កម្ពុជា​បង្ហាញ​ជំហរ​សាជាថ្មី​អំពី​គោល​នយោបាយ​ចិន​តែ​មួយ ដោយ​បញ្ជាក់​ថា ​នឹង​មិន​បង្កើត​ទំនាក់​ទំនង​ផ្លូវការ​ណា​មួយ​ជាមួយ​តៃវ៉ាន់​នោះ​ទេ។ កម្ពុជា​និង​ចិន​ក៏​បាន​បង្ហាញ​ជំហរ​រួម​គ្នា​ក្នុង​ប្រយុទ្ធ​ប្រឆាំង​និង​បង្ក្រាប​ល្បែង​អនឡាញ និង​ការ​ឆបោក​តាម​អ៊ីនធឺណិត។


ការ​បញ្ជាក់​ជំហរ​បែប​នេះ​​​ធ្វើ​ឡើង​ក្នុង​អំឡុង​ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​របស់​លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​ចិន​មក​កម្ពុជា​ដែល​បាន​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី២៣​ ខែមេសា​នេះ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​រដ្ឋាភិបាល​ទាំងពីរ​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ កម្ពុជា​បាន​បង្ហាញ​ជំហរ​ថា សាធារណរដ្ឋ​ប្រជាមានិត​ចិន​គឺជា​រដ្ឋាភិបាល​ស្រប​ច្បាប់​«តែមួយគត់» ដែល​តំណាង​ឲ្យ​ប្រទេស​ចិន​ទាំង​មូល។ កម្ពុជា​ចាត់​ទុក​តៃវ៉ាន់​​ជាផ្នែក​មួយ​នៃ​បូរណភាព​ទឹកដី​របស់​ចិន «ដែល​មិន​អាច​បំបែក​បាន»។

សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «កម្ពុជា​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​បញ្ហា​នានា​របស់​តៃវ៉ាន់​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ប្រឆាំង​គ្រប់​ទម្រង់​នៃ​ឯករាជ្យភាព​របស់​តៃវ៉ាន់ គាំទ្រ​យ៉ាង​មុតមាំ​លើ​រាល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ ដើម្បី​សម្រេច​បាន​នូវ​ការ​បង្រួប​បង្រួម​ជាតិ និង​មិន​បង្កើត​ទំនាក់​ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃវ៉ាន់​នោះ​ទេ»។

កម្ពុជា​និង​ចិន​ក៏​បាន​បង្ហាញ​ជំហរ​រួមដៃ​គ្នា​ក្នុង​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​ឆ្លងដែន រួម​មាន​ល្បែង​អនឡាញ ឆបោក​តាម​បច្ចេកវិទ្យា និង ​ជួញដូរ​គ្រឿង​ញៀន​ផងដែរ។


ក្រៅពី​នេះ ភាគី​ទាំងពីរ​ក៏​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តការ​ក្នុង​វិស័យ​ការពារជាតិ បន្ត​ធ្វើ​សមយុទ្ធ​និង​ហ្វឹកហ្វឺន​រួមគ្នា សហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ភស្តុភារកម្ម បណ្ដុះបណ្ដាល​បុគ្គលិក និងបោស​សម្អាត​មីន ជាដើម។ កម្ពុជា​នឹង​ចិន​ក៏​បាន​ឯកភាព​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​គ​ម្រោង​អភិវឌ្ឍ​នានា​ជាច្រើន​ផ្សេង​ទៀត។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល។​

ក្នុង​ពេល​ជួប​ជាមួយ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក វ៉ាង យី ថ្លែង​ថា ថ្នាក់​ដឹកនាំ​ចិន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​​ថ្នាក់​ដឹកនាំ​កម្ពុជា និង​យល់​ថា ការ​ផ្លាស់​ប្ដូរជំនាន់​ចាស់​មក​ជំនាក់​ថ្មី​នៃ​ថ្នាក់​ដឹកនាំ​កម្ពុជា​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ។ លោក​ក៏បញ្ជាក់​ផងដែរ​ថា ចិន​នឹង​នៅ​តែ​ជា​ដៃគូ​ដ៏គួរឲ្យ​ទុក​ចិត្ត​របស់កម្ពុជា។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្ដាញ​សង្គម​របស់​លោក ហ៊ុន សែន។

