ភ្នំពេញៈ​ សមា​ជិក ​សមា​ជិកា​រដ្ឋ​សភា ​ចំនួន​ ១២០ ​រូប នៃ​ចំនួន​សរុប​សមា​ជិក​រដ្ឋ​សភា​ទាំង​មូល​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែង​តាំង​បំពេញ​បន្ថែម​សមា​សភាព​រាជរ​ដ្ឋាភិ​បាល​ចំនួ​ន ៣​រូប​ ស្រប​តាម​ការ​ស្នើ​ឡើង​ពី​លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន ម៉ា​ណែ​ត ដើម្បី​បំពេញ​បន្ថែម ​និង​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រាជ​រដ្ឋាភិ​បាល​អាណត្តិ​ទី៧​។ 


​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋសភា​នៅ​ថ្ងៃទី​ ២១ ​ខែកុម្ភៈ​ បាន​ឱ្យដឹង​ថា ​អង្គ​សភា​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​ការ​តែង​តាំង​បន្ថែម​លើ​សមាស​ភាព​រាជ​រដ្ឋាភិ​បាល​ថ្មី​ចំនួន​៣​រូប ​រួម​មាន​ លោ​ក ហ៊ុន ម៉ា​នី ជា​ឧប​នាយក​រដ្ឋមន្ត្រី​, លោក​ ស្រី ថាម​រុង្គ​ ជា​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស និ​ង​លោក​ ប៉ែន ​វិបុល ​ជា​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​។ 

​សេចក្តី​ប្រកាស​បាន​បន្ត​ថា​៖ «​សម័យ​ប្រជុំ​រដ្ឋ​សភា​ជា​វិសា​មញ្ញ នីតិ​កាល​ទី​៧ បាន​ដំណើរ​ការ​បោះឆ្នោ​ត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដែល​មាន ​កូរ៉ុម​ចំនួន​ ១២០ ​រូប​ ដោយ​ទទួល​បាន​លទ្ធ​ផល​យល់​ព្រម ​១២០​ សំឡេង ​នៃ​ចំនួន​សមា​ជិក​រដ្ឋ​សភា ​ទាំង​មូល​»​។​


​សម័យ​ប្រជុំ​រដ្ឋ​សភា​ជា​វិសា​មញ្ញ​នីតិកាល​ទី​៧ បាន​ដំណើរ​ការ​បោះ​ឆ្នោត​ចប់​សព្វ​គ្រប់​តាម​របៀប​វារៈ ​ដោយ​មាន​ការ​ចូល​រួម ពី​លោក​ ហ៊ុន ម៉ា​ណែត ​នាយ​ករដ្ឋ​មន្ត្រី ​និង​លោក ​ហ៊ុន ​សែន​ ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រ​ផង​ដែរ​។​

​ក្រោយ​សមាជិក​សមា​ជិកា​រដ្ឋ​សភា​បាន​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​ការ​តែង​តាំង​បំពេញ​បន្ថែម​សមាស​ភាព​រាជរដ្ឋាភិ​បាល​ចំនួន​ ៣ ​រូប​នេះ​ហើយ ​ស្ថា​ប័ន​ជាតិ ​និង​បុគ្គល​ឯក​ជនបាន​ផ្ញើ​សារ​អប​អរសាទរ​​ដោយ​បាន​ចាត់​ទុក​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តម​នេះ​ ពិ​តជា​ស័ក្តិ​សម​ទៅនឹង​​គុណ​វុ​ឌ្ឍិ ​និង​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​ក្នុង​បេសកក​ម្ម​បម្រើ​ដល់​បុព្វហេតុ​ជាតិ ​និង​ប្រជា​ជន​ក្នុង​រយៈ​ពេល​កន្ល​ងមក​នេះ​។ 


​លោក​ ប៉ែន បូ​ណា អ្ន​កនាំពា​ក្យ​រាជរ​ដ្ឋាភិបា​ល​កម្ពុជាបាន​ឱ្យ​ដឹងនៅ​ថ្ងៃទី​២១ ​ខែកុម្ភៈ​ ថា ការស្នើ​​តែងតាំ​ង​សមាស​ភាព​រាជ​រដ្ឋាភិ​បាល​ចំនួន​ ៣រូប​នេះ គឺ​ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ​នៅ​ក្នុង​ជួរ​រាជ​រដ្ឋាភិ​បាល​ ហើយ​បុគ្គល​ទាំង​៣​រូបនេះ​ សុទ្ធ​សឹងតែ​ជា​អ្នក​មាន​បទ​ពិសោធន៍​ការ​ងារ​ជា​ច្រើន​ឆ្នាំ​ទៀត​ផង​។ 

