទី១២ ខែធ្នូ នៅទីក្រុងអង់ការ៉ា។
លោកលើកឡើងថា ការដាក់ទណ្ឌកម្មលើរុស្ស៊ី មិនមែនប៉ះពាល់តែរុស្ស៊ីប៉ុណ្ណោះទេ វាថែមទាំងប៉ះពាល់ដល់ប្រទេសផ្សេងៗទៀត ហើយឆ្លងតាមបទពិសោធរបស់កម្ពុជាដែលធ្លាប់បានរងការដាក់ទណ្ឌកម្ម កម្ពុជាមិនគាំទ្រទណ្ឌកម្មណាមួយនោះទេ។
លោក ហ៊ុន សែន៖ «មធ្យោបាយទណ្ឌកម្មមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទេ។ ផ្ទុយទៅវិញទណ្ឌកម្ម ឧទាហរណ៍ទណ្ឌកម្មលើរុស្ស៊ី មិនអាចសម្លាប់រុស្ស៊ីបានផង ប៉ុន្តែបែរជាមកធ្វើឲ្យរងគ្រោះដល់ប្រជាជន ដល់អ្នកទាំងឡាយ រាប់ទាំងកម្ពុជា ក៏ទទួលផលវិបាកអំពីទណ្ឌកម្មជាឯកតោភាគី»។
លោកបន្តថា៖ «សូមបញ្ឈប់ទៅនយោបាយទណ្ឌកម្មសម្រាប់ប្រទេសនេះ ឬប្រទេសនោះធ្វើជាមធ្យោបាយ ព្រោះគេមិនអាចលក់អធិបតេយ្យរបស់គេទៅដោះដូរជាមួយជំនួយឬការអនុគ្រោះណាមួយនោះទេ។ ទណ្ឌកម្មគឺជាការបង្កើតការឈឺចាប់បន្ថែមសម្រាប់ប្រជាជន»។
លោកបានលើកឡើងពីតួនាទីរបស់តួកគីក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលលោកថា អាចធ្វើបានដោយសារការចរចា មិនមែនដោយសារសង្គ្រាមណាមួយនោះទេ។
ពាក់ព័ន្ធនឹងទំនាក់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី លោក ហ៊ុន សែន បាន បានរំលឹកថា កាលពីឆ្នាំ២០១៨ កម្ពុជានិងតួកគីធ្លាប់បានដាក់គោលដៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១ពាន់លានដុល្លារ ប៉ុន្តែ បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មទ្វេភាគីមានតែជាង ២០០លានដុល្លារប៉ុណ្ណោះ។ លោកជំរុញឲ្យប្រទេសទាំងពីរ ពង្រីកទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត រវាងតួកគីនិងកម្ពុជា និងរវាងតួកគីជាមួយប្រទេសនៅតំបន់អាស៊ាន។
លោក Numan Kurtulmus បានបង្ហោះលើបណ្ដាញសង្គម X ថា តួកគីនឹងប្រឹងប្រែងបង្កើនទំនាក់ទំនងជាមួយប្រទេសនៅតំបន់អាស៊ី។ លោកថា ទស្សនកិច្ចរបស់លោក ហ៊ុន សែន មកកាន់តួកគី ដែលធ្វើឡើងចំខួបទី៦៥នៃទំនាក់ទំនងប្រទេសទាំងពីរនឹង «រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងកាន់តែល្អប្រសើរ បន្ថែមលើការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា ការបន្តលើកឡើងពីការមិនគាំទ្រទណ្ឌកម្មលើប្រទេសណាមួយរបស់លោក ហ៊ុន សែន គឺជាអភិក្រមរបស់លោកក្នុងការកសាងសន្តិភាព ហើយលោកលើកឡើងអំពីគំនិតបែបនេះក៏ព្រោះតែចង់ឲ្យពិភពលោកមានសន្តិភាព។
លើសពីនេះទៀត លោកលើកឡើងគំនិតបែបនេះទៅតួកី ពីព្រោះតួកគីជាប្រទេសមានអំណាចគ្រាន់បើដែរនៅក្នុងពិភពអឺរ៉ុប និងជាសមាជិកអង្គការណាតូ ដែលអាចមានឥទ្ធិពលការទូតខ្លះ ដែលអាចកាត់បន្ថយសម្ពាធ ឬទណ្ឌកម្មណាមួយលើរុស្ស៊ី។ ការនេះអាចជួយដល់ការស្វែងរកច្រកចេញសម្រាប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកបន្តថា៖ «កម្ពុជាយល់ពីស្ថានភាពដែលត្រូវបានដាក់ទណ្ឌកម្មតាមបទពិសោធន៍របស់ខ្លួនកាលពីទសវត្សរ៍១៩៨០ និង ១៩៩០ ដែលពេលនោះកម្ពុជាជាប្រទេសក្រីក្រ ហើយត្រូវរងទណ្ឌកម្មថែមទៀត។ ដូច្នេះហើយ បានជាសម្ដេច ហ៊ុន សែន ប្រើនយោបាយការទូតសភាដើម្បីស្វែងរកសន្តិភាពពិភពលោក»។
លោក ហ៊ុន សែន ក៏បានជួបជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdogan ផងដែរ នៅក្នុងថ្ងៃដដែល ប៉ុន្តែ មិនមានសេចក្ដីប្រកាសព័ត៌មានត្រូវបានបញ្ចេញនៅឡើយគិតត្រឹមម៉ោងចុះផ្សាយព័ត៌មាននេះ៕