បណ្ដាញ​សង្គម​របស់​លោក​ ហ៊ុន សែន បាន​បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​ចិន​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ជួយ​ការពារ​សន្តិសុខ​ដល់​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក និងយក​ចិត្ត​ទុកដាក់​រវាង​បក្ស​ទាំងពីរ​ដើម្បី​ចែករំលែក​ព័ត៌មាន​ ប្រឆាំង​ការ​ធ្វើ​បដិវត្តន៍​ពណ៌ និង​ពន្លឿន​ការ​អនុវត្ត​អ្វី​ដែល​បាន​ព្រម​ព្រៀង​ជាមួយ​គ្នា​​កន្លង​មក។

ពាក់​ព័ន្ធ​នឹង​គោលនយោបាយ​ចិន​តែ​មួយ លោក អំ សំអាត នាយក​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ ថ្លែង​ថា វា​ជា​រឿង​សាមញ្ញ​ដែល​កម្ពុជា​បង្ហាញ​ការគាំទ្រ​ចំពោះ​គោលនយោបាយ​នេះ ដោយសារ​តែចិន​គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​ធំរបស់​កម្ពុជា។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយឯករាជ្យ​​ យល់ឃើញ​ថា កម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ការប៉ុនប៉ង​ជ្រៀតជ្រែក​ទៅ​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ហើយ​គោលការណ៍​ចិន​តែ​មួយ​ត្រូវ​បាន​ប្រកាន់​យក​ដោយ​ប្រទេស​ជាច្រើន រួមមាន​ទាំង​សហរដ្ឋ​អាមេរិក​ផងដែរ។

ពាក់​ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា និង​សមយុទ្ធ​រួម លោកជឿជាក់​ថា កម្ពុជា​នឹង​ចិន​នឹង​មិន​អាច​មាន​កិច្ច​ព្រម​ព្រៀង​យោធា​ណា​មួយ​ទេ ព្រោះ​វា​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​មាត្រា ៥៣ និង​ខ្លឹមសារ​នៃកិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មាត្រា១ ពាក់​ព័ន្ធ​ទៅនឹង​អធិបតេយ្យភាព ឯករាជ្យភាព បូរណភាព​ទឹកដី អព្យាក្រឹត្យភាព និង​សាមគ្គីជាតិ។

លោក យ៉ង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើង​ថា ជំហរ​ចិន​តែ​មួយ​របស់​កម្ពុជា​គឺ​ផ្អែក​ទៅលើ​គោលការណ៍​មួយ​ដែល​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​១៩៥៥ រវាង​សម្ដេច​ព្រះនរោត្តម​ សីហនុ និងថ្នាក់​ដឹកនាំចិន ដែល​ពេល​នោះ​គឺ​លោក ជូ អេនឡាយ។

លោក​ថា គោលការណ៍​នោះ​ឈ្មោះ​ថា គោលការណ៍​បញ្ចសិលា ដែល​ផ្ដោត​ទៅលើ​ការ​គោរព​បូរណភាព​ដែនដីទៅវិញ​ទៅមក ការមិនចូល​ឈ្លានពាន​គ្នា ការមិន​ជ្រៀតជ្រែកកិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ សិទ្ធិ​ស្មើគ្នា​នៃ​បណ្ដា​ប្រទេស​នានា​ ការ​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​និង​ការ​រួម​រស់​ប្រកបដោយ​សន្តិសហវិជ្ជមាន។