​លោក​ថា ​ជាក់​ស្តែង​លោក​ ហ៊ុន ម៉ា​នី បាន​ធ្លាប់​ធ្វើ​ជា​ជំនួយកា​រ​ផ្ទាល់​របស់​លោក ហ៊ុន​ សែន​ អ​តី​នាយក​រដ្ឋមន្ត្រី ​មុន​នឹង​ហក់​ចូល​​នៅ​ក្នុង​ឆាក​នយោ​បាយ​ បន្ទាប់​មក​ជា​តំណាង​រាស្ត្រ​និង​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​។​ដូច្នេះ​ លោ​ក ហ៊ុន ម៉ា​នី​ មាន​បទ​ពិសោ​ធន៍​គ្រ​ប់គ្រាន់​ដើម្បី​ក្លាយ​ខ្លួន​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​។​

​លោក ​ប៉ែន បូ​ណា បាន​ថ្លែង​ថា​៖ «​រឿង​ការ​សម្រេច​តែង​តាំង​ផ្តល់​ឋានៈ​ឯក​ឧត្តម​ ហ៊ុន​ ម៉ា​នី ជា​ឧបនា​យក​រដ្ឋមន្ត្រី ​គឺជា​រឿង​ចាំ​បាច់ សម្រាប់​រាជ​រដ្ឋាភិ​បាល​ព្រោះ​ឯក​ឧត្តម​ ហ៊ុន ​ម៉ា​នី ជា​រដ្ឋមន្ត្រី​មុខ​ងារ​សាធា​រណៈ​ដែល​ត្រូវ​ដឹក​នាំ​កំណែ​ទម្រង់​ច្រើន​ណាស់​នៅ​ក្នុង​មុខ​ងារ​សា​ធារ​ណៈ​នេះ​។ អ៊ី​ចឹង​! ការផ្ត​ល់​តំណែង​ថ្មី​ជា​ឧបនា​យក​រដ្ឋមន្ត្រី​ទៅ​ដល់​រូប​លោក​ គឺ​ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ​ហ្នឹងឯ​ង ធ្វើ​ឱ្យ​កំណែ​ទម្រង់​ហ្នឹង​ វា​រឹត​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​»​។​

​បើតាម​លោក ​ប៉ែន បូ​ណា ការ​សម្រេច​បំពេញ​បន្ថែម​សមា​សភាព​រាជ​រដ្ឋា​ភិបា​ល​របស់​លោក​នាយករ​ដ្ឋមន្ត្រី ​ហ៊ុន​ ម៉ា​ណែត ​នេះ ដើម្បី​ធ្វើយ៉ាង​ណា កែ​សម្រួល​នៅ​ក្នុង​ជួរ​រាជរ​ដ្ឋាភិបា​ល​ប្រព្រឹត្ត​ទៅដោ​យ​រលូន ​និង​ការ​ងារ​កាន់តែ​​មាន​ប្រសិទ្ធភា​ព​ថែម​ទៀត ។​

​ចំណែ​ក​លោក ​ជ័យ តិច អ្នក​សិក្សា​ស្រាវជ្រា​វ​ការអ​ភិវឌ្ឍ​សង្គម ​បាន​លើក​ឡើង​ដែរ​ថា ​ការ​ដែល​រដ្ឋ​សភា​បោះ​ឆ្នោត​ ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​ការ​តែង​តាំង​បំពេញ​បន្ថែម​សមាសភា​ព​រាជ​រដ្ឋាភិ​បាល​ចំនួន ​៣​រូប ​នេះ មិន​មាន​អ្វី​ចម្លែក​នោះ​ទេ ​ព្រោះ​ជា​កិច្ចកា​រងារ​របស់​គណ​បក្ស​កាន់​អំណាច​ និង​ជា​កិច្ច​ការ​របស់​រាជរ​ដ្ឋាភិ​បាល​។​

​លោក ​ជ័យ ​តិច​ បាន​បន្ថែម​ថា កា​រផ្តល់​ឋានៈ​មន្ត្រី​ជាន់​ខ្ពស់​នៅក្នុង​ជួរ​រាជរ​ដ្ឋាភិ​បាល ​ពួកគា​ត់​ជាម​ន្ត្រី​នយោ​បាយ ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ទេ ​សម្រាប់​គណ​បក្ស​នយោបា​យ​ដែល​ឈ្នះ​ឆ្នោត​​ប៉ុន្តែ​អ្វីដែ​ល​សំខាន់ ​ដែល​លោក​ចង់​ឃើញ​នោះ គឺ​​នៅពេ​លដែល​មន្ត្រី​ទាំង​នេះ​ទទួល​បាន​នូវ​ឋានៈ ​និង​តួនា​ទី​ថ្មី​ខ្ពស់​ជាង​មុន​នេះ ​គួរតែ​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ឱ្យបា​ន​កាន់តែ​​ល្អ ​នៅ​ក្នុង​រាជ​រដ្ឋាភិបា​ល​ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​អភិ​វឌ្ឍ​ប្រទេស​កម្ពុជា​៕