លោក​ថ្លែង​ដូច្នេះ​ថា៖ «នៅ​ពេល​យើង​ទទួល​ស្គាល់​គោលការណ៍​ចិន​តែមួយ យើង​ត្រូវ​ទទួល​ស្គាល់​ថា​ចិន​មាន​តែ​មួយ​ទេ រីឯតៃវ៉ាន់​គឺជា​ដែនដីមួយ​របស់​ចិន​ប៉ុណ្ណោះ។ ដូច្នេះ​​ប្រាកដ​ហើយ​ថា កម្ពុជា​មិន​អាច​មាន​ទំនាក់​ទំនង​ផ្លូវការ​ណាមួយ​ជាមួយ​តៃវ៉ាន់​នោះ​ទេ»។

លោក​ យ៉ង់ ពៅ​ អះអាង​ថា កម្ពុជា​ត្រូវ​តែ​បញ្ជាក់​អំពី​ជំហរ​នេះ​ម្ដងហើយ​ម្ដង​ទៀត​ដើម្បី​បញ្ចៀស​ការ​បំភាន់​ ឬ​ការ​កេង​ចំណេញផ្នែក​​នយោបាយ​ពី​សំណាក់​ប្រទេស​មួយ​ចំនួន។​

លោកថា បញ្ហា​តៃវ៉ាន់​គឺប្រៀបដូចជា​ជញ្ជីង​ដែល​វាស់​ស្ទង់​អំពី​ការ​ប្រកួត​ប្រជែង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​រវាង​លោក​ខាងលិច និង​ចិន។

លោក​និយាយ​ថា៖ «ប្រសិន​បើ​កម្ពុជា​មិន​បាន​យល់​អំពី​ការ​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នេះ​ទេ ហើយ​មិន​បាន​ផ្អែក​ទៅ​លើ​គោលការណ៍​ចិន​តែ​មួយ​នេះ​ទេ កម្ពុជា​នឹង​រងគ្រោះ​ពី​ជញ្ជីង​នៃ​ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នេះ ហើយ​នឹង​រងគ្រោះ​ជាយថាហេតុ។

ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​ល្បែង​អនឡាញ និង​ការឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក សំអាត ថ្លែង​ថា ប្រទេស​កម្ពុជា​និង​ចិន​គួរ​តែ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​បញ្ហា​នេះ។

លោក​ថ្លែង​ថា៖ «ហ្គេមអនឡាញ​កើត​មាន​ច្រើន​នៅកម្ពុជា ជាពិសេស​ពាក់​ព័ន្ធ​ជាមួយ​ជន​ជាតិ​ចិន។ ថ្មីៗនេះ​ឃើញ​មាន​ការ​ឃាត់​ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន ហើយ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​ចិន​វិញ។​ អីចឹង ខ្ញុំ​យល់​ថា កិច្ច​សហប្រតិបត្តិការ​នេះ​ល្អ ប៉ុន្តែ​ក៏​ត្រូវ​បង្កើន​ឆន្ទៈ​នៅ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​លើ​ការ​ឆបោក​និង​ហ្គេមអនឡាញ​ដែល​ខុស​ច្បាប់​នៅ​កម្ពុជា។ ទោះបីពួកគេ​មាន​ខ្នង​បង្អែកធំ​ប៉ុនណា​នៅ​ពីក្រោយ​ក៏ដោយ​ក៏​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់​របស់​យើង»។

លោក​ សំអាត ថា ប្រសិន​បើ​ករណី​បែប​នេះ​នៅ​តែ​បន្ត វា​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​វិនិយោគ​ពីបរទេស​ ទេសចរណ៍ និង​សន្តិសុខ​នៅ​ក្នុង​សង្គមជាតិ។

លោក យ៉ង ពៅ ក៏​យល់​ឃើញ​ដូច្នេះដែរ ដោយ​លោក​លើក​ឡើង​ថា ប្រទេស​ទាំងពីរ​ត្រូវ​តែ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​នេះ​ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ សន្តិសុខ ការ​វិនិយោគ​ពី​បរទេស ក៏​ដូចជា​មុខមាត់​របស់​កម្ពុជា